ឯក​ឧត្តមវេ​ងសាខុនបានទទួលជួបពិភាក្សាការងារជាមួយនាយ​ក​ទីភ្នាក់ងា​រអ​ភិវឌ្ឍបា​រាំងប្រចាំ​តំបន់អា​ស៊ី​អាគ្នេយ៍

នៅរសៀលថ្ងៃពុធ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលជួបពិភាក្សាការងារជាមួយ លោក Yazid BENSAID នាយកទីភ្នាក់ងារអភិវឌ្ឍបារាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។គោលបំណងនៃកិច្ចជំនួបនេះដើម្បីពិនិត្យមើលពីវឌ្ឍនៈភាពនៃការងារអនុវត្តគម្រោងរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងទីភ្នាក់ងារអភិវឌ្ឍបារាំងនិងពិភាក្សាពីសក្តានុពលក្នុងការសហការអនុវត្តគម្រោងនាពេលអនាគតបន្ថែមទៀត ជាពិសេសទិសដៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធនឹងយុទ្ធសាស្រ្តឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ​​​​​​​​​​​​​​​​​​​​​​​​​​​ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង និងទីភ្នាក់ងារអភិវឌ្ឍបារាំងដែលបានជួយគាំទ្រដល់ការអភិវឌ្ឍន៍នៅក្នុងវិស័យនានានៅកម្ពុជា ជាពិសេសវិស័យកសិកម្ម។ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថាវិស័យកសិកម្មនៅកម្ពុជានៅតែបន្តរក្សាកំណើនបានល្អ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍជាច្រើន ក្នុងនោះទីភ្នាក់ងារអភិវឌ្ឍបារាំងជាដៃគូដ៏សំខាន់មួយ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងអនុវត្តគម្រោង និងកម្មវិធីចំនួនពីរ ក្រោមហិរញ្ញប្បទានឥណទានរបស់ទីភ្នាក់ងារអភិវឌ្ឍបារាំង សហការជាមួយដៃគូដទៃទៀតរួមមាន គម្រោងពង្រឹងសុវត្ថិភាព និងភាពប្រកួតប្រជែងក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និង កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរនៃក្សេត្របរិស្ថាននៅកម្ពុជាហើយគម្រោងនិងកម្មវិធីទាំង២បាននិងកំពុងតែដំណើរការបានល្អហើយស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនជីវភាពកសិករ តាមរយៈការបង្កើនផលិតភាព ពិពិធកម្មកសិកម្ម ពាណិជ្ជកម្មកសិកម្ម និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។​ ក្រៅពីនេះមន្រ្តីជំនាញរបស់ក្រសួង ក៏បាននឹងកំពុងសហការជាមួយជំនាញការដែលបានគាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍបារាំងក្នុងការរៀបចំ និងសិក្សានូវគម្រោងនិងកម្មវិធីថ្មី២ទៀតដូចជាកម្មវិធីអភិវឌ្ឍបច្ចេកវិទ្យាកសិកម្មពឹងផ្អែកលើទឹកភ្លៀងនៅកម្ពុជានិងគម្រោងនិរន្តភាពនេសាទសមុទ្រនិងតំបន់ឆ្នេរដែលគម្រោងនិងកម្មវិធីនេះត្រូវបានរំពឹងថានឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនតម្លៃបន្ថែមផលិតផលកសិកម្មបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុដោយអនុវត្តនូវកសិកម្មវ័យឆ្លាតនិងកសិកម្មអភិរក្សបង្កើនភាពប្រកួតប្រជែងក្នុងខ្សែច្រវាក់តម្លៃកសិកម្ម បង្កើនប្រាក់ចំណូលដល់កសិករ និងប្រជានេសាទនិងទាក់ទាញការវិនិយោគបន្ថែមលើការកែច្នៃ។លោក YazidBENSAIDបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថាទីភ្នាក់ងារអភិវឌ្ឍបារាំងបានពិនិត្យឃើញបញ្ហាប្រែប្រួលអាកាសធាតុជាបញ្ហាមួយដែលសកលលោកកំពុងយកចិត្តទុកដាក់ក្នុងនោះកម្ពុជាក៏ត្រូវបានពិនិត្យឃើញថាជាប្រទេសមួយដែលកំពុងរងសម្ពាធពីការប្រែប្រួលអាកាសធាតុ ជាពិសេស បញ្ហាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់។ កត្តាគ្រោះធម្មជាតិនេះបានបង្កហានិភ័យចំពោះវិស័យកសិកម្ម ដែលទាមទារអោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាបង្កើនការយកចិត្តទុកដាក់និងដាក់ចេញនូវវិធានការកាត់បន្ថយហានិភ័យនិងបង្កើនភាពស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ លោក Yazid បានបន្ថែមទីភ្នាក់ងារនឹងបន្តកិច្ចសហការអោយបានល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជាដើម្បីជំរុញកិច្ចការនេះបន្ថែមទៀត ដោយយកចិត្តទុកដាក់លើវិធានការជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ ផងដែរ។
ជាចុងក្រោយឯកឧត្តមរដ្ឋមន្រ្តីបានជូនពរដល់លោកYazidនិងសហការីទាំងអស់ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ច និងប្រកបដោយផ្លែផ្កាផងដែរ៕សហការី