ជប៉ុ​នញ្ជាក់​ថានឹងយកលទ្ធផលដែល​បានពិភាក្សាទាំង​អ​ស់​ជាមួយសម្តេច​ហ៊ុ​ន​សែន​ទៅប្រាប់​ប​ណ្តាប្រទេ​សG7

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចចំនួន២ថ្ងៃនៅកម្ពុជាលោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វឹមីអូ បានចាត់ទុកជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនថាជាជំនួបដ៏មានអត្ថន័យ។ភាគីទាំង២ បានលើកយកបញ្ហាទាំងក្នុងតំបន់ និងអន្តរជាតិ មកពិភាក្សា និងធ្វើសេចក្តីថ្លែងការណ៍រួមមួយ កាលពីល្ងាចថ្ងៃអាទិត្យ។ ក្រោយបញ្ចប់ជំនួប លោកនាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់ថា នឹងយកលទ្ធផលដែលបានពិភាក្សាទាំងអស់ជាមួយសម្តេចហ៊ុន សែន ទៅប្រាប់បណ្តាប្រទេសG7 នៅថ្ងៃព្រហស្បតិ៍នេះ។សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-ជប៉ុន ចំនួន១០ទំព័រ បានប្រកាសចេញនាក្រោយជំនួបរវាងប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វឹមីអូ នៅវិមានសន្តិភាពនាល្ងាចថ្ងៃអាទិត្យទី២០មីនា។ ភាគីទាំង២បានជជែកពីទំនាក់ទំនងទ្វេភាគី ទៅលើផ្នែកសេដ្ឋកិច្ច សន្តិសុខ សុខាភិបាល លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ជាអាទិ៍។លើសពីនេះ សម្រាប់បញ្ហាតំបន់និងអន្តរជាតិ កម្ពុជា-ជប៉ុន បានលើកយកបញ្ហាភូមា កូរ៉េខាងជើង សមុទ្រចិនខាងត្បូង ហើយជាពិសេសអ្វីដែលមិនអាចរំលងនោះគឺ ស្ថានភាពនៃប្រទេសអ៊ុយក្រែននាពេលបច្ចុប្បន្ន។ សម្រាប់បញ្ហានៅអ៊ុយក្រែន ទាំងកម្ពុជា ទាំងជប៉ុន បន្តទទូចឲ្យបញ្ឈប់ការប្រើកម្លាំងហើយដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែនដោយមិនបញ្ជាក់ឈ្មោះថាជារុស្ស៊ីខណៈដែលកម្ពុជានិងជប៉ុនជាប្រទេសសហស្ថាបនិកបោះឆ្នោតថ្កោលទោសរុស្ស៊ីនោះ។នៅក្រោយជំនួបបានបញ្ចប់ លោកនាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថា នឹងយកលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ទៅប្រាប់ដល់បណ្តាប្រទេសG7 ដែលគ្រោងរៀបចំប្រជុំនៅទីក្រុងប្រិចហ្សែល ប្រទេសប៊ែលហ្ស៊ិកនៅថ្ងៃព្រហស្បតិ៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Asia Nikkei។សម្រាប់លោក គីស៊ីដា ហ្វឹមីអូ វាមានសារៈសំខាន់សម្រាប់ប្រទេសG7 ក្នុងការទទួលបានរបាយការណ៍ពីប្រទេសជប៉ុន ដែលជាសមាជិកអាស៊ីតែមួយគត់។ ហើយសេចក្តីថ្លែងការណ៍រួមនេះ នឹងបញ្ជាក់ពីជំហរបស់អាស៊ានដែលដឹកនាំដោយកម្ពុជានៅឆ្នាំនេះ ទាក់ទងនឹងបញ្ហានៅអ៊ុយក្រែន។រីឯសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា សង្គ្រាមមិនអាចបញ្ចប់សង្រ្គាមបានទេ។ ម៉្លោះហើយត្រូវតែបន្តរកដំណោះស្រាយដោយសន្តិវិធី។
គួរបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជាក៏ធ្លាប់បានចេញនូវសេចក្តីថ្លែងការណ៍ ដោយបរិយាយពីក្តីបារម្ភជាពន់ពេករបស់អាស៊ាន ទាក់ទងទៅនឹងវិបត្តិនៅអ៊ុយក្រែន។ ក៏ប៉ុន្តែនៅក្នុងសន្និបាតរបស់អង្គការសហប្រជាជាតិ អាស៊ានទាំង១០មិនមានចំណុចនោះទេ។ ដោយរដ្ឋខ្លះធ្វើជាសហស្ថាបនិក ខ្លះបោះឆ្នោតថ្កោលទោស ខ្លះបោះឆ្នោតអនុប្បវាទ៕RFI