
ប្រធានាធិបតីអ៊ុយក្រែនបានត្រៀមខ្លួនជាស្រេចក្នុងការចរចាលើឧបទ្វីបCrimea,Donbassជាមួយប្រធានាធិបតីរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថាលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីបញ្ហាទាក់ទងនឹងទឹកដីដែលបែកបាក់បន្ទាប់ពីក្រុងគៀវបានទទួលការធានាសន្តិសុខ។នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី២១ខែមីនា ប្រធានាធិបតី Volodymyr Zelensky បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីបញ្ហានៅCrimeaនិងការទទួលស្គាល់ឯករាជ្យនៃទឹកដីដែលបែកបាក់ពីរនៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk នៅ Donbass ជាមួយប្រទេសរុស្ស៊ី បន្ទាប់ពីគៀវបានទទួលការធានាសុវត្ថិភាព។លោក Zelensky បាននិយាយថា “នេះគឺជាស្ថានភាពដ៏លំបាកមួយសម្រាប់ Crimea សម្រាប់ Donbass និងសម្រាប់មនុស្សគ្រប់គ្នា។ ដើម្បីស្វែងរកផ្លូវចេញអ្នកត្រូវតែអនុវត្តជំហានដំបូងនេះដែលខ្ញុំបានលើកឡើងរួចមកហើយ៖ធានាសុវត្ថិភាព បន្ទាប់មកសង្រ្គាមបានបញ្ចប់”។Zelenskyបាននិយាយ។យោងតាមប្រធានាធិបតី Zelensky លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីបញ្ហាទាក់ទងនឹងទឹកដីដែលបែកបាក់នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីលោកVladimir Putin ។”ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការលើកបញ្ហាទាំងនេះនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ខ្ញុំជាមួយប្រធានាធិបតីរុស្ស៊ី។ ទាំងនេះគឺជាបញ្ហាដែលពាក់ព័ន្ធនិងសំខាន់សម្រាប់ពួកយើង” Zelensky បានបន្ថែម។ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថាប្រទេសទាំង២នឹងមិនអាចចរចាបញ្ចប់ជម្លោះបានទេ បើគ្មានជំនួបរវាងមេដឹកនាំទាំង២។លោក Zelensky បាននិយាយថា “ខ្ញុំជឿថា បើគ្មានជំនួបជាមួយប្រធានាធិបតីរុស្ស៊ីទេវាពិតជាមិនអាចយល់បាននូវអ្វីដែលពួកគេកំពុងរៀបចំដើម្បីការពារសង្រ្គាមនិងអ្វីដែលពួកគេនឹងធ្វើ ប្រសិនបើយើងមិនទាន់ត្រៀមខ្លួនសម្រាប់ការសម្របសម្រួលមួយ ឬមួយផ្សេងទៀត”។ប្រធានាធិបតី Zelensky បាននិយាយថាលក្ខខណ្ឌមួយចំនួនចាំបាច់ត្រូវបំពេញ មុនពេលបញ្ហារវាងរុស្ស៊ីនិងអ៊ុយក្រែនអាចត្រូវបានដោះស្រាយ។លក្ខខណ្ឌរួមមានបទឈប់បាញ់ ការដកទ័ព និងការធានាសន្តិសុខ។Zelensky បាននិយាយថា “ការសម្របសម្រួលត្រូវតែធ្វើឡើងតាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀតដើម្បីធានាសុវត្ថិភាពរបស់យើង” ។លោក Zelensky បានទទួលស្គាល់ថា អ៊ុយក្រែនដឹងយ៉ាងច្បាស់ថាខ្លួនមិនអាចចូលរួមជាមួយណាតូនៅពេលនេះបានទេដោយសារតែណាតូមិនចង់មានជម្លោះជាមួយរុស្ស៊ី។ប្រធានាធិបតី Zelensky ក៏បានបញ្ជាក់ដែរថាក្រុងគៀវនឹងមិនឱនក្បាលចំពោះឱសានវាទរបស់រុស្ស៊ីឡើយ។លោកបានអះអាងថាកិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៊ីដើម្បីបញ្ចប់ជម្លោះក៏ត្រូវឆ្លងកាត់ប្រជាមតិដែរ។លោកZelenskyបាននិយាយថា”យើងបានទទួលឱសានវាទជាមួយនឹងការទាមទារ៖ធ្វើវា ហើយយើងនឹងបញ្ចប់ជម្លោះ។ អ៊ុយក្រែនមិនអាចបំពេញឱសានវាទរបស់រុស្ស៊ីបានទេ” Zelensky បាននិយាយថា “។មេដឹកនាំអ៊ុយក្រែនបានសង្កត់ធ្ងន់ថាខ្លួនគាត់ជាប្រធានាធិបតី ហើយប្រជាជន Kharkov, Mariupol, Kievឬទីក្រុងណាមួយដែលស្ថិតនៅក្រោមការឡោមព័ទ្ធនឹងមិនទទួលយកនោះទេ។ការលើកឡើងខាងលើត្រូវបានធ្វើឡើងក្នុងបរិបទដែលជម្លោះរុស្ស៊ីនិងអ៊ុយក្រែនកំពុងបន្តបង្កើនភាពតានតឹង។ មន្ត្រីអ៊ុយក្រែននៅថ្ងៃទី២១ខែមីនាក៏បានច្រានចោលឱសានវាទរបស់រុស្ស៊ីក្នុងការបញ្ឈប់អាវុធដោយលើកឡើងពីការបើកច្រករបៀងមនុស្សធម៌ចំនួន២នៅក្នុងទីក្រុង Mariupol ។ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន Iryna Vereshchuk បាននិយាយថានឹងមិនមានការចុះចាញ់ឬការរំសាយអាវុធនៅក្នុងទីក្រុង Mariupol ទេ បើទោះបីជាស្ថានភាពនៅទីនោះ”តានតឹងខ្លាំង” ក៏ដោយ។មន្ត្រីអ៊ុយក្រែនបាននិយាយម្តងហើយម្តងទៀតថា ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាដើម្បីកាត់បន្ថយភាពតានតឹង។ប៉ុន្តែនឹងមិនទទួលយកឱសានវាទនោះទេ។ ទោះបីជាយ៉ាងណាមកទល់ពេលនេះការចរចារវាងរុស្ស៊ី និងអ៊ុយក្រែនមិនមានការរីកចម្រើនច្រើនទេ។ភាគីទាំង២នៅតែខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួនដូចជាការទទួលស្គាល់ឧបទ្វីបរុស្ស៊ីនៅCrimeaការទទួលស្គាល់ឯករាជ្យនៃតំបន់ដាច់ចេញពីភាគខាងកើតទាំង២ក៏ដូចជាស្ថានភាពអព្យាក្រឹត្យរបស់អ៊ុយក្រែន៕យោងតាមTASS
ប្រធានាធិបតី Volodymyr Zelensky។រូបភាពAP