
៣២ថៃ្ងនៃសង្រ្គាមនៅអ៊ុយក្រែន:Zelenskyជំរុញឱ្យណាតូបញ្ជូនយន្តហោះនិងរថក្រោះ
ប្រធានាធិបតីZelenskyកាលពីថ្ងៃទី២៦ខែមីនាបានអំពាវនាវឱ្យលោកខាងលិចផ្តល់យន្តហោះរថក្រោះនិងប្រព័ន្ធការពារមីស៊ីលដល់អ៊ុយក្រែនដើម្បីដោះស្រាយជាមួយរុស្ស៊ី។នៅក្នុងសុន្ទរកថាវីដេអូមួយ ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelensky បាននិយាយថា “សព្វាវុធធុនធ្ងន់ដែលអាចការពារសេរីភាពអឺរ៉ុបឥឡូវនេះត្រូវបានគ្របដណ្ដប់ដោយធូលីនៅក្នុងឃ្លាំង” ដោយបន្ថែមថាកងកម្លាំងអ៊ុយក្រែនមិនអាចបាញ់ទម្លាក់យន្តហោះរុស្ស៊ីដោយប្រើកាំភ្លើងយន្តបានទេ។លោកបាននិយាយថា”តើណាតូកំពុងធ្វើអ្វី?តើពួកគេកំពុងរង់ចាំអ្វី? វាមានរយៈពេល៣១ ថ្ងៃ។ យើងសុំត្រឹមតែ១% នៃយន្តហោះនិងរថក្រោះរបស់ណាតូប៉ុណ្ណោះគ្មានអ្វីទៀតទេ” ។កន្លងមកបណ្តាប្រទេសលោកខាងលិចបានផ្គត់ផ្គង់ដល់អ៊ុយក្រែននូវមីស៊ីលប្រឆាំងរថក្រោះ កាំជ្រួចការពារដែនអាកាសចល័តនិងអាវុធធុនតូចនិងឧបករណ៍ការពារ។ ប៉ុន្តែមិនបានបញ្ជូនរថពាសដែក ឬយន្តហោះទេ។កាលពីដើមខែនេះប្រទេសប៉ូឡូញបានស្នើឱ្យមានការផ្ទេរយន្តហោះចម្បាំង MiG-29 ទៅកាន់អ៊ុយក្រែនតាមរយៈសហរដ្ឋអាមេរិក។ទោះជាយ៉ាងណាក៏ដោយអាមេរិកបានច្រានចោលផែនការនេះដោយបារម្ភថាវាអាចបង្កើនភាពតានតឹងនាំឲ្យមានជម្លោះផ្ទាល់ជាមួយរុស្ស៊ី។មន្ទីរបញ្ចកោណបានពន្យល់ថាជំនួយប្រយុទ្ធនឹងមិនផ្លាស់ប្តូរដំណើរនៃសង្រ្គាមនោះទេហើយបាននិយាយថាអាវុធប្រឆាំងរថក្រោះ និងមីស៊ីលការពារដែនអាកាសចល័តគឺជាអាវុធជំនួយដ៏ស័ក្តិសមបំផុតសម្រាប់អ៊ុយក្រែន។ប្រធានសេវាចារកម្មការពារជាតិអ៊ុយក្រែនលោក Kyrylo Budanovបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃនេះថា រុស្ស៊ីអាចកំណត់ព្រំដែនរវាងតំបន់ដែលគ្រប់គ្រងដោយទីក្រុងម៉ូស្គូនិងក្រុងគៀវដើម្បី “បំបែកអ៊ុយក្រែនជា២តំបន់ដូចជាកូរ៉េខាងត្បូង”និងកូរ៉េខាងជើង។ លោកបានបន្ថែមថាយុទ្ធសាស្ត្រនេះអាចជាលទ្ធផលនៃការមិនអាចគ្រប់គ្រងក្រុងគៀវរបស់រុស្ស៊ី។តាមទ្រឹស្តីកូរ៉េទាំង២នៅតែស្ថិតក្នុងស្ថានភាពនៃសង្រ្គាម បន្ទាប់ពីជម្លោះឆ្នាំ១៩៥០-៥៣បានបញ្ចប់ដោយបទឈប់បាញ់ មិនមែនជាសន្ធិសញ្ញាសន្តិភាពទេ។ ខ្សែបន្ទាត់ព្រំដែនរវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើងគឺជាតំបន់មួយដែលមានទទឹង៤គីឡូម៉ែត្រនិងប្រវែង ២៤៨ គីឡូម៉ែត្រ ដែលគេស្គាល់ថាជាតំបន់គ្មានយោធា (DMZ)។រុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយលើការអត្ថាធិប្បាយរបស់ Budanov ទេ។ប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៧ខែមីនាបានប្រកាសពីការបំផ្លាញឃ្លាំងមីស៊ីល S-300 នៅជិតគៀវ ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា”កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយដែលមានភាពជាក់លាក់ខ្ពស់បានបំផ្លាញឃ្លាំងផ្ទុកមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយមធ្យម S-300 និង Buk នៅក្នុងភូមិ Plesetskoye ចម្ងាយប្រហែល៣០គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានីគៀវភាគខាងជើង” ។ អ្នកនាំពាក្យ Igor Konashenkov ។ឧត្តមសេនីយ៍ Konashenkov ក៏បាននិយាយផងដែរថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសចំនួនពីរជាមួយនឹងកាំជ្រួចCruise បាញ់តាមអាកាស ដោយសំដៅទៅលើទីក្រុង Lviv ភាគខាងលិចជិតព្រំដែនអ៊ុយក្រែន-ប៉ូឡូញ ដោយបានបំផ្លាញឃ្លាំងប្រេងឥន្ធនៈនិងកន្លែងដឹកជញ្ជូនយោធា។អ៊ុយក្រែនបាននិយាយថា ការវាយប្រហារតាមអាកាសចំនួន២លើ Lviv បានកើតឡើង២ម៉ោងដាច់ពីគ្នា ហើយមនុស្សយ៉ាងតិច៥នាក់បានរងរបួស។ទីប្រឹក្សាក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Vadym Denysenko បាននិយាយនៅថ្ងៃនេះថាក្រៅពីឃ្លាំងស្តុកឥន្ធនៈរុស្ស៊ីក៏បានចាប់ផ្តើមបំផ្លាញមជ្ឈមណ្ឌលផ្ទុកស្បៀងអាហាររបស់អ៊ុយក្រែនផងដែរដែលមានន័យថាទីក្រុងគៀវនឹងត្រូវបំបែកឃ្លាំងស្តុកទំនិញទាំងនេះក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។មេដឹកនាំនៃសាធារណរដ្ឋប្រជាមានិត Lugansk ដែលប្រកាសដោយខ្លួនឯង លោក Leonid Pasechnikបាននិយាយកាលពីថ្ងៃទី២៧ខែមីនាថាតំបន់នេះអាចធ្វើប្រជាមតិស្តីពីលទ្ធភាពនៃការចូលរួមជាមួយប្រទេសរុស្ស៊ី។ប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍នេះអ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក OlegNikolenkoបាននិយាយថា”ការធ្វើប្រជាមតិក្លែងក្លាយទាំងអស់នៅក្នុងទឹកដីដែលកាន់កាប់បណ្តោះអាសន្នគឺមិនត្រឹមត្រូវនិងមិនមានសុពលភាពស្របច្បាប់” ។រុស្ស៊ីមិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។តំបន់ដាច់ពីគ្នា២គឺ Donetsk និង Lugansk ដែលត្រូវបានគេស្គាល់ថាជាតំបន់ Donbass បានបំបែកចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលអ៊ុយក្រែននៅក្នុងឆ្នាំ២០១៤ហើយបានប្រកាសខ្លួនឯងថា “សាធារណរដ្ឋប្រជាមានិត”ឯករាជ្យ។ប្រធានាធិបតីរុស្ស៊ីលោកVladimirPutinបានចុះហត្ថលេខាលើក្រឹត្យមួយ ទទួលស្គាល់ឯករាជ្យនៃតំបន់ទាំង២នេះ កាលពីថ្ងៃទី ២១ ខែកុម្ភៈ។អ៊ុយក្រែនបានប្រកាសថា ខ្លួនបានវាយប្រហារតបតវិញនិងដណ្តើមបានភូមិជាច្រើនដែលគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី រួមទាំងភាគខាងកើតទីក្រុង Kharkov និងភាគពាយ័ព្យនៃទីក្រុង Mariupol ។យោធាអ៊ុយក្រែនក៏បាននិយាយផងដែរថាបន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាង៣០ថ្ងៃនៅជិតទីក្រុងគៀវអង្គភាពរុស្ស៊ីមួយចំនួនកំពុងដកថយតាមរយៈតំបន់Chernobylដើម្បីត្រឡប់ទៅប្រទេសបេឡារុសវិញដើម្បីប្រមូលផ្តុំឡើងវិញ។បេឡារុស្សដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ីបម្រើជាមូលដ្ឋានសម្រាប់កងទ័ពរុស្ស៊ីកាំជ្រួចនិងយន្តហោះក្នុងអំឡុងពេលយុទ្ធនាការយោធានៅអ៊ុយក្រែន។រុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។គណៈប្រតិភូរុស្ស៊ីនិងអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅប្រទេសតួកគីចាប់ពីសប្តាហ៍ក្រោយដើម្បីបន្តស្វែងរកមធ្យោបាយដោះស្រាយជម្លោះ។ប៉ុន្តែទីតាំងពិតប្រាកដនៅមិនទាន់ដឹងនៅឡើយ។ភាគីទាំង២បានបើកការចរចាទល់មុខគ្នាចំនួន៣លើកនៅក្នុងប្រទេសបេឡារុស្ស ហើយបន្ទាប់មកបានធ្វើការពិភាក្សាតាមអ៊ីនធឺណិត។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយកាលពីថ្ងៃទី២៥ខែមីនាថាការសន្ទនាជាមួយទីក្រុងម៉ូស្គូ”ពោរពេញដោយភាពលំបាក” ដោយសារការខ្វែងគំនិតគ្នាលើបញ្ហាសំខាន់ៗ។ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថាប្រជាជនអ៊ុយក្រែនជាង៣.៨លាននាក់បានចាកចេញពីប្រទេសនេះ កើនឡើងជាង៤៨,០០០ពីថ្ងៃមុន៕យោងតាម AFP, Reuters