
កម្ពុជាលុបចោលតម្រូវការសម្រាប់ការធ្វើតេស្តPCRដែលទទួលបានក្នុងរយៈពេល៧២ម៉ោងនិងការធ្វើតេស្តរហ័សនៅពេលមកដល់
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍ទី១៧មីនានេះបានឲ្យដឹងថារដ្ឋាភិបាលកម្ពុជាបានសម្រេចលុបចោលលក្ខខណ្ឌតម្រូវឲ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្តPCR អវិជ្ជមានក្នុងរយៈពេល៧២ម៉ោងរួមនឹងការតម្រូវឲ្យធ្វើតេស្តរហ័សពេលអ្នកដំណើរទាំងនោះចូលមកកម្ពុជា។ សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថាការលុបចោលលក្ខខណ្ឌតម្រូវនេះ គឺដើម្បីទាក់ទាញវិនិយោគិននិងទេសចរអន្តរជាតិចូលមកកម្ពុជាខណៈដែលអ្នកប្រតិបត្តិក្នុងវិស័យនេះ រំពឹងថាវិស័យទេសចរណ៍អាចស្តារឡើងវិញបានមួយកម្រិត។ក្រសួងសុខាភិបាលបានសម្រេចលុបចោលលក្ខខណ្ឌសម្រាប់អ្នកដំណើរបរទេសដែលចូលមកកម្ពុជាដោយពុំចាំបាច់ត្រូវបង្ហាញនូវលទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល៧២ម៉ោង មុននឹងមកដល់កម្ពុជាហើយក៏ពុំចាំបាច់ត្រូវធ្វើតេស្តរហ័សទៀតនោះទេទោះបីជាកម្ពុជានិងសកលលោកកំពុងស្ថិតនៅក្នុងបរិការណ៍នៃជំងឺកូវីដ១៩ជាបន្តទៀតក្តី។ក៏ប៉ុន្តែទោះជាយ៉ាងនេះ សម្រាប់ក្រសួងសុខាភិបាល អ្នកដំណើរដែលចូលមកកម្ពុជាគួរតែធ្វើតេស្តរហ័សដោយខ្លួនឯងព្រមទាំងបង្ហាញវិញ្ញាបនបត្របញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ពេលចូលមកដល់កម្ពុជា។ក្នុងលក្ខខណ្ឌអ្នកដំណើរណា មិនបានចាក់វ៉ាក់សាំងពេញលេញនឹងតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅតាមទីតាំងណាដែលកំណត់ដោយក្រសួងសុខាភិបាល។ក្រៅតែលក្ខខណ្ឌចំនួន២ដែលត្រូវបានលុបចោល ក្រសួងសុខាភិបាលក៏អនុញ្ញាតឲ្យបើកដំណើរការផ្តល់ទិដ្ឋាការដល់ជនបរទេសដែលមកដល់កម្ពុជា តាមគ្រប់មធ្យោបាយធ្វើដំណើរ។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងពីខេត្តព្រៃវែង ក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់«ភូមិកុមារ SOS» នាព្រឹកថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា ការសម្រេចនេះធ្វើឡើងទៅតាមសំណើររបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងន័យទាក់ទាញអ្នកទេសចរបរទេស និងអ្នកវិនិយោគចូលមកកម្ពុជា។សម្តេចហ៊ុន សែន បានអះអាងថា ការសម្រេចនេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងរៀនរស់តាមគន្លងថ្មីនៃបរិបទកូវីដ-១៩។ជាការកត់សម្គាល់ការចាប់ផ្តើមបើកដំណើរប្រទេសតាមគន្លងប្រក្រតីភាពថ្មីចាប់ពីថ្ងៃទី០១មករានៅមិនទាន់អាចឆ្លើយតបបានទាំងស្រុងទៅនឹងការស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជាដែលប៉ះទង្គិចដោយសារវិបត្តិកូវីដ-១៩នោះទេ។
រូបភាពKhmerTime