
ប្រជាពលរដ្ឋអំពាវនាវឲ្យអាជ្ញាធរខេត្តស្ទឹងត្រែងចាត់វិធានការបង្រ្កាបល្បែងស៊ីសង
ស្ទឹងត្រែង៖ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរចម្ការកៅស៊ូអំពាវនាវឲ្យអាជ្ញាធរខេត្តស្ទឹងត្រែងចាត់វិធានការបង្រ្កាបល្បែងស៊ីសងនៅក្បែរចម្ការកៅស៊ូចំណុចអូរពងមាន់ភូមិរាជានុកូលបើកលេងយ៉ាងគគ្រឹកគគ្រេងគ្មានសមត្ថកិច្ចបង្រ្កាប។ក្នុងមួយថ្ងៃៗមានអ្នកចូលរួមលេងល្បែងភ្លូកទឹកភ្លូកដីដោយសារមេល្បែងមានខ្នងបង្អែកដ៏រឹងមាំចាំជួយការពារ។ ចាប់តាំងពីមានល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាលគឺនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច។សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិរាជានុកូល បានឲ្យដឹងថា នៅក្នុងចំការកៅស៊ូមួយកន្លែងនៅចំណុចអូរពងមាន់ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង មានបើកសង្វៀនបញ្ជល់មាន់ដ៏ធំ ហើយមានអ្នកចូលលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ។ប្រជាពលរដ្ឋបានលើកឡើងថានាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងត្រែងក៏ដូចជាអធិការនគរបាលក្រុងស្ទឹងត្រែង និងអភិបាលក្រុងស្ទឹងត្រែង មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ចំណុចនោះទេ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងសង្កាត់ស្ទឹងត្រែង ជាបន្ទាន់។ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់ នៃបទល្មើសចោរកម្មលួចឆក់ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារ ជាដើមជាហេតុនាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភភ័យខ្លាចនិងភាពអសន្តិសុខ នៅក្នុងសង្គម។កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ ទើបនិងបំប្លែងខ្លួនថ្មីឈ្មោះថា(អូមីក្រុង)។ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះឡើយ។សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវាទទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពជួនប្រជាពលរដ្ឋឲ្យស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពទាំង៧ចំណុចរបស់រដ្ឋាភិបាលដែលដាច់ចេញដោយក្រសួងមហាផ្ទៃ៕ជាគន្ធា
លោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។រូបភាពរដ្ឋបាលខេត្តស្ទឹងត្រែង
សកម្មភាពដឹកមាន់ទៅជល់។រូបភាពសហការី