ឯកឧ​ត្តមវេ​ងសាខុនបានដឹកនាំក្រុមការងារជំនាញការពារសេ​ចក្តីព្រា​ងច្បាប់ស្តីពី”ការការពា​ររុក្ខ​ជាតិ​និងភូតគាម​អនា​ម័យ”នៅចំពោះ​មុខអ​ង្គសភា

នៅវិមានរដ្ឋសភានៅវេលាម៉ោង ៩:០០ ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញក្នុងនាមរាជរដ្ឋាភិបាលអញ្ជើញមកការពារសេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” នៅចំពោះមុខអង្គសភា ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាញញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្នើសុំពិនិត្យ និងអនុម័តដ៏ខ្ពង់ខ្ពស់។ មុនថ្លែងទៅកាន់អង្គសភា នៅចំពោះមុខសម្តេចប្រធាន និងសមាជិក សមាជិកា ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាតំណាងរាជរដ្ឋាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាញញាចក្រីដែលបានអនុញ្ញាតឱ្យដាក់សេចក្តីព្រាងច្បាប់នេះនៅក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៧ នីតិកាលទី៦ ដើម្បីស្នើសុំពិនិត្យ និងអនុម័តដ៏ខ្ពង់ខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គសភាថាសេចក្តីព្រាង ច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការកសាងឯកសារបទដ្ឋានគតិយុត្តសម្រាប់ធ្វើការអភិវឌ្ឍវិស័យកសិកម្ម ដូចមានចែងយ៉ាងច្បាស់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដើម្បីបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤និងបច្ចេកវិទ្យាឌីជីថល។ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនសម្តេចប្រធាននិងអង្គសភាអំពីប្រវត្តិនៃដំណើរការរៀបចំសេចក្តីព្រាងច្បាប់នេះយ៉ាងលម្អិតជាបន្តបន្ទាប់ ដោយបានបញ្ជាក់យ៉ាងច្បាស់អំពីដំណើរការនៃការកសាងច្បាប់ស្របទៅតាមនិន្នាការនៃការវិវធ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិទាំងសេដ្ឋកិច្ច និងសង្គម ឆ្លើយតបតាមអនុសញ្ញាអន្ដរជាតិស្តីពី “ការការពាររុក្ខជាតិ” នៅថ្ងៃទី១០ខែមិថុនាឆ្នាំ១៩៥២និងកាតព្វកិច្ចក្នុងនាមជាប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេសលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃទីផ្សារនាំចេញ និងនាំចូលកសិផល និងរុក្ខជាតិមកក្នុងព្រះរាជាណាចក្រកម្ពុជា។ដោយយល់ច្បាស់ពីសេចក្តីត្រូវការចាំបាច់អំពីឯកសារគតិយុត្តរបស់កម្ពុជារាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការ ចាំបាច់ និងជាបន្ទាន់ត្រូវបង្កើតច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” នេះឡើង។ ដោយទទួលបានការសហការ និងគាំទ្រពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ គណ:រដ្ឋមន្រ្តី គណ:កម្មាធិការទី៣ និងគណ:កម្មាការផ្សេងៗទៀតនៃរដ្ឋសភាព បានពិនិត្យ ពិភាក្សា និងវាយតម្លៃលើទម្រង់ ខ្លឹមសារគតិយុត្ត និងបានអនុម័តជាឯកច្ឆន្ទអនុញ្ញាតឲ្យដាក់សេចក្តីព្រាងច្បាប់នេះចូលក្នុងរបៀប វារៈនៃសម័យប្រជុំពេញអង្គរដ្ឋសភានាពេលនេះ។សេចក្តីព្រាងច្បាប់ត្រូវអង្គសភាធ្វើការពិនិត្យពិភាក្សានិងលើកជាសំណួរក្នុងន័យស្ថាបនាដែលផ្តល់ធាតុចូលសម្រាប់ជាមូលដ្ឋានគ្រឹះ និងគាំទ្រលើខ្លឹមសារបច្ចេកទេស និងមូលដ្ឋានគតិយុត្ត នៃច្បាប់នេះបន្ថែម។ ចុងបញ្ចប់នៃកិច្ចប្រជុំពេញអង្គឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាញញាចក្រី ហេង សំរិន ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ដែលបានចំណាយពេលដ៏មានតម្លៃ ធ្វើការពិនិត្យ និងពិភាក្សា ហើយបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” តាមសំណើរបស់រាជរដ្ឋាភិបាល៕សហការី