
រុស្ស៊ីនិងចិនរួមគ្នាល្បាតនៅប៉ាស៊ីហ្វិកជាលើកដំបូង
នាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ីនិងចិនក្នុងសប្តាហ៍នេះបានធ្វើការល្បាតរួមគ្នាលើកដំបូងរបស់ពួកគេនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៣ខែតុលាថា”នាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ីនិងចិនបានធ្វើការល្បាតរួមគ្នាលើកដំបូងនៅប៉ាស៊ីហ្វិកខាងលិចចាប់ពីថ្ងៃទី ១៧-២៣ខែតុលា” ។នាវាមួយក្រុមនេះរួមមាននាវាចម្បាំង១០គ្រឿងរបស់កងនាវាប៉ាស៊ីហ្វិកនិងនាវា៥គ្រឿងរបស់កងទ័ពជើងទឹកចិន។កប៉ាល់បានបើកកាត់ដែនទឹកជប៉ុនហើយបានអនុវត្តយុទ្ធសាស្ត្ររួម។ក្រៅពីនាវាចម្បាំងឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកមួយចំនួនក៏បានចូលរួមក្នុងការល្បាតដែរ។ការល្បាតនេះមានគោលបំណងរក្សាសន្តិភាពនិងស្ថិរភាពនៅអាស៊ីប៉ាស៊ីហ្វិកក៏ដូចជាការពារសកម្មភាពសេដ្ឋកិច្ចសមុទ្ររបស់ប្រទេសទាំង២។កាលពីមុនចាប់ពីថ្ងៃទី១៤-១៧ ខែតុលានាវារុស្ស៊ីនិងចិនបានចូលរួមក្នុងសមយុទ្ធរួមគ្នាមួយដែលមានឈ្មោះថា“ កិច្ចសហប្រតិបត្តិការសមុទ្រ២០២១” នៅក្នុងដែនទឹកជប៉ុន។ក្រុមកប៉ាល់បានឆ្លងកាត់ច្រកសមុទ្រ Tsugaruជាលើកដំបូងរវាងសមុទ្រជប៉ុននិងមហាសមុទ្រប៉ាស៊ីហ្វិក។ ឆ្មាំសមុទ្រជប៉ុនបានដាក់ពង្រាយយន្តហោះឈ្លបយកការណ៍P-3Cដើម្បីតាមដានចលនារបស់ក្រុមនេះ។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងម៉ូស្គូនិងទីក្រុងប៉េកាំងមានទំនោរខិតទៅជិតគ្នាទាំងផ្នែកយោធា និងការទូតចំពេលមានទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនជាមួយលោកខាងលិច៕យោងតាមSputnik
នាវាចម្បាំងរុស្ស៊ីនិងចិនបានល្បាតលើកដំបូងនៅមហាសមុទ្រប៉ាស៊ីហ្វិក(រូបថត៖Reuters)