រុស្ស៊ី​​ព្រមាន​អង្គកា​រ​ណា​តូ​កុំ​ឲ្យ​បញ្ជូ​ន​ទ័ព​ទៅ​​អ៊ុ​យក្រែន

រុស្ស៊ីបានរិះគន់គំនិតនៃការបញ្ជូនកងរក្សាសន្តិភាពរបស់អង្គការណាតូទៅកាន់អ៊ុយក្រែនដែលស្នើឡើងដោយប៉ូឡូញដោយព្រមានពីហានិភ័យនៃការប៉ះទង្គិចជាមួយនឹងផលវិបាកមិនល្អ។អ្នកនាំពាក្យវិមានក្រឹមឡាំង លោកDmitry Peskovបាននិយាយថា”វាគឺជាការសម្រេចចិត្តដែលមិនប្រុងប្រយ័ត្ននិងគ្រោះថ្នាក់បំផុត។ ការប៉ះទង្គិចគ្នាដែលអាចកើតមានរវាងកងកម្លាំងរុស្ស៊ីនិងអង្គការណាតូនឹងនាំឱ្យមានផលវិបាកជាក់ស្តែង ដែលពិបាកនឹងកែតម្រូវ”។ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីប៉ូឡូញលោកMateusz Morawieckiបាននិយាយថាប្រទេសនេះនឹងស្នើឱ្យដាក់ពង្រាយកងរក្សាសន្តិភាពទៅកាន់អ៊ុយក្រែនក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅថ្ងៃទី២៤ខែមីនា។ មន្ត្រីប៉ូឡូញនិយាយថា វត្តមានរបស់កងរក្សាសន្តិភាពដោយមានការអនុញ្ញាតពីអ៊ុយក្រែន មិនមែនជាលេសសម្រាប់ “សកម្មភាពអរិភាព”នោះទេ។រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកSergeyLavrovក៏បានរិះគន់សំណើរបស់ប៉ូឡូញផងដែរនៅពេលនិយាយនៅឯសាកលវិទ្យាល័យMoscow University of International Relations នៅថ្ងៃនេះ។លោកបាននិយាយថា”វានឹងជាការប៉ះទង្គិចក្បាលគ្នារវាងកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី និងអង្គការណាតូដែលភាគីទាំង២មិនត្រឹមតែព្យាយាមជៀសវាងប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងទទូចថាមិនគួរកើតឡើងតាមទ្រឹស្តី”។កិច្ចប្រជុំកំពូលរបស់អង្គការណាតូត្រូវបានកោះប្រជុំដោយអគ្គលេខាធិការJens Stoltenberg ដើម្បីពិភាក្សាអំពីយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ដូចជាសមត្ថភាពការពារ និងការរារាំងរបស់សម្ព័ន្ធមិត្ត។សមាជិកអង្គការណាតូមួយចំនួនរួមទាំងសហរដ្ឋអាមេរិក បានបដិសេធមិនគាំទ្រការអំពាវនាវរបស់ប៉ូឡូញ។សម្ព័ន្ធភាពនេះបានបដិសេធម្តងហើយម្តងទៀតក្នុងការបញ្ជូនកងកម្លាំងទៅប្រយុទ្ធនៅអ៊ុយក្រែននិងបានបដិសេធក្នុងការបង្កើតតំបន់គ្មានការហោះហើរដូចដែលបានស្នើឡើងដោយទីក្រុងគៀវដោយសារតែភ័យខ្លាចហានិភ័យនៃជម្លោះផ្ទាល់ជាមួយរុស្ស៊ី។ សហរដ្ឋអាមេរិកបានបង្កើនជំនួយយោធាដល់អ៊ុយក្រែន។ប៉ុន្តែបានបដិសេធម្តងហើយម្តងទៀតនូវលទ្ធភាពនៃការដាក់ពង្រាយកងកម្លាំងទៅកាន់ប្រទេសអឺរ៉ុបខាងកើតនេះ។ជម្លោះ​ក្នុង​ប្រទេស​អ៊ុយក្រែន​ហាក់​ដូចជា​មិន​មាន​សញ្ញា​ថមថយ​ឡើយ​បន្ទាប់​ពី​យុទ្ធនាការ​យោធា​ជិត​មួយ​ខែ​របស់​រុស្ស៊ី។ បន្ថែមពីលើការគ្រប់គ្រងKhersonរុស្ស៊ីនៅតែបន្តបង្កើនយុទ្ធនាការរបស់ខ្លួនដើម្បីឡោមព័ទ្ធទីក្រុងធំៗជាច្រើន រួមទាំងរដ្ឋធានីគៀវផងដែរ។ តំបន់ជុំវិញរដ្ឋធានីអ៊ុយក្រែនកំពុងឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)បាននិយាយថា ប្រជាជនអ៊ុយក្រែនជិត៣.៦លាននាក់បានជម្លៀសទៅកាន់ប្រទេសជិតខាងចាប់តាំងពីការផ្ទុះឡើងនៃអរិភាព ដោយកត់សម្គាល់ពីទំហំនៃវិបត្តិបច្ចុប្បន្ន”លើសពីសេណារីយ៉ូទាំងអស់”ដែលអាក្រក់បំផុតមិនធ្លាប់មាន។ ជាសរុបមនុស្សជាង១០លាននាក់ត្រូវបានផ្លាស់ទីលំនៅចេញពីប្រទេសរបស់ពួកគេ៕យោងតាម Interfax

អ្នកនាំពាក្យវិមានក្រឹមឡាំង លោកDmitry Peskov។