
ប្រធានាធិបតីអ៊ុយក្រែនបានបន្ទោសលោកខាងលិចថាមិនបានរក្សាពាក្យសម្ដីរបស់ខ្លួន
លោកប្រធានាធិបតីZelenskyបាននិយាយថាលោកខាងលិចបានធ្វើការសន្យាជាច្រើន។ប៉ុន្តែមិនបានរក្សាពាក្យសម្តីដោយកត់សម្គាល់ថាអ៊ុយក្រែនមិនបានទទួលយន្តហោះគាំទ្រទេបន្ទាប់ពីមានអរិភាពអស់រយៈពេល១៣ថ្ងៃ។”យើងបានស្តាប់ការសន្យាអស់រយៈពេល១៣ថ្ងៃហើយ។ពួកគេបានសន្យាថានឹងជួយយើងនៅលើមេឃនឹងមានយន្តហោះហើយពួកគេនឹងបញ្ជូនមកពួកយើង។ប៉ុន្តែទំនួលខុសត្រូវសម្រាប់ការអនុវត្តគឺស្ថិតនៅលើអ្នកដែលមិនអាចធ្វើការសម្រេចចិត្ត។ លោកប្រធានាធិបតីZelenskyបាននិយាយនៅថ្ងៃនេះនៅក្នុងការផ្សាយតាមទូរទស្សន៍នៅលើបណ្តាញសង្គមTelegram។ក្នុងអំឡុងពេលកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិតជាមួយសមាជិកសភាអាមេរិកកាលពីសប្តាហ៍មុនប្រធានាធិបតីZelenskyបានអំពាវនាវជាបន្ទាន់ដល់ទីក្រុងវ៉ាស៊ីនតោនដើម្បីជួយក្រុងគៀវទទួលបានយន្តហោះចម្បាំងបន្ថែមទៀតដើម្បីរក្សាសមត្ថភាពគ្រប់គ្រងដែនអាកាសនិងដោះស្រាយយុទ្ធនាការយោធារបស់រុស្ស៊ី។រដ្ឋមន្ត្រីការបរទេសលោក Antony Blinken កាលពីថ្ងៃទី៦ខែមីនាបានបញ្ជាក់ថា អាមេរិកមានភ្លើងខៀវលើគំនិតនេះហើយកំពុងស្ថិតក្នុង “ការពិភាក្សាសកម្ម”សម្រាប់ប៉ូឡូញ ដែលជាសមាជិកណាតូដើម្បីផ្គត់ផ្គង់យន្តហោះចម្បាំងMiG-29 ដល់អ៊ុយក្រែន។ប្រទេសប៉ូឡូញគាំទ្រយ៉ាងខ្លាំងក្លាចំពោះអ៊ុយក្រែនខាងនយោបាយហើយបើកព្រំដែនរបស់ខ្លួនដល់ជនភៀសខ្លួនពីអ៊ុយក្រែន។ប៉ុន្តែហាក់បីដូចជាមិនមានការសាទរចំពោះសំណើរបស់សហរដ្ឋអាមេរិកក្នុងការផ្លាស់ទីយន្តហោះចម្បាំងនោះទេ។ អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ លោក Piotr Mueller បាននិយាយថា “ទាក់ទងនឹងការបញ្ជូនយន្តហោះនេះខ្ញុំគ្រាន់តែអាចបញ្ជាក់ម្តងទៀតថាគ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងទេ” ។លោក Mullerបានបដិសេធថា ប៉ូឡូញមិនអាចអនុញ្ញាតឱ្យយន្តហោះចម្បាំងអ៊ុយក្រែនចុះចត ដើម្បីចាក់សាំងនិងចាក់ប្រេងនៅមូលដ្ឋានទ័ពអាកាសរបស់ខ្លួន។ រុស្សីបានចោទប្រកាន់រូម៉ានី និងប្រទេសមួយចំនួនទៀតថាបានទទួលយន្តហោះអ៊ុយក្រែនដោយព្រមានថាវាជាទង្វើនៃ “ការចូលរួមក្នុងជម្លោះ”។ប្រធានាធិបតីZelenskyនិងមន្ត្រីមួយចំនួនក៏បានអំពាវនាវឱ្យលោកខាងលិចបង្កើតតំបន់គ្មានការហោះហើរលើអ៊ុយក្រែន។អ្នកគាំទ្រគំនិតនេះជឿថាការណ៍នេះនឹងកាត់ផ្តាច់ប្រតិបត្តិការផ្លូវអាកាសរបស់រុស្ស៊ីដោយរារាំងសន្ទុះនៃកងទ័ពរុស្ស៊ីមិនឲ្យឈានទៅមុខក្រុងគៀវ។ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋបាលលោកBidenបានបញ្ជាក់យ៉ាងច្បាស់និងស្របគ្នាថាពួកគេនឹងមិនពិចារណាបង្កើតតំបន់ហាមហោះហើរលើអ៊ុយក្រែនទេដោយសារខ្លាចមានផលវិបាកគ្រោះថ្នាក់។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក៏បានយល់ស្របដែរថាការបង្កើតតំបន់គ្មានការហោះហើរលើអ៊ុយក្រែន «អាចបង្កឲ្យមានសង្រ្គាមពេញផ្ទៃអឺរ៉ុប»៕យោងតាមAFP