ឯក​ឧត្ត​ម​រ​ដ្ឋមន្ត្រីវេង​សា​ខុ​ន​​បន្តដំ​ណើរម​​កសាលាស្រុ​កព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ​នាំយ​កអង្ករជំនួ​យ​សង្គ្រោះបន្ទាន់ចំនួ​ន៦០​តោ​​នម​ក​​ចែកជូ​ន​​បងប្អូនប្រជាព​​​លរដ្ឋចំនួន​២​​១៥​គ្រួសារ

ឈានចូលដល់កម្មវិធីទី២ក្នុងថ្ងៃទី៣នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តីនិងសហការី នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានចាកចេញពីស្រុកចុងកាល់ ខេត្ត ឧត្តរមានជ័យ បានបន្តដំណើរមកសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីនាំយកអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ៦០តោន មកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ២១៥គ្រួសារ (តំណាងឲ្យ ១៥០០គ្រួសារ) ដែលអញ្ជើញមកពីស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក។ ក្នុងពិធីនេះ លោកជំទាវ រស់ សុផានី អភិបាលរងខេត្ត លោកព្រះរាជអាជ្ញាខេត្ត អធិការរងខេត្ត ក្រុមប្រឹក្សាស្រុក មន្រ្តីនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក៏មានវត្តមានផងដែរ។
ក្រោយបានស្តាប់របាយការណ៍សង្ខេបរបស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវអភិបាលរងខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត មកជូនបងប្អូនទាំង ២១៥គ្រួសារ ដែលមានវត្តមាននារសៀលថ្ងៃនេះ ហើយសម្តេចទាំងទ្វេបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋជួបតែពុទ្ធិពរទាំង ៤ប្រការ។ ស្ថិតក្រោមម្លប់ដើមឈើចន្ទគីរីយ៉ាងត្រជាក់ត្រឈឹងត្រឈៃក្នុងបរិវេណសាលាស្រុកព្រះនេត្រព្រះ ដោយសារបងប្អូនអញ្ជើញមកពីទីឆ្ងាយ និងប្រញាប់ត្រឡប់ទៅលំនៅឋានវិញផង ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវបានប្រើពេលខ្លី ធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដោយលើកយកចំណុចសំខាន់ៗមកជម្រាបជូនអង្គពិធីមានជាអាទិ៍ ៖ បច្ចុប្បន្នភាពនៃស្ថានភាពជំងឺកូវីដ-១៩ វិធានការការពារ ការអនុវត្តវិធានការ ៣កុំ ៣ការពារ ការអន្តរាគមន៍ចុះចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ រួមទាំងកុមារផងដែរ ចលនាចេញ-ចូលរបស់ពលករនៅតាមច្រកអន្តរជាតិ សកម្មភាពនាំចេញកសិផលទៅកាន់ប្រទេសថៃ និងការងារបង្កបង្កើនផល។ល។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីដោយសង្ខេបពីហានីភ័យនៃជំងឺឆ្លងកូវីដ-១៩ ផលប៉ះពាល់ជីវភាព និងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ វិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ជាពិសេសវិធានការសុខាភិបាល (៣កុំ ៣ការពារ និងអន្តរាគមន៍ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ) សំដៅទប់ស្កាត់ឲ្យខាងតែបាននូវការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ និងជាពិសេសបើកឲ្យដំណើរការសកម្មភាពសង្គម បំណងស្តារសេដ្ឋកិច្ចជាតិយើងឡើងវិញ។ ចំពោះអំណោយអង្ករនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនបងប្អូនផងដែរអំពីសាវតារបស់អង្ករ និងជាពិសេសដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្រ្តី លោក និងអភិបាលខេត្តគោលដៅ និងក្រុមការងាររបស់អគ្គនាយកដ្ឋានកសិកម្ម ដែលដឹកនាំដោយឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកយកអង្ករចំនួន ៦០តោន មកជូនបងប្អូន ១៥០០គ្រួសារ សម្រាប់ខេត្តបន្ទាយមានជ័យ។ ក្រៅពីអង្ករ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋឲ្យចូលរួមការ ពារជំងឺនេះទាំងក្នុងសហគមន៍ ក្នុងគ្រួសារ និងខ្លួនយើងផ្ទាល់ ហើយត្រូវខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ និងត្រី ជុំវិញផ្ទះដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។ចំពោះខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រីទើបបានទទួលដំណឹងមកថា កាលពីថ្ងៃម្សិលមានមានភ្លៀងដើមឆ្នាំ និងខ្យល់កន្រ្តាក់ បានបំផ្លាញផ្ទះសំបែងរបស់បងប្អូនអស់ ជាច្រើនរយខ្នង ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យលោកប្រធានមន្ទីរត្រូវចុះអន្តរាគមន៍ សហការជាមួយអាជ្ញាធរមូលដ្ឋានដោះស្រាយបញ្ហាជូនបងប្អូនតាមស្ថានភាពជាក់ស្តែង។ក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយ មានជ័យ បានខិតខំពង្រឹងការងារបង្កបង្កើនផល ចិញ្ចឹមសត្វ តាមរយ:កិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
១- សហការជាមួយអង្គការ FAO អនុវត្តគម្រោងស្តីពី “ការពង្រឹងការស្តារជីវភាពរបស់សហគមន៍ជនបទដែលរងផលប៉ះពាល់ពីការរាតត្បាតនៃជម្ងឺកូវីត-១៩ ” ដោយបានផ្តល់ ពូជដំណាំ បន្លែ ចិញ្ចឹមមាន់ និងចិញ្ចឹមត្រី កង្កែប ជូនកសិករចំនួន សរុប ៥០៣គ្រួសារ (ស្រុកស្វាយចេក និង ស្រុកភ្នំស្រុក) និងធ្វើបង្ហាញបច្ចេកទេសដាំបន្លែ ជូនកសិករចំនួន ២៦០គ្រួសារ ហើយបានផ្ដល់សម្ភារៈស្រោចស្រព និងគ្រាប់ពូជបន្លែ។
-បណ្ដុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ ចំនួន ២០៣គ្រួសារ និងផ្តល់ជូនសម្ភារៈ បរិក្ខាសម្រាប់ការចិញ្ចឹមមាន់ផងដែរ។ បណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រី និងចិញ្ចឹមកង្កែប ក្នុងតង់ប្លាស្ទិច (កង្កែប២០គ្រួសារ ត្រី២០គ្រួសារ) បានផ្តល់ពូជកូនកង្កែប កូនត្រី តង់ចិញ្ចឹម និងសំណាញ់។
២- ការងារបង្កបង្កើនផល ៖
– ស្រូវវស្សា ៖ ដាំដុះបាន ២៥២ ៣២០ហ.ត ទទួលបានផលសរុប ៧៩៧ ២៥៧ តោន។
– ស្រូវប្រាំង ៖ ដាំដុះបានសរុប ៖ ៥០ ៥១១ហ.ត ទទួលបានផលសរុប ២១០ ៤២៨តោន។
– ដំណាំរួមផ្សំ ៖ ៧១១ហត (ពោតផ្អែម ៦៣៦ហត និងដំឡូងជ្វា ៧៥ហត )។
– ដំណាំបន្លែ ៖ ២ ៣២៦ហត (សណ្ដែកផ្សេងៗ ១៨៧ហ.ត បន្លែគ្រប់មុខ ២ ១៣៩ហ.ត។
– ដំណាំកសិឧស្សាហកម្ម ៖ ៩៦០៩០ហត (ពោតក្រហម ដំឡូង សណ្ដែកបាយ ក្រចៅ អំពៅសណ្តែកដី ល្ង សណ្ដែកសៀង ស្វាយចន្ទី)៕សហការី