
ប្រធានាធិបតីPutinបាននិយាយថាអ៊ុយក្រែន”ទិញពេលវេលា”សម្រាប់ការចរចា
ប្រធានាធិបតីVladimir Putinបាននិយាយថាអ៊ុយក្រែនកំពុងព្យាយាម”ទិញពេលវេលា” ដើម្បីចរចាជាមួយរុស្ស៊ីទោះបីជាទីក្រុងម៉ូស្គូចង់បន្តការសន្ទនាក៏ដោយ។វិមានក្រឹមឡាំងបានប្រកាសបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ីលោកVladimir Putinនិងអធិការបតីអាល្លឺម៉ង់ Olaf Scholzថា”អាជ្ញាធរអ៊ុយក្រែនកំពុងព្យាយាមធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីពន្យារពេលការចរចាដោយធ្វើឱ្យមានសំណើដែលមិនប្រាកដប្រជាកាន់តែច្រើន”។វិមានក្រឹមឡាំងបានបន្ថែមថា “ទោះជាយ៉ាងណាក៏ដោយភាគីរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តស្វែងរកដំណោះស្រាយស្របតាមវិធីសាស្រ្តជាគោលការណ៍របស់ខ្លួន”។អ្នកនាំពាក្យរបស់លោកPutinលោក Dmitry Peskov បានពណ៌នាការហៅទូរស័ព្ទរវាងលោកPutin និងលោក Scholz ថាជា “ការពិបាក”។ប៉ុន្តែបានបន្ថែមថា ការសន្ទនាបែបនេះនៅតែចាំបាច់។លោកPeskovបាននិយាយថាវានៅតែឆាប់ដើម្បីនិយាយអំពីកិច្ចព្រមព្រៀងមួយដែលអ្នកចរចារុស្ស៊ី និងអ៊ុយក្រែនអាចចុះហត្ថលេខា។លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា”ខ្ញុំគ្រាន់តែអាចនិយាយបានថាគណៈប្រតិភូរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការក្នុងល្បឿនដ៏លឿនជាងពេលបច្ចុប្បន្ន។ជាអកុសលគណៈប្រតិភូអ៊ុយក្រែនមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការបង្កើនល្បឿននៃការចរចា”។រុស្ស៊ីមុននេះបាននិយាយថាភាគីទាំង២ជិតឈានដល់ការព្រមព្រៀងគ្នាអំពីរបៀបរក្សាអព្យាក្រឹត្យភាពរបស់អ៊ុយក្រែនដែលជាការទាមទារដ៏សំខាន់មួយរបស់ទីក្រុងម៉ូស្គូសម្រាប់ទីក្រុងគៀវ។ទន្ទឹមនឹងនេះ អ៊ុយក្រែនបាននិយាយថាខ្លួនត្រៀមខ្លួនជាស្រេចដើម្បីចរចា។ប៉ុន្តែនឹងមិនចុះចាញ់ ឬទទួលយកឱសានវាទរបស់រុស្ស៊ីឡើយ។ ក្រុងគៀវបានរក្សាជំហររបស់ខ្លួនលើអធិបតេយ្យភាពអ៊ុយក្រែនលើតំបន់ដែលគ្រប់គ្រងដោយក្រុមផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ីតាំងពីឆ្នាំ២០១៤។នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ Scholz ប្រធានាធិបតីPutinក៏បានសង្កត់ធ្ងន់ថាយោធារុស្ស៊ីកំពុង”ប្រឹងប្រែងអស់ពីសមត្ថភាព” ដើម្បីជួយសង្គ្រោះជនស៊ីវិលតាមច្រករបៀងដែលមានសុវត្ថិភាពក្នុងអំឡុងពេលប្រតិបត្តិការយោធានៅអ៊ុយក្រែន។ វិមានក្រឹមឡាំងបាននិយាយថា មនុស្សប្រហែល៤៣.០០០នាក់ត្រូវបានជម្លៀសចេញពីទីក្រុង Mariupol ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃទី១៧ខែមីនា។អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយថា Scholzបានអំពាវនាវឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែនក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទជាមួយលោកPutin។ Scholz ក៏បានសង្កត់ធ្ងន់ថាស្ថានការណ៍មនុស្សធម៌ត្រូវតែធ្វើឱ្យប្រសើរឡើង ហើយភាគីត្រូវធ្វើឱ្យមានភាពជឿនលឿនក្នុងការស្វែងរកដំណោះស្រាយការទូតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Putin នៅថ្ងៃទី១៨ខែមីនា ប្រធានាធិបតីបារាំង Emmanuel Macron បានសម្តែង “ការព្រួយបារម្ភ” អំពីស្ថានភាពនៅ Mariupol ដែលត្រូវបានទទួលរងនូវការវាយឆ្មក់ទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ការិយាល័យរបស់លោក Macron បាននិយាយថាមេដឹកនាំបារាំងបានអំពាវនាវឱ្យមាន “ការដកការឡោមព័ទ្ធនិងសម្រាប់ការចូលប្រើប្រាស់មនុស្សធម៌” ទៅកាន់ទីក្រុង Mariupol ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនរបស់ខ្លួន។ប្រធានាធិបតីបារាំងក៏«ទាមទារម្ដងទៀតឱ្យគោរពបទឈប់បាញ់ជាបន្ទាន់»នៅអ៊ុយក្រែន៕យោងតាម Reuters
ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin។រូបAP