ឯក​​ឧត្តម​រដ្ឋមន្ត្រីវេងសា​​ខុន​បាន​ដឹ​កនាំប្រ​តិភូក្រសួង​ចេញបេ​សកកម្មបន្ទាន់​ទៅកា​​ន់ខេត្តគោ​​លដៅចំ​​នួ​ន​​០៧

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមរដ្ឋមន្ត្រីវេងសាខុន បានដឹកនាំប្រតិភូក្រសួងចេញបេសកកម្មបន្ទាន់ទៅកាន់ខេត្តគោលដៅចំនួន០៧ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដោយចាប់ផ្តើមពីខេត្តកំពង់ចាម សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ត្បូងឃ្មុំ និងខេត្តស្វាយរៀង។ បេសកកម្ម ដ៏មានសារ សំខាន់នេះមានគោលបំណងនាំយកអង្គរជំនួយសង្គ្រោះបន្ទាន់ចំនួន ៣០០តោន ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតបណ្តាលមកពីបានទទួលរងនូវផលប៉ះពាល់ដោយ សារជំងឺឆ្លងកូវីដ-១៩។ បើតាមគម្រោងបែងចែកគឺអង្ករចំនួន ៣០០តោននេះ ត្រូវចែកជូនប្រជា ពលរដ្ឋចំនួន ៧ ៥០០គ្រួសារ ក្នុងនោះខេត្តស្វាយរៀងចំនួន ១ ០០០គ្រួសារ ត្បូងឃ្មុំចំនួន ១ ០០០គ្រួសារ បាត់ដំបងចំនួន ១ ០០០គ្រួសារ បន្ទាយមានជ័យចំនួន ១ ៥០០គ្រួសារ ឧត្តរមានជ័យចំនួន ១ ០០០គ្រួសារ សៀមរាបចំនួន ១ ០០០គ្រួសារ និងខេត្តកំពង់ចាមចំនួន ១ ០០០គ្រួសារ (៤០គ.ក្រ /គ្រួសារ)។
ជាក់ស្តែងនៅសាលប្រជុំស្រុកកំពង់សៀម នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ គឺជាថ្ងៃបេសកកម្មទី១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរជាមួយដោយឯកឧត្តម អ៊ុង សំអាត ឯកឧត្តម ទូច ប៊ុនហួរ រដ្ឋលេខាធិការ ឯកឧត្តមងិនឆាយប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកម្ម លោកអភិបាលរងនៃគណអភិបាលខេត្តកំពង់ចាម បាននាំយកអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ៤០តោន មកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ២០០ គ្រួសារ អញ្ជើញមកពីស្រុកកំពង់សៀម និងក្រុងកំពង់ចាម តំណាងឲ្យបងប្អូនចំនួន ១០០០ គ្រួសារនៅទូទាំងខេត្តកំពង់ចាមដែលនឹងត្រូវទទួលបានអង្ករនេះ។
មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមលោកតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងតំណាងឲ្យប្រធានលេខាធិការអាស៊ានបូកបី លោកបានពាំនាំ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត មកជូនបងប្អូននៅទូទាំងខេត្តកំពង់ចាម និងដោយឡែកបងប្អូនដែលអញ្ជើញមកទទួលអំណោយនារសៀលថ្ងៃនេះ ហើយសម្តេចទាំងទ្វេបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋជួបតែពុទ្ធិពរទាំង ៤ប្រការ និងលើកទឹកចិត្តឲ្យបងប្អូនរឹងមាំឡើង និងត្រូវបន្តកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចគ្រួសារ ក៏ដូចសេដ្ឋកិច្ចជាតិយើងឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។
ចំពោះអង្ករជំនួយសង្គ្រោះបន្ទាន់នេះឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់អង្ករចំនួន ៣០០ តោន មកដល់ប្រជាជនកម្ពុជា សម្រាប់ចែកជូនប្រជាជនចំនួន៧៥០០គ្រួសារដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀងក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃមេរោគកូវិដ ១៩ ក្នុងរយៈពេលជាងពីរកន្លងទៅនេះ ។ ជាមួយគ្នានេះបឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឲ្យក្រសួងសកិកម្មរុក្ខាប្រមាញ់និងនេសាទចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពី”ការត្រៀមបម្រុងអង្ករសង្រ្គោះបន្ទាន់”កន្លងទៅនេះនិងជាពិសេសបានអនុញ្ញាតឲ្យឯកឧត្តមរដ្ឋមន្រ្តីនាំយកអង្គរនេះមកចែកជូនបងប្អូនដោយផ្ទាល់តែម្តងនៅតាមខេត្តគោលដៅទាំង ៧។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាពិតណាស់កិច្ចព្រមព្រៀងនេះបានផ្តល់ផលប្រយោជន៍ដូចការរំពឹងទុកនូវអ្វីដែលបងប្អូនយើងទទួលបាននាពេលនេះ។ ជំនួយជាអង្ករនេះ លោកបានបន្តថាវាជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីការគិតគូយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ អំពីស្ថានភាពជីវភាពរបស់បងប្អូនដែលទទួលរងនូវផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ-១៩ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីមានក្តីសង្ឃឹមថានៅមានជំនួយជាបន្តបន្ទាប់ទៀតតាមរយ:ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមបណ្តាឃុំ ស្រុក ខេត្ត នឹងបន្តធ្វើយ៉ាងណាមិនឲ្យបងប្អូនមានបញ្ហាជីវភាពធ្ងន់ធ្ងរឡើយ។ ជាក់ស្តែង កន្លងមកក្នុងអំឡុងពេលជួបវិបត្តិក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បាននាំយកគ្រឿងឧបភោគ បរិភោគ ថ្នាំសង្កូវ សម្ភារបរិក្ខាពេទ្យ មកចែកជូនបងប្អូនជាបន្តបន្ទាប់។ ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់បងប្អូនឲ្យខិតខំតស៊ូជំនះនូវរាល់ឧបសគ្គដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញហើយរាជរដ្ឋាភិបាលនឹងនៅតែបន្តជួយឧបត្ថម្ភគាំទ្រគ្រប់ពេលវេលាដោយមិនអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋជួបបញ្ហាដោយសារខ្វះស្បៀងឡើយ។ សាវតានៃអង្ករជំនួយសង្គ្រោះបន្ទាន់ ៖
ដោយប្រទេសកម្ពុជា ជាប្រទេសហត្ថលេខីលើកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពី “ការត្រៀមបម្រុងអង្ករសង្រ្គោះបន្ទាន់ (ASEAN Plus Three Emergecy Rice Reserve-APTERR)” ត្រូវបានបង្កើតឡើងក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ) ដែលបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងកសិកម្មនិងព្រៃឈើអាស៊ានបូកបី ក្នុងកិច្ចប្រជុំលើកទី១១របស់រដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ានបូកបីនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០១១ នៅរដ្ឋធានីហ្សាការតា។ ផលប្រយោជន៍នៃកិច្ចព្រមព្រៀងកម្ពុជា ទទួលបានទទួលបានអង្ករយកមកចែកជូនប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធ្ងន់ធ្ងរ។ ជាក់ស្តែង ចាប់តាំងពីមុន និងក្រោយបង្កើតកិច្ចព្រមព្រៀងនេះ កម្ពុជាបានទទួលអង្ករក្នុងបរិមាណដូចខាងក្រោម ៖
– ឆ្នាំ២០០៧-២០០៨ ចំនួន៤៨០តោន
– ឆ្នាំ២០១៥-២០១៦ ចំនួន២១០តោន
– ឆ្នាំ២០១៧-២០១៨ ចំនួន២៥០តោន
– ឆ្នាំ២០២០ ចំនួន៣០០តោន។
ដោយសារការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ជាពិសេសក្នុងឆ្នាំ២០២១ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកសំណើសុំអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ៣០០តោន ពីលេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ សម្រាប់ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។
សំណើត្រូវបានលេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ បានឯកភាព ដែលមានសាធារណៈរដ្ឋកូរ៉េជាម្ចាស់ជំនួយបានផ្គត់ផ្គង់អង្ករចំនួន ៣០០តោន (៧ ៥០០បាវ) គិតជាថវិកាស្នើ ៥៤៦ ៣៦០ដុល្លារ ហើយបានមកដល់កម្ពុជាកាលពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២១៕សហការី