រុស្ស៊ីផ្តល់​សំណ​ងដល់ទាហា​​នដែល​បានស្លាប់​នៅក្នុងការ​ប្រយុទ្ធនៅ​​អ៊ុយក្រែន

លោកប្រធានាធិបតីPutinបាននិយាយថាគ្រួសារទាហានរុស្ស៊ីដែលត្រូវបានសម្លាប់ក្នុងប្រទេសអ៊ុយក្រែន នឹងទទួលបានប្រាក់ចំនួន៧លានruble(ជិត៦៥,០០០ដុល្លារអាមេរិក)ខណៈដែលអ្នករបួសនឹងទទួលបានប្រាក់ឧបត្ថម្ភជិតពាក់កណ្តាល។ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃទី៣ ខែមីនាប្រធានាធិបតីរុស្ស៊ី លោកVladimir Putinបាននិយាយថាក្រុមគ្រួសាររបស់ទាហានរុស្ស៊ីដែលត្រូវបានសម្លាប់ពេលបំពេញបេសកកម្មនៅអ៊ុយក្រែននឹងទទួលបានសំណងជាង ៧លានruble(ជិត ៦៥,០០០ដុល្លារអាមេរិក)ពីរដ្ឋាភិបាល។លោក​បាន​បដិសេធ​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​ថា​ប្រាក់​សំណង​សម្រាប់​ទាហាន​ដែល​ត្រូវ​បាន​ស្លាប់​ក្នុង​សមរភូមិ​គឺ​ត្រឹម​តែ១១,០០០ ruble(ប្រហែល ១០០ ដុល្លារ)។ ប្រធានាធិបតីរុស្ស៊ីបានបន្ថែមថា អ្នករងរបួសដែលមានសិទ្ធិនឹងទទួលបានប្រាក់ឧបត្ថម្ភមួយដងចំនួន៣លានruble (ជិត២៨,០០០ដុល្លារ) ខណៈដែលទាហានដែលមានរបួសជាអចិន្ត្រៃយ៍នឹងទទួលបានប្រាក់ឧបត្ថម្ភពេញមួយជីវិត។ប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់ថាប្រតិបត្តិការយោធានៅអ៊ុយក្រែនប្រព្រឹត្តទៅតាមផែនការហើយក្នុងពេលជាមួយគ្នានោះ បានទទួលស្គាល់បញ្ហាមួយចំនួនក្នុងដំណើរការប្រយុទ្ធ។យោងទៅតាមលោកយោធារុស្ស៊ីបានបង្កើតច្រករបៀងសុវត្ថិភាពសម្រាប់ជនស៊ីវិលអ៊ុយក្រែនក្នុងការចាកចេញពីតំបន់ប្រយុទ្ធ។ប៉ុន្តែកងកម្លាំងហ្វាស៊ីសក្នុងស្រុកនិង “ទាហានស៊ីឈ្នួល”បរទេសកំពុងព្យាយាមរារាំងពួកគេមិនឱ្យចាកចេញ។លោកPutinបាននិយាយថា “ក្រុមអ្នកជាតិនិយមនិងពួកនិយមហ្វាស៊ីសនិយមទាហានស៊ីឈ្នួលបរទេស រួមទាំងអ្នកមកពីមជ្ឈិមបូព៌ា កំពុងប្រើប្រាស់ជនស៊ីវិលជាខែល”។ “ដូចដែលខ្ញុំបាននិយាយ មានទិន្នន័យគោលបំណងទាំងស្រុងរូបថតពីរបៀបដែលពួកគេដាក់ឧបករណ៍យោធាធុនធ្ងន់នៅក្នុងតំបន់លំនៅដ្ឋាននៃទីក្រុង”។ប្រធានាធិបតីរុស្ស៊ីក៏បានរំលឹកឡើងវិញនូវជំហររបស់លោកចំពោះអ៊ុយក្រែន និងគោលដៅនៃ “ការការពារអ៊ុយក្រែនពីក្រុមស្តាំនិយមជ្រុលដែលបានកាន់កាប់ប្រទេស” ។លោក​បាន​សង្កត់​ធ្ងន់​ថា​៖«​ជនជាតិ​រុស្សីនិង​អ៊ុយក្រែន​ជា​មនុស្ស​តែ​មួយខ្ញុំ​នឹង​មិន​បោះបង់​វា​ឡើយ។រុស្ស៊ី-អ៊ុយក្រែន​បាន​ចំណាយ​ពេល៨ថ្ងៃ​ក្នុង​ការ​ប្រយុទ្ធ។កងកម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុងធំ Kherson នៅភាគខាងត្បូងអ៊ុយក្រែនហើយកំពុងឡោមព័ទ្ធនិងបាញ់ផ្លោងទីក្រុងមួយចំនួនរួមទាំងរដ្ឋធានី Kiev និង Kharkov ដែលជាទីក្រុងធំទី២របស់ប្រទេស។សេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីកាលពីសប្តាហ៍មុនបានសម្លាប់ជនស៊ីវិលជាង២,០០០នាក់ ។ប៉ុន្តែចំនួននេះមិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ។ក្រសួងការពារជាតិរុស្ស៊ីក៏បានប្រកាសដែរថា ទាហានរុស្ស៊ី៤៩៨នាក់ត្រូវបានសម្លាប់និង១.៥៩៧នាក់រងរបួសខណៈកងទ័ពអ៊ុយក្រែនបានបាត់បង់មនុស្ស ២.៨០០នាក់។គណៈប្រតិភូអ៊ុយក្រែននិងរុស្ស៊ីបានបើកកិច្ចចរចាជុំទី២ក្នុងប្រទេសបេឡារុសកាលពីម្សិលមិញដោយបានយល់ព្រមបង្កើតច្រករបៀងមនុស្សធម៌ដើម្បីជម្លៀសជនស៊ីវិល។ប៉ុន្តែមិនបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់៕យោងតាមRT

ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinជួបពិភាក្សាជាមួយក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី៣ខែមីនា។ រូបថត៖ AFP។