ឯកឧត្តម​​វេង​សាខុ​នបា​នដឹកនាំគ​ណ:ប្រតិភូក្រសួងក​សិកម្មមក​ការពារសេ​ចក្តីព្រាង​​​ច្បាប់ស្តីពី​”កា​រកា​រ​ពាររុក្ខជា​តិនិ​ងភូ​តគា​ម​​អ​នាម័យ”

នៅសាលប្រជុំបាយ័នក្នុងវិមានរដ្ឋសភានាព្រឹកថ្ងៃពុធ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដឹកនាំគណ:ប្រតិភូក្រសួងមានរដ្ឋលេខាធិការទីប្រឹក្សាអគ្គលេខាធិការឯកឧត្តមជាប្រតិភូរាជរដ្ឋាភិបាលទាំង៥ ក្រោមឱវាទក្រសួង មកការពារសេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” នៅចំពោះមុខ គណៈកម្មការទី៣ ដែលមានឯកឧត្តមឡូយ សុផាតជាប្រធាន និងគណៈកម្មការជំនាញផ្សេងទៀតនៃរដ្ឋសភា។ កិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានការអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវជាអនុប្រធាន និងសមាជិកនៃគណ:កម្មការទី៣ និងគណ:កម្មការជំនាញផ្សេងទៀតផងដែរ។ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងរាជរដ្ឋាភិបាលឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាដែលបានអនុញ្ញាតឱ្យដាក់សេចក្តីព្រាងច្បាប់នេះនៅក្នុងរបៀបវារៈនៃសម័យប្រជុំអន្តរគណៈកម្មការនៃរដ្ឋសភានាថ្ងៃនេះ ដើម្បីស្នើសុំពិនិត្យ និងអនុម័តដ៏ខ្ពង់ខ្ពស់។ សេចក្តីព្រាងច្បាប់នេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលក្រសួងបានខិតខំកសាងឡើងដោយមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ ក្នុងបំណងចាំបាច់មួយគឺរៀបចំចងក្រងឯកសារគតិយុត្តពេញលេញមួយ និងមានអំណាចគ្រប់គ្រាន់លើវិសាលភាពនៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងទប់ស្កាត់រាល់លំហូរកសិផល និងរុក្ខជាតិ ដែលអាចមានសមាសភាពសត្វល្អិតចង្រៃ និងសារធាតុគីមី និងថ្នាំសម្លាប់សត្វ ចូលមកកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំអំពីប្រវត្តិនៃការរៀបចំសេចក្តីព្រាងច្បាប់នេះយ៉ាងលម្អិត ដោយចាប់ផ្តើមនៅថ្ងៃទី១០ខែមិថុនាឆ្នាំ១៩៥២ដែលកម្ពុជាត្រូវបានទទួលស្គាល់ជារដ្ឋភាគីភ្ជាប់កាតព្វកិច្ចជាមួយអនុសញ្ញាអន្ដរជាតិស្តីពី “ការការពាររុក្ខជាតិ” ដែលមានសមាជិកភាគីសរុប ១៣៩ រដ្ឋ។ ពីដំណាក់កាលមួយទៅដំណាក់កាលមួយការងារត្រួតពិនិត្យភូតគាមអនាម័យត្រូវបានចាប់ផ្តើមដំណើរការក្រោមវិសាលភាពនៃអនុក្រឹត្យលេខ៩៨ អនក្រ. ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៨៣ ស្តីពី “ការត្រួតពិនិត្យភូតគាមអនាម័យលើផលិតផលរុក្ខជាតិនាំចេញ និងនាំចូល”។ នៅឆ្នាំ១៩៩៩ កម្ពុជាបានក្លាយជាសមាជិកអាស៊ាន និងក្នុងឆ្នាំ២០០៤ ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ការងារភូតគាមអនាម័យត្រូវបានពង្រឹងបន្ថែម ដើម្បីត្រួតពិនិត្យទំនិញជារុក្ខជាតិ ផលិតផលរុក្ខជាតិ ដោយរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១៥ អនក្រ.បក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៣ ស្តីពី “ការត្រួតពិនិត្យភូតគាមអនាម័យ” ទុកជាឧបករណ៍គតិយុត្តឆ្លើយតបតាមលក្ខខណ្ឌតម្រូវរបស់អង្គការ WTO។ ក្នុងការអនុវត្ត អនុក្រឹត្យលេខ១៥ នេះ មានបទប្បញ្ញត្តិមិនទាន់គ្រប់ជ្រុងជ្រោយសម្រាប់ជាយន្តការគាំទ្រ នីតិវិធី និងដំណើរការឱ្យបានសមស្របតាមលក្ខខណ្ឌតម្រូវដោយអនុសញ្ញាអន្តរជាតិស្តីពី “ការការពាររុក្ខជាតិ” និងកិច្ចព្រមព្រៀងស្តីពី “អនាម័យ និងភូតគាមអនាម័យ” នៃអង្គការ WTO ហើយក៏នៅមិនទាន់បានឆ្លើយតបតាមគោលការណ៍សមាហរណកម្មតំបន់ និងសកលក្នុងលក្ខខណ្ឌការងារភូតគាមអនាម័យ។ ម្យ៉ាងទៀត ដើម្បីបំពេញលក្ខខណ្ឌតម្រូវនៃអង្គការ WTO ក៏ដូចជាការបំពេញតួនាទីជារដ្ឋភាគីហត្ថលេខីនៃអនុសញ្ញាអន្តរជាតិស្ដីពី “ការការពាររុក្ខជាតិ” កម្ពុជាចាំបាច់ត្រូវមានច្បាប់ ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ដើម្បីជំនួសឲ្យអនុក្រឹត្យលេខ១៥។
នៅចំពោះមុខ ឯកឧត្តមប្រធានគណ:កម្មការទី៣ និងសមាជិកនៃអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចជូនអំពីគោលបំណងនៃសេចក្តីព្រាងច្បាប់នេះគឺធានាដល់ការគ្រប់គ្រង ការការពាររុក្ខជាតិ និងភូតគាមអនាម័យលើកសិផលទាំងនាំចេញ និងនាំចូល ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងបំពេញសេចក្តីត្រូវការរបស់សង្គម និងសេដ្ឋកិច្ចជាតិ។ មិនតែប៉ុណ្ណោះ សេចក្តីព្រាងច្បាប់នេះ មានអត្ថប្រយោជន៍សំខាន់ៗដូចខាងក្រោម ៖
– គ្រប់គ្រងការពាររុក្ខជាតិ និងការអនុវត្តវិធានការភូតគាមអនាម័យ
– គាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តជំរុញផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម
– ជាឧបករណ៍បទដ្ឋានគតិយុត្តក្នុងការអនុវត្តវិធានការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដើម្បីទប់ស្កាត់ការបង្ក ការរាតត្បាត និងការបំផ្លាញពីសំណាក់សមាសភាពចង្រៃគ្រប់ប្រភេទ
– គ្រប់គ្រងសុខភាពរុក្ខជាតិ លើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាព ប្រកបដោយភា តរបរិស្ថាន និរន្តរភាព និងប្រព័ន្ធក្សេត្របរិស្ថាន
– រក្សាអធិបតេយ្យភាព និងសន្តិសុខភូតគាមអនាម័យតាមរយៈការទប់ស្កាត់ការហូរចូលផលិត ផលកសិកម្មគ្រប់ប្រភេទដែលអាចមានផ្ទុកនូវសមាសភាពចង្រៃ និងសារធាតុបង្កផលប៉ះពាល់ដល់សុខភាពសាធារណ: ទប់ស្កាត់ការនាំចូល ឬការផ្ទុះនូវប្រភេទសមាសភាពចង្រៃរាតត្បាត
– បំពេញបាននូវលក្ខខណ្ឌតម្រូវ និងស្តង់ដាភូតគាមអនាម័យ ឱ្យមានសង្គតិភាពនឹងអនុសញ្ញាអន្តរជាតិស្តីពីការការពាររុក្ខជាតិ អង្គការពាណិជ្ជកម្មពិភពលោក ក្របខ័ណ្ឌអាស៊ាន
– ផ្តល់នូវជំនឿចិត្តជាមួយប្រទេសដៃគូពាណិជ្ជកម្ម និងកម្លាំងពេញលេញក្នុងការចរចាបើកទីផ្សារនាំចេញកសិផលកម្ពុជា ។
ជារួមខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ត្រូវបានពិនិត្យ ពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់ ដោយទទួលបានធាតុចូលជាពុទ្ធិសម្រាប់ជាមូលដ្ឋានគ្រឹះ ទ្រទ្រង់លើខ្លឹមសារបច្ចេកទេសនៃច្បាប់ ពាក្យពេជ្រ ឃ្លាប្រយោគ និងទម្រង់ ពីសាធារណៈ កិច្ចប្រជុំបច្ចេកទេស កិច្ចប្រជុំអន្តរក្រសួង និងគ្រប់ភាគីពាក់ព័ន្ធហើយជាចុងក្រោយត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីបញ្ជូនទៅសុំការពិនិត្យ និងអនុម័ត ពីស្ថាប័ននីតិប្បញ្ញត្តិតាមនីតិវិធី ដែលរួមមាន ១៥ជំពូក និង១១៣ មាត្រា។ ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមឯកឧត្តមប្រធានគណៈកម្មកាទី៣ និង គណៈកម្មការជំនាញផ្សេងទៀតនៃរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃអង្គ ប្រជុំទាំងមូល ដែលបានចំណាយពេលដ៏មានតម្លៃ ធ្វើការពិនិត្យពិចារណា ផ្តល់ធាតុចូលសំខាន់ៗ និងអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ តាមសំណើរបស់រាជរដ្ឋាភិបាល៕សហការី