ប្រធានាធិបតីអ៊ុ​យក្រែន៖កា​រចរចាជាមួយ​​រុស្ស៊ីគ្រា​ន់តែជា​ពាក្យសម្ដីប៉ុ​ណ្ណោះ

ប្រធានាធិបតីអ៊ុយក្រែនលោកZelenskyបាននិយាយថាការចរចាជាមួយរុស្ស៊ីនៅតែដំណើរការ។ប៉ុន្តែគ្រាន់តែនិយាយប៉ុណ្ណោះដោយគ្មានលទ្ធផលជាក់ស្តែង។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមកាលពីល្ងាចថ្ងៃទី៣០ខែមីនាថា “វាជាការពិតដែលយើងកំពុងស្ថិតក្នុងដំណើរការចរចា។ប៉ុន្តែគ្មានអ្វីរឹងមាំនៅឡើយទេ” ។លោក Zelensky បាននិយាយថាព័ត៌មានដែលកងកម្លាំងរុស្ស៊ីដកខ្លួនចេញពីតំបន់ក្បែររដ្ឋធានី KievនិងChernihiv មិនមែនជាការដកថយសកម្មនោះទេ។ប៉ុន្តែផ្ទុយទៅវិញវាត្រូវបានវាយបកដោយកងកម្លាំងអ៊ុយក្រែន។ រុស្ស៊ីធ្លាប់បានប្រកាសថាខ្លួនកំពុងធ្វើសកម្មភាព”ប្រមូលផ្តុំ”កងកម្លាំងរបស់ខ្លួនឡើងវិញនៅជិតទីក្រុងKievនិង Chernihiv ដើម្បីផ្តោតលើតំបន់សំខាន់ៗផ្សេងទៀតនិងបញ្ចប់ “ការរំដោះ” នៃតំបន់ Donbass នៅភាគខាងកើតអ៊ុយក្រែន។ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថាកងទ័ពរុស្ស៊ីត្រូវបានប្រមូលផ្តុំនៅលើ Donbass ដើម្បីរៀបចំសម្រាប់ការវាយប្រហារថ្មី ហើយថាអ៊ុយក្រែន “ត្រៀមខ្លួនសម្រាប់រឿងនេះ” ។ Zelenskyបានសង្កត់ធ្ងន់ថា”យើងនឹងមិនចុះចាញ់នឹងអ្វីទាំងអស់ហើយនឹងប្រយុទ្ធដើម្បីគ្រប់អ៊ីញនៃទឹកដី”។លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាជន​អ៊ុយក្រែន​កុំ​ឲ្យ​រិះគន់​កងកម្លាំង​ប្រដាប់អាវុធ​របស់​ប្រទេស។ ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា”ប្រសិនបើនរណាម្នាក់គិតថាពួកគេអាចបង្រៀនយោធាពីរបៀបប្រយុទ្ធនិងការពារវាជាការល្អបំផុតដែលពួកគេចេញទៅសមរភូមិដើម្បីបង្ហាញវាជាជាងអង្គុយនៅផ្ទះ ឬពីកន្លែងដែលមានសុវត្ថិភាព”។លោក Zelensky បានបន្ថែមថា លោកបានសន្ទនាតាមទូរស័ព្ទរយៈពេលមួយម៉ោងជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងបានថ្លែងអំណរគុណដល់សេតវិមានសម្រាប់ជំនួយបន្ថែមចំនួន៥០០លានដុល្លារដល់អ៊ុយក្រែន។រុស្ស៊ី​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្តី​ថ្លែងការណ៍​របស់​លោកZelenskyទេ។បន្ទាប់ពីកិច្ចចរចាថ្ងៃទី២៩ខែមីនានៅប្រទេសតួកគី រុស្ស៊ីបានប្រកាស”កាត់បន្ថយយ៉ាងខ្លាំង” នៃសកម្មភាពយោធានៅជិត Kiev និង Chernihiv ដោយសារតែភាគីទាំង២មានការពិភាក្សា”ប្រកបដោយអត្ថន័យ” ។ភាគីរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានប្រកាសថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញលក្ខខណ្ឌដែលទីក្រុងម៉ូស្គូបានទទូចអស់រយៈពេលជាច្រើនឆ្នាំរួមទាំងការបោះបង់មហិច្ឆិតាចូលរួមជាមួយណាតូរក្សាអព្យាក្រិតភាពមិនកាន់កាប់អាវុធនុយក្លេអ៊ែរនិងប្រភេទអាវុធប្រល័យលោកដទៃទៀត ការសន្យា មិនទទួលយកកងទ័ពបរទេស ឬមូលដ្ឋានយោធានៅលើទឹកដីរបស់ខ្លួន។ទោះជាយ៉ាងណាក៏ដោយភាគីអ៊ុយក្រែនបានស្នើឱ្យ”ញែកជាបណ្តោះអាសន្ន” បញ្ហានៅCrimea និងទឹកដីបំបែកខ្លួននៅ Donbass ក្នុងការចរចា។ ទន្ទឹមនឹងនេះ រុស្ស៊ីបានអះអាងថាខ្លួននៅតែរក្សាការទាមទារឱ្យអ៊ុយក្រែនទទួលស្គាល់Crimea ជាផ្នែកមួយនៃប្រទេសរុស្ស៊ី និងទទួលស្គាល់ឯករាជ្យនៃទឹកដីបំបែក២នៅភាគខាងកើតអ៊ុយក្រែន៕យោងតាមCNN

ប្រធានាធិបតីអ៊ុយក្រែនលោកZelensky។រូបភាពAP