សម្តេចហ៊ុនសែនបានប្រកាស​ទទួលយកព​លរដ្ឋអ៊ុ​យក្រែនដែលរ​ត់គេ​ចពីសង្គ្រាម

សម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសទទួលយកពលរដ្ឋអ៊ុយក្រែនដែលរត់គេចពីសង្គ្រាម ប្រសិនបើពួកគេបានភៀសខ្លួនមកដល់ប្រទេសកម្ពុជា។ការថ្លែងរបស់សម្តេចហ៊ុនសែនក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ។សម្តេចក៏បានរំលឹកអំពីការហាមឃាត់របស់លោកចំពោះពលរដ្ឋកម្ពុជា ដែលចង់ធ្វើជាទាហានស្ម័គ្រចិត្តទៅជួយអ៊ុយក្រែនដែលជាការចាក់សាំងនៅលើភ្លើង។សម្តេចបានបញ្ជាក់ដូច្នេះថា៖«ខ្ញុំមិនលើកទឹកចិត្តទេអារឿងហ្នឹង!។ប៉ុន្តែក្នុងករណីដែលមានជនជាតិអ៊ុយក្រែនភៀសខ្លួនមកដល់កម្ពុជាអាហ្នឹង!យើងត្រូវតែឱ្យនៅហើយ»។សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានឈានចូលដល់សប្តាហ៍ទី៣ ខណៈដែលការចរចាក៏បានឈានដល់ជុំទី៤ផងដែរ។ កិច្ចចរចា ប៉ុន្មានលើកមកនេះ រវាងទីក្រុងកៀវ និងទីក្រុងមូស្គូ មកទល់ពេលនេះទទួលបានផ្តល់លទ្ធផលតិចតួចស្តួចស្តើងប៉ុណ្ណោះក្រៅតែពីការបង្កើតច្រក របៀងមនុស្សធម៌ ដើម្បីជម្លៀសប្រជាជនចេញពីទីក្រុងរបស់អ៊ុយក្រែនមួយចំនួន ដែលរងការវាយប្រហារធ្ងន់ធ្ងរពីសំណាក់យោធារុស្ស៉ី។បើតាមការិយាល័យឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ បានឲ្យដឹងថា ជនភៀសខ្លួនអ៊ុយក្រែនជាង ៣លាននាក់ បានទៅដល់បណ្ដាប្រទេសជិតខាងអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមជាមួយរុស្ស៉ីផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។តួលេខអ្នកដែលបានភៀសខ្លួនចេញពីអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ ថ្ងៃទី១៥ ខែមីនា បានកើនឡើងដល់ ៣.០០០.៣៨១នាក់ ក្នុងនោះមនុស្សសរុប ១.៨៣០.៧១១នាក់ បានចេញទៅកាន់ប្រទេសប៉ូឡូញ ៤៥៩.៤៨៥នាក់ ទៅប្រទេសរូម៉ានី ៣៣៧.៣១៥នាក់ ទៅប្រទេសម៉ុលដាវី និង ២៦៧.៥៧០ចេញទៅកាន់ប្រទេសហុងគ្រីជាដើម៕KhmerTime