សម្តេចហ៊ុនសែនអំពាវនាវ​ដល់ពលរដ្ឋ​ខ្មែ​រកុំ​ឲ្យស្ម័គ្រចិត្ត​ទៅ​ចូលរួម​ប្រយុទ្ធ​​ជាមួយក​ងទ័ព​អ៊ុយ​ក្រែន​

សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​នៅក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​នាព្រឹក​ថ្ងៃចន្ទ​នេះបាន​ធ្វើការ​អំពាវនាវ​ដល់ពលរដ្ឋ​ខ្មែរកុំ​ឲ្យស្ម័គ្រចិត្ត​ទៅចូលរួម​ប្រយុទ្ធ​ជាមួយកងទ័ព​អ៊ុយក្រែន​ នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។​សម្តេចហ៊ុនសែន​បញ្ជាក់​ថាការធ្វើបែបនេះ​មិនខុសគ្នា​ពីការ​យកសាំង​ទៅចាក់​លើភ្លើងទេ​ដោយ​បញ្ហានេះសម្តេចមិន​អនុញ្ញាតទេ​ព្រោះវាខុស​នឹង​រដ្ឋធម្មនុញ្ញ​របស់កម្ពុជា។សម្តេចបានបញ្ជាក់ថា“ឥឡូវសូម្បីតែកូនក្មេងក៏ចេះយកចិត្តទុកដាក់លើអ៊ុយក្រែន និងរុស្ស៊ីវៃគ្នាដែរ។ប៉ុន្តែសូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើងកុំឱ្យឈានហួសរហូតដល់ស្ម័គ្រចិត្តដល់​ធ្វើ​ទាហានជួយអ៊ុយក្រែនដូចប្រទេសមួយចំនួន។ខ្ញុំមិនផ្តល់ឱកាសឱ្យទៅទេ ព្រោះទៅហ្នឹង!​គឺទី១​ គ្មានអីដឹកទេហើយទី២កុំយកសាំងចាក់លើភ្លើង”។សម្តេចហ៊ុនសែនបន្តថាបើភ្លើងកំពុង​ឆេះហើយកុំចាក់សាំងបន្ថែមត្រូវធ្វើយ៉ាងណាពន្លត់។ទន្ទឹមនេះមានពលរដ្ឋមួយចំនួនចង់ធ្វើ​ទ័ពជួយអ៊ុយក្រែន ចំណុចនេះគឺជាការលើកទឹកចិត្តនោះទេ ព្រោះ អ៊ុយក្រែន​គេមិនឱ្យចូល​ក្នុង​កងទ័ពគេនោះទេ ហើយយើងគ្មានសមត្ថភាពធ្វើបែបនេះទេ។ជាមួយគ្នានោះដែរសម្តេចក៏បានជំរុញឱ្យមានការសន្ទនាចរចាគ្នា និងបញ្ឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន ហើយសម្តេចក៏មិនគាំទ្រឬលើកទឹកឱ្យមានការបំបែករដ្ឋ និង​មិនគាំទ្រឬប្រឆាំងជាមួយនឹងការប្រើប្រាស់កម្លាំងឬគំរាមប្រើប្រាស់កម្លាំង ដោយអំពាវនាវ​ឱ្យមានការចរចាដោយគិតថាមិនអាចយកសង្គ្រាមបញ្ចប់ដោយសង្គ្រាមបាននោះទេ។ សម្តេច​តេជោបានគូសបញ្ជាក់បន្ថែមថា សម្តេចបានតាមដានសភាពការណ៍យ៉ាងដិតដល់។ប៉ុន្តែឃើញ​ថា​សង្គ្រាម រុស្ស៊ីនិងអ៊ុយក្រែនចេះតែរុលទៅមុខដូច្នេះបានជាកម្ពុជាសម្រេចចូលរួមធ្វើជា​សហស្ថានិកនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្កការសហប្រជាជាតិ។ សម្តេច​បាន​ថ្លែងថា “ខ្ញុំចេញបញ្ជាក់ត្រឹមតែ៣ម៉ោងកន្លះ​មុនការបោះឆ្នោតតែប៉ុណ្ណោះ​ព្រោះយើងមិន​អាច​ព្រងើយកណ្តើយចំពោះការវ៉ៃលុកទ្រង់ទ្រាយធំពីប្រទេសមួយទៅប្រទេសមួយបានទេ។ អីចឹង​កម្ពុជាប្រកាន់យកឥរិយាបថមួយដែលចំណុចនេះ​មិនមានអ្នកណា​មក​ចលនានោះទេ គឺវា​ស្ថិតក្នុងគោលការណ៍​និងរដ្ឋអធិបតេយ្យមួយទាក់ទិននឹង​សេចក្តីសម្រេច​ពាក់ព័ន្ធនឹងការគាំទ្រ ឬមិនគាំទ្រ”។ សម្តេចនាយករដ្ឋមន្រ្ដីសង្កត់ធ្ងន់ថា សង្គ្រាម​រវាង​រុស្ស៊ីនិង អ៊ុយក្រែន​កាន់​តែសាហាវទៅៗ ហើយសម្ដេចបានប្រាប់ទៅឯកឧត្តម ប្រាក់ សុខុនធ្វើការពិភាក្សាជាមួយ​ដៃគូអាស៊ាន អំពាវនាវមានការឈប់បាញ់។សម្តេចបញ្ជាក់ទៀតថា “ខ្ញុំមិនជឿថារុស្ស៊ីយកឈ្នះអ៊ុយក្រែនបានទេខ្ញុំ​មិន​ជឿទេ ហើយអ៊ុយក្រែនមិនអាចសម្លាប់កងទ័ពរុស្ស៊ីនៅលើទឹកអ៊ុយក្រែនបានដែរ។ជម្រើស​ដែលល្អសម្រាប់រុស្ស៊ី និងអ៊ុយក្រែន គឺមានតែការចរចាគ្នាហើយដើម្បីការចរចាគ្នាបាន​គឺមានតែបញ្ចប់បទឈប់បាញ់។“ពិតហើយរុស្ស៊ីនិងអ៊ុយក្រែនបានព្រមព្រៀងពីបទឈប់បាញ់​នៅច្រករបៀង ។ប៉ុន្តែបាន​អនុវត្តន៍​ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះសម្រាប់ជម្លៀសប្រជាជននិង​បញ្ជូនម្ហូបអាហារ តែបទ​ឈប់បាននេះត្រូវបានបាញ់ឡើងវិញ។ ថ្ងៃនេះខ្ញុំសូមអំពាវនាវឱ្យ​មាន​បទឈប់បាញ់ដែល​មាន​ន័យថាអ្នកណានៅកន្លែងណាគឺនៅកន្លែងនឹងដើម្បីធ្វើយ៉ាងណាកាត់​បន្ថយ​មហន្ដ​រាយដល់​ប្រជាពលរដ្ឋ រួចហើយចាប់ផ្តើមការចរចា”។ នេះជាការលើកឡើងបន្ថែម​របស់សម្ដេចតេជោ។ សម្តេចតេជោក៏បានអះអាងដែរថាការចរចាគឺធ្វើឡើង​រវាងរុស្ស៊ី​ និងអ៊ុយ​ក្រែននិងការចរចាណាតូ អឺរ៉ុប ជាមួយរុស្ស៊ីទាក់ទងនឹងសន្តិសុខរបស់ខ្លួនហើយមានតែ​ជម្រើ​តែមួយគត់ធ្វើឱ្យពិភពលោកធូរស្រាល។សូមបញ្ជាក់ថានៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះមានពលរដ្ឋមកពីប្រទេសនានាជាច្រើនពាន់នាក់ បានស្ម័គ្រចិត្តជាបន្តបន្ទាប់ធ្វើដំណើរទៅកាន់អ៊ុយក្រែនដើម្បីចូលរួមប្រយុទ្ធនិងបំរើកិច្ចការផ្សេងៗនៅក្នុងសមរភូមិអ៊ុយក្រែន។ក៏ប៉ុន្តែមិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថាមានពលរដ្ឋខ្មែរស្ម័គ្រចិត្តទៅចូលរួមជាមួយអ៊ុកក្រែននៅឡើយទេ។ ការគូស​បញ្ជាក់របស់សម្តេច​នាយករដ្ឋ​មន្រ្ដីនេះ ​បន្ទាប់ពីមានអ្នកលេងហ្វេសប៊ុកមួយ​ចំនួន​បានខុមមិនចូលក្នុងផេក​ហ្វេស​ប៊ុករបស់​សម្តេច​ថាចង់ទៅធ្វើទ័ពនៅប្រទេសអ៊ុយ​ក្រែន​ដើម្បីប្រឆាំងនឹងប្រទេសរុស្ស៊ី៕

ទាហាន​អ៊ុយក្រែន​បាន​ចូល​រួម​ក្នុង​សមយុទ្ធ​នៅ​ក្បែរ​តំបន់​គ្រីមៀ។រូបភាពGetty