
សម្ដេចហ៊ុនសែនបញ្ជាក់ជំហរលើបន្ទាត់នយោបាយការបរទេសកម្ពុជា
ជាថ្មីម្តងទៀតសម្ដេចហ៊ុនសែននាយករដ្ឋមន្រ្ដីនៃកម្ពុជាបានថ្លែងបញ្ជាក់ថាជំហរបស់កម្ពុជាលើបន្ទាត់នយោបាយការបរទេសកម្ពុជាមិនគាំទ្រការឈ្លានពានណាមួយពីប្រទេសមួយទៅកាន់ប្រទេសមួយនោះទេ ហើយនេះជាគោលជំហរដាច់ណាត់របស់កម្ពុជា។ សម្ដេច ហ៊ុន សែនបានថ្លែងថា “ព្រឹកមិញនេះមានការផ្ញើមកសុំយោបល់ថាតើគួរបោះឆ្នោតការគាំទ្រឬបោះឆ្នោតអនុប្បវាទ ឬបោះឆ្នោតប្រឆាំង។ខ្ញុំផ្ញើសំឡេងទៅវិញថាអត់ទេគឺបោះឆ្នោតដូចដែលយើងធ្វើនៅអង្គការសហប្រជាជាតិ អីចឹងចំពោះបញ្ហារុស្ស៊ីនិងអ៊ុយក្រែន”។ សម្ដេចបញ្ជាក់ថា រឿងបញ្ហារុស្ស៊ីនិងអ៊ុយក្រែនវាពិបាកសាំញាំណាស់ហើយយើងក៏ត្រូវគិតអំពីគោលជំហរ។ប៉ុន្ដែក៏មានប្រទេសខ្លះមកបបួលយើងបោះឆ្នោតអនុប្បវាទ ហើយកម្ពុជាត្រូវបោះឆ្នោតគាំទ្រឬបោះឆ្នោតអនុប្បវាទឬបោះឆ្នោតប្រឆាំងពីព្រោះមានអ្នកបបួលឱ្យកម្ពុជាបោះឆ្នោតអនុប្បវាទលើបញ្ហារុស្ស៊ី និងអ៊ុយក្រែន។សម្ដេចតេជោបានថ្លែងបញ្ជាក់ថា “យើងមិនគាំទ្រឱ្យមានការបំបែករដ្ឋ យើងប្រឆាំងនឹងការប្រើប្រាស់កម្លាំង ឬគម្រាមការប្រើប្រាស់កម្លាំង”។
សម្ដេចបានដាក់ចេញសេចក្ដីសម្រេច ទៅគ្រប់ទីកន្លែងទាំងអស់ ឱ្យតែមានពាក់ព័ន្ធនឹងសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន កម្ពុជាប្រឆាំងនឹងការឈ្លានពានតែម្ដង ប្រឆាំងនឹងការប្រើប្រាស់កម្លាំង ហើយផ្ដល់នូវការគាំទ្រទាំងឡាយដែលនាំមកនូវសន្ដិភាព ជាពិសេសកម្ពុជាក៏មិនយកសាំងយកទៅចាក់លើភ្លើងដែរ។ សម្ដេចបានអះអាងថាកម្ពុជាមានភាពជាតំណាងគឺចំនួន១១សំឡេងតែមានគេបបួលឱ្យបោះឆ្នោតអនុប្បវាទ តែកម្ពុជាបោះឆ្នោតគាំទ្រទាំងអស់ពីព្រោះរឿងរុស្ស៊ី និងអ៊ុយក្រែន មិនមែនជារឿងតូចតាចនោះទេ រឿងនេះគឺបង្កើតឡើងនូវទម្លាប់អាក្រក់លើពិភពលោក អ្នកខ្លាំងគឺវ៉ៃអ្នកខ្សោយ។ សម្ដេចបានលើកឡើងថា “អីចឹងថ្ងៃក្រោយអ្នកខ្លាំងវ៉ៃអ្នកខ្សោយ ហើយវ៉ៃមកលើយើង អ្នកណាជួយយើងទៀត បើយើងមិនគាំទ្រនោះហើយកម្ពុជាប្រកាន់គោលការណ៍មួយជាក់លាក់”។សម្ដេចបានសង្កត់ធ្ងន់ថា ឥឡូវនេះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនគឺធ្វើឱ្យចលាចលដល់ស្រុកខ្មែរ គឺចលាចលរឿងសាំងឡើងថ្លៃ ហើយដែលគ្មាននរណាគេចរួចពីបញ្ហានោះទេ។ សម្ដេចហ៊ុនសែនបានថ្លែងបន្ថែមថា “ថាអាកូវីដគឺអត់មានមនុស្សគេចរួច។ប៉ុន្ដែកូវីដ វាអន្ដរាយស្ទើរតែតិចជាងឥទ្ធិពលបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ពីព្រោះឥឡូវចាប់ផ្ដើមផលប៉ះពាល់របស់វារីករាលដាលពេញពិភពលោកហើយ រឿងនេះធ្ងន់ធ្ងរណាស់ ប្រសិនបើមិនប្រញាប់បញ្ចប់ទេនោះ មិនដឹងជាពិភពលោកដើរដល់ណា តើពិភពលោកដើរដល់សង្រ្គាមលោកលើកទី៣ ឬអត់ ឬដើរដល់សង្គ្រាមនុយក្លេអ៊ែរឬអត់”។ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ដែលមានប្រវែងសរុប ៦៣,៦ គីឡូម៉ែត្រចាប់ពីរង្វង់មូលក្រុងតាខ្មៅ ទៅដល់ស្ពានជ្រៃធំ ស្រុកកោះធំ (ព្រំដែនកម្ពុជា-វៀតណាម)ដែលស្ថាបនាឡើងវិញក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉ មានតម្លៃជាង ៦០លានដុល្លារសហរដ្ឋអាម៉េរិក នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ នៅខេត្តកណ្ដាល។សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលផ្លូវជាតិលេខ២១នាថ្ងៃនេះ។ សម្តេចតេជោបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងបានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នៅផ្លូវជាតិលេខ២១នេះចាប់ពីពេលនេះតទៅ៕