ចិនដា​ក់​ទណ្ឌកម្មមន្ត្រីអា​មេរិក

ទីក្រុងប៉េកាំងបានប្រកាសថាខ្លួននឹងដាក់កំហិតទិដ្ឋាការលើមន្ត្រីអាមេរិកដែល”បង្កើត”អំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសចិន។អ្នកនាំពាក្យក្រសួងការបរទេសចិនលោកWang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា”ទណ្ឌកម្មនឹងត្រូវដាក់លើអ្នកដែលប្រឌិតរឿងភូតកុហក់អំពីបញ្ហាសិទ្ធិមនុស្សទាក់ទងនឹងប្រទេសចិនជំរុញនិងដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសចិន ដែលប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍របស់ប្រទេសចិន”។នៅថ្ងៃទី៣១ខែមីនា។លោក Wang បាននិយាយថាមន្ត្រីអាមេរិកដែលត្រូវបានដាក់ទណ្ឌកម្មដែលមិនត្រូវបានគេកំណត់អត្តសញ្ញាណ នឹងត្រូវទទួលរងការរឹតបន្តឹងទិដ្ឋាការក្នុងការចូលប្រទេសចិនដើម្បីឆ្លើយតបទៅនឹងសកម្មភាពពីមុនរបស់ទីក្រុងវ៉ាស៊ីនតោន។លោកWangWenbinបានសង្កត់ធ្ងន់ថា“សហរដ្ឋអាមេរិកប្រើលេសនៃអ្វីដែលខ្លួនហៅថាបញ្ហាសិទ្ធិមនុស្សដើម្បីប្រឌិតរឿងកុហក់បោកប្រាស់ហើយប្រើវាជាលេសដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនធ្វើឲ្យខូចមុខមាត់ចិននិងគាបសង្កត់មន្ត្រីរដ្ឋាភិបាលចិន”។ការដាក់ទណ្ឌកម្ម tit-for-tat របស់ទីក្រុងប៉េកាំងបានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីការរឹតបន្តឹងទិដ្ឋាការលើមន្ត្រីចិនដែលត្រូវបានចោទប្រកាន់ពីបទ”គាបសង្កត់សាសនានិងជនជាតិភាគតិចនៅស៊ីនជាំង”។អាមេរិក​ក៏​មិន​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​មន្ត្រី​ចិន​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម​ដែរ។ទំនាក់ទំនងអាមេរិក-ចិន ដែលមានភាពតានតឹងលើបញ្ហាពាណិជ្ជកម្មសិទ្ធិមនុស្សបញ្ហាហុងកុង និងកោះតៃវ៉ាន់ នាពេលថ្មីៗនេះ បានបន្តកាន់តែធ្ងន់ធ្ងរនៅពេលដែលទីក្រុងប៉េកាំងមិនបានរិះគន់ឬចូលរួមក្នុងការដាក់ទណ្ឌកម្មសម្រាប់យុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនតាមការជំរុញរបស់ទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តរបស់ខ្លួន៕យោងតាមAFP

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកWang Wenbin។រូបភាពAFP