សម្ដេចតេ​ជោហ៊ុនសែនអញ្ជើញទទួលជួបពិ​ភាក្សាការ​ងារជាមួយ​បេសកជ​​នពិសេសរដ្ឋា​ភិបាល​ជប៉ុន

នៅវិមានសន្តិភាព នារសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Yohei Sasakawa បេសកជនពិសេសរដ្ឋាភិបាលជប៉ុន និងជាប្រធានអង្គការ The Nippon Foundation។
នៅក្នុងជំនួបនេះ ឯកឧត្តម​ Yohei Sasakawa បានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ ឯកឧត្តមសង្កេតឃើញថា ព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ដែលនេះ ឆ្លុះបញ្ចាំងឲ្យឃើញនូវការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុនសែន ដែលនាំអោយប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងប្រជាជនមានជីវភាពរស់នៅល្អប្រសើរ។ឯកឧត្តមក៏បានគាំទ្រនូវដំណើរបំពេញទស្សនកិច្ចការងាររបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីពេលកន្លងទៅនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា ជំនួបមួយរយដងគឺមិនស្មើនឹងសកម្មភាពម្ដងនោះទេនោះគឺដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ាគឺបានបើកទ្វា ដែលបានចាក់សោរួចទៅហើយនោះ ។ ឯកឧត្តមយល់ឃើញថា នេះគឺជាសកម្មភាពមួយ ដែលធ្វើឡើងដោយអស់ពីចិត្ត ពីបេះដូង ហើយក៏ជាសកម្មភាពដែលទទួលបាននូវការគោរពផង និងផ្ដល់នូវក្តីសង្ឃឹមកាន់តែធំផង ទៅដល់ប្រជាជនមីយ៉ាន់ម៉ា។ឆ្លៀតនៅក្នុងឱកាសនោះផងដែរឯកឧត្តម Yohei Sasakawa ក៏បានជម្រាបជូនសម្ដេចតេជោអំពីអង្គការរបស់ឯកឧត្តមដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាយូរណាស់មកហើយ ទាក់ទងទៅការបង្រៀនសិស្សឲ្យរៀនធ្វើអវយវៈសិប្បនិម្មិត ហើយក្នុងពេលនេះឯកឧត្តមសូមគោរពដ៏ខ្ពង់ខ្ពស់ចំពោះសម្ដេចតេជោ ដើម្បីឱ្យកូនសិស្សនៃប្រទេសមីយ៉ាន់ម៉ាបានមកសិក្សានៅកម្ពុជាអំពីការរៀនធ្វើអវយវៈសិប្បនិម្មិត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Yohei Sasakawa នូវពាក្យពេចន៍ដ៏ល្អរបស់ឯកឧត្តម ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា យើងមានចំណាប់អារម្មណ៍ដូចគ្នាចំពោះមីយ៉ាន់ម៉ា នោះគឺការបញ្ឈប់អំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ា និងនាំនូវអំណោយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងត្រូវការជំនួយជាចាំបាច់នោះ ។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ទិសដៅដែលសំខាន់បំផុតនោះគឺ នាំមកជូនមីយ៉ាន់ម៉ានូវលទ្ធិប្រជាធិបតេយ្យ ។ សម្ដេចតេជោបានមានប្រសាសន៍បន្ថែមទៀតថា ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន សម្ដេចនឹងខិតខំប្រឹងប្រែងបន្តការងារនេះ ហើយសម្ដេចក៏បានស្នើសុំ ឯកឧត្តម Yohei Sasakawa បន្តធ្វើការជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និង ជាប្រេសិតពិសេសរបស់អាស៊ានលើបញ្ហាមីយ៉ាម៉ា។ ពាក់ព័ន្ធទៅនឹងការស្នើសុំឲ្យសិស្សនៃប្រទេសមីយ៉ាន់ម៉ាមកសិក្សាបច្ចេកទេសផលិតអវៈយវៈសិប្បនិមិត្តនៅកម្ពុជានោះ សម្ដេចតេជោ បានស្វាគមន៍ និងបានមានប្រសាសន៍ថា នេះជាកិត្តិយសណាស់សម្រាប់ប្រទេសកម្ពុជា៕សហការី