
សម្តេចហ៊ុនសែន៖ពិភពលោកកំពុងស្រែករកសន្តិភាពខណៈសង្គ្រាមរុស្ស៊ី- អ៊ុយក្រែនបាននិងកំពុងតែបន្តកើនឡើងកម្តៅ
សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបាននិងកំពុងបន្តឡើងកម្តៅតែពិភពលោកកំពុងស្រែករកសន្តិភាព។ការលើកឡើងរបស់សម្ដេចហ៊ុនសែនក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ មានប្រវែងសរុប៣៧,៩៥គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤)ដែលកសាងឡើងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលមានតម្លៃជាង៤០,៨៨លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។សម្ដេចបានបញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែនជាមួយរុស្ស៊ីបាននិងកំពុងកើនឡើងហើយប្រជាជនអ៊ុយក្រែនឬប្រជាជនរុស្ស៊ីឬប្រជាជននៅអឺរ៉ុបបាននិងកំពុងភ័យខ្លាចសង្គ្រាមនេះដែលធ្វើឱ្យប្រជាជនរាប់លាននាក់បានភៀសខ្លួន។សម្តេចបន្តថា សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននេះបានធ្វើឱ្យបណ្តាប្រទេសនៅអឺរ៉ុបកំពុងតែភ័យខ្លាចនិងព្រួយបារម្ភអំពីសង្គ្រាមដែលអាចរីករាលដាលហើយប្រធានាធិបតីអ៊ុយក្រែន ក៏បានប្រកាសថាអ៊ុយក្រែនចង់បាននៅពេលនេះគឺសន្តិភាពជាការចាំបាច់ពីព្រោះសន្ដិភាពគឺជាទិភាពខ្ពស់បំផុតរបស់អ៊ុយក្រែននៅពេលនេះ។សម្រាប់សម្តេចថា“ប៉ុន្ដែភាសានេះ ហ៊ុន សែន បាននិយាយជាប់រហូតមកគឺសន្ដិភាពជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជា។ទស្សនៈរបស់ខ្ញុំមិនមែនជាទស្សនៈដាក់ដោយឡែកនោះទេ”។សម្ដេចបានថ្លែងបញ្ជាក់ថាពេលនេះគឺបានឃើញហើយថាមនុស្សគ្រប់គ្នាត្រូវការសន្ដិភាពជាមុនបើគ្មានសន្ដិភាពកុំនិយាយដល់ការអនុវត្ដលទ្ធិប្រជាធិបតេយ្យ ឬការគោរព សិទ្ធិមនុស្ស។ សម្ដេចបានអះអាងបន្ថែមថា“វាគ្មានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យអ្វីកើតទេប្រសិននៅក្រោមដំបូលគ្រាប់បែកនិងគ្រាប់ផ្លោងនោះ។ដូច្នេះបានជាបើទោះតម្លៃណាក៏ដោយកម្ពុជាត្រូវតែខិតខំការពារនូវសន្ដិភាពដែលយើងរកបានដោយលំបាក”។ សម្តេចក៏បានសង្កត់ធ្ងន់ថាសម្ដេចកំពុងតែរង់ចាំមើលថាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននេះនិងការប្រឈមមុខដាក់គ្នារវាងអង្គការណាតូនិងរុស្ស៊ីផងដែរថាដល់ពេលណាទើបវាបញ្ជប់។ចំពោះសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននេះដែរកម្ពុជាក៏សូមបន់ស្រន់ឱ្យការបញ្ជប់សង្គ្រាមឱ្យបានឆាប់ចប់។ប៉ុន្ដែសង្គ្រាមនេះមិនអាចឆាប់ចប់បាននោះទេ បើយោងទៅលើទំនោរបែបនេះ ជាពិសេស បើទោះបីជាសេចក្ដីសម្រេចរបស់មហាសន្និបាតនៃអង្គការសហប្រជាជាតិ ម្ដងហើយម្ដងទៀត ហើយយប់មិញក៏មានការបោះឆ្នោតសារជាថ្មីម្ដងទៀត។ សម្ដេចបានឱ្យដឹងទៀតថា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនេះ បញ្ហាគឺវាមិនមែន១ថ្ងៃឬ២ថ្ងៃនោះទេ ហើយផលវិបាកនៃសង្គ្រាមដែលបានកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវដោះស្រាយក្នុងរយៈពេលយូរពីព្រោះកម្រិតនៃការបំផ្លិចបំផ្លាញមានទំហំធំ ហើយត្រូវការបំផ្លាញចោលនូវគ្រាប់បែកគ្រាប់មីនមិនទាន់ផ្ទុះច្រើន។សម្ដេចហ៊ុនសែនបានលើកជាឧទាហរណ៍ថា ជាក់ស្ដែង ដូចជាកម្ពុជា រហូតមកដល់ពេលនេះហើយ នៅមិនទាន់បំផ្លាញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះអស់នៅឡើយទេ ដែលចំណុចទាំងនេះ គឺត្រូវការពេលវេលាមួយយូរក្នុងការដោះស្រាយ។
សម្តេចអះអាងបន្ថែមថា “អ្នកដែលបង្កសង្គ្រាម សង្គ្រាមគឺងាយនឹងផ្ទុះ។ ប៉ុន្តែការពន្លត់សង្គ្រាមគឺវាពិបាក មិនមែនងាយស្រួលនោះទេ។ខ្ញុំត្រូវប្រើប្រាស់ជីវិតរបស់ខ្ញុំជាងពាក់កណ្តាលជីវិតដើម្បីបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា”។កាលពីថ្ងៃទី២៤ខែមីនាអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយដែលទាមទារសិទ្ធិផ្តល់ជំនួយទៅដល់ប្រជាជនអ៊ុយក្រែនដែលកំពុងរងគ្រោះដោយការវាយប្រហាររបស់រុស្ស៊ី។ជាថ្មីទៀតកម្ពុជាក៏បានបោះឆ្នោតគាំទ្រចំពោះសេចក្តីសម្រេចនាពេលនេះ ខណៈប្រទេស៣៨ដែលរួមមានប្រទេសក្នុងតំបន់អាស៊ានផងបានបោះឆ្នោតអនុប្បវាទ។ក្នុងអំឡុងពេលសម័យប្រជុំពិសេសលើកទី១១ អង្គការសហប្រជាជាតិបានអនុម័តសេចក្តីម្រេចមួយដែលព្រាងដោយអ៊ុយក្រែននិងមាន៩០រដ្ឋសហការផ្តួចផ្តើមសេចក្តីព្រាង(co-sponsors)។ ជាសេចក្តីសម្រេចស្តីពីផលប៉ះពាល់មនុស្សធម៌ នៅចំពោះមុខការឈ្លានពានមកលើអ៊ុយក្រែន។ សេចក្តីសម្រេចនេះ មាន១៤០ប្រទេសបានបោះឆ្នោតគាំទ្រ ដែលក្នុងនោះក៏រួមមានប្រទេសកម្ពុជាផង និងសមាជិកអាស៊ានផ្សេងទៀតខណៈមាន ៥ប្រទេសបានបោះឆ្នោតជំទាស់និងមាន៣៨ប្រទេសទៀតបានបោះឆ្នោតអនុប្បវាទ។ប្រទេសដែលបានបោះឆ្នោតអនុប្បវាទក៏មានប្រទេសឡាវនិងវៀតណាមដែលជាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ាន។មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៤ ខែមីនា បានទាមទារ និងជំរុញយ៉ាងខ្លាំងការការពារជនស៊ីវិល និងការផ្តល់ជំនួយមនុស្សធម៌ក្នុងប្រទេសអ៊ុយក្រែន។ ក្រៅពីនោះអង្គការសហប្រជាជាតិបានរិះគន់ប្រទេសរុស្ស៊ី ដែលបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដែលបណ្តាលមកពីការឈ្លានពានរបស់ខ្លួន កាលពីមួយខែមុន។កាលពីដើមខែមីនាកន្លងទៅកម្ពុជាបានបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចរបស់អង្គការសប្រជាជាតិថ្កោលទោសចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននិងអំពាវនាវឱ្យមានការដកកងកម្លាំងរបស់ខ្លួនជាបន្ទាន់។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាមជ្រៃធំកាលពីថ្ងៃទី២៣ ខែមីនា បានលើកឡើងជាថ្មីពីជំហររឹងមាំ មិនផ្លាស់ប្តូររបស់កម្ពុជា ដែលមិនគាំទ្ររុស្ស៊ី វាយប្រហារប្រទេសអ៊ុយក្រែន។ សម្តេចហ៊ុនសែនថាកម្ពុជានឹងនៅតែបន្តបោះឆ្នោតនៅរាល់វេទិកាអន្តរជាតិទាំងអស់ប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕RFI,AKP
អគារ National Academy of State Administration ដែលរងការខូចខាតដោយការបាញ់ផ្លោងក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ថ្ងៃទី១៨ខែមីនា ឆ្នាំ២០២២។AP