ឯកឧត្ត​ម​​រដ្ឋមន្ត្រីក​សិ​​ក​ម្មបា​ននាំយ​ក​អង្ករជំនួយ​​​សង្គ្រោះបន្ទា​ន់ចំនួន៨តោនចែក​ជូនប្រជា​ព​​លរដ្ឋចំនួ​ន២​​០០គ្រួសា​រ​ក្នុ​ងស្រុ​ក​​​ស្វាយជ្រុំ

ចេញពីខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម សេង សិលា អភិបាលរង ខេត្ត និងសហការីបាននាំយកអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ៨តោន ចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារក្នុងស្រុកស្វាយជ្រុំ តំណាងឲ្យប្រជាពលរដ្ឋចំនួន ១ ០០០គ្រួសារក្នុងខេត្ត ស្វាយរៀង ដែលជាខេត្តគោលដៅចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្នុងការនាំយកអង្ករជំនួយសង្រ្គោះបន្ទាន់ចំនួន ៣០០តោន ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណ រដ្ឋកូរ៉េ តាមរយៈលេខាធិការដ្ឋានអាស៊ានបូក៣ (ចិត ជប៉ុន និងកូរ៉េ) ក្នុងកម្មវិធីការផ្តល់ស្បៀងបំរុងជាអង្ករសង្គ្រោះបន្ទាន់ ជូនដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីយកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសាររងផលប៉ះពាល់ពីជំងឺឆ្លងកូវីដ-១៩។
ខ្លឹមសារជារួមនៃការសំណេះសំណាលរបស់ឯកឧត្តមរដ្ឋមន្រ្តីជាមួយប្រជាពលរដ្ឋក្នុងខេត្តគោលដៅទាំង ៧ មានដូចខាងក្រោម ៖
១- ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។
២- ត្រូវចេះសម្របខ្លួនរស់នៅនិងប្រកបមុខរបរ ទៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនិងការរស់នៅជាមួយកូវិដ ១៩ ដោយត្រូវអនុវត្តវិធានការរបស់សុខាភិបាល ៣កុំ ៣ការពារ និងត្រូវទៅទទួលវ៉ាក់សាំងការពារ និងដុសជំរុញ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានគ្រប់ៗគ្នា។
៣- រស់នៅស្អាត ហូបស្អាត ដោយពង្រឹងការធ្វើអនាម័យខ្លួនប្រាណ លំនៅឋាន និងទីសាធារណ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗទៀត។
៤- យកចិត្តទុកដាក់ស្តារជីវភាពគ្រួសារឡើងវិញ តាមរយ:ខិតខំបង្កបង្កើនផល ពិសេសដំណាំ ជាស្បៀងប្រចាំថ្ងៃមានបន្លែ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ និងត្រី ធ្វើយ៉ាងណាអាចដោះស្រាយជីវភាពក្នុងគ្រួសារ ដោយមិនចាំបាប់ទៅចំណាយប្រាក់។
៥- ឪពុកម្តាយ ឬអាណាព្យាបាល ត្រូវបញ្ជូនកូន ចៅទៅសាលារៀនឲ្យបានទៀងទាត់តាមកម្ម វិធីសាលា ចៀសវាងយកឱកាសនេះ ពួកគាត់ដើរលេងដែលអាចប្រឈមការឆ្លងជំងឺ និងប្រព្រឹត្តអំពើខុសច្បាប់។
៦- ត្រូវចូលរួមថែរក្សា ការពារសន្តិភាពឲ្យបានគង់វង្ស ដែលយើងទទួលបានយ៉ាងលំបាក ក្រោមការខិតខំប្រឹងប្រែងស្ទើពេញមួយជីវិតរបស់សម្តេចតេជោ។
៧- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវពិនិត្យលទ្ធភាពបន្តដោះស្រាយជាគ្រាប់ពូជដំណាំ បន្លែ ត្រី និងមាន់ជូនកសិករតាមការចាំបាច់ ហើយត្រូវពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ បំណងស្វះស្វែងរកជំនួយបន្ថែម ដើម្បីយកមកជួយប្រជាកសិករឲ្យបានទាន់ពេលវេលា។ ព្រមជាមួយគ្នាត្រូវសហការជាមួយអាជ្ញាធរខេត្ត ស្រុក នាំយកអង្ករទៅចែកជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
សរុបលទ្ធផលនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីនាំយកអង្ករជំនួយសង្រ្គោះបន្ទាន់
មកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសារ រងផលប៉ះពាល់ពីជំងឺឆ្លង កូវីដ-១៩ សរុបចំនួន ៧ ៥០០គ្រួសារ ក្នុងខេត្តគោលដៅទាំង៧ មានខេត្តកំពង់ចាម សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ត្បូងឃ្មុំ និងខេត្តស្វាយរៀង។
១-ខេត្តកំពង់ចាម៖ បានចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ តំណាងឲ្យ ១ ០០០គ្រួសារ។
២-ខេត្តសៀមរាប៖ បានចែកជូនប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ តំណាងឲ្យ ១ ០០០គ្រួសារ។
៣-ខេត្តឧត្តរមានជ័យ៖ បានចែកជូនប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ តំណាងឲ្យ ១ ០០០ គ្រួសារ។
៤-ខេត្តបន្ទាយមានជ័យ៖ បានចែកជូនប្រជាពលរដ្ឋចំនួន ២១៥គ្រួសារ តំណាងឲ្យ ១ ៥០០ គ្រួសារ។
៥-ខេត្តបាត់ដំបង៖ បានចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ តំណាងឲ្យ ១ ០០០គ្រួសារ។
៦-ខេត្តត្បូងឃ្មុំ៖ បានចែកជូនប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ តំណាងឲ្យ ១ ០០០គ្រួសារ។
៧-ខេត្តស្វាយរៀង៖ បានចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ តំណាងឲ្យ១ ០០០គ្រួសារ។
ប្រជាពលរដ្ឋដែលទទួលបានអង្ករជំនួយសង្រ្គោះបន្ទាន់ ពីឯកឧត្តមរដ្ឋមន្រ្តីសរុបចំនួន ២០៦៥ គ្រួសារ នៃចំនួនគ្រួសារសរុប ៧ ៥០០គ្រួសារ ក្នុងខេត្តគោលដៅទាំង៧ អស់អង្ករ ៨២,៦០តោន នៃចំនួនអង្ករសរុបចំនួន ៣០០តោន។ ចំពោះប្រជាពលរដ្ឋដែលមិនទាន់បានទទួលអង្ករ អាជ្ញាធរខេត្ត ស្រុក សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តគោលដៅនឹងនាំយកអង្ករជំនួយសង្រ្គោះបន្ទាន់នេះទៅចែកជូនជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខ៕សហការី