សម្ដេ​ចក្រឡាហោម​ស ខេងអញ្ជើញជាអធិប​តីដ៏ខ្ពង់ខ្ពស់ក្នុង​ពិ​ធីបើកសន្និសីទ​អាស៊ាន​ណាប៉ូលលើ​ក​ទី៤០

នាព្រឹកថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអាស៊ានណាប៉ូល លើកទី៤០ ក្រោមប្រធានបទ “លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងសេ្ថរភាពជានិរន្តរ៍” ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ថ្ងៃទី០១-០៥ ខែមីនា ឆ្នាំ២០២២ ខាងមុខ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានគណៈប្រតិភូអាស៊ាន, គណៈប្រតិភូនៃប្រធានស្ថាប័នអាស៊ាន ដៃគូពិភាក្សា និងមន្ត្រីសង្កេតការណ៍ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតនៃបណ្ដាលប្រទេសសមាជិកអាស៊ាន ព្រមទាំង ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃដៃគូពិភាក្សាប្រចាំរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិ ជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានថ្លែងសន្ទុរកថាស្វាគមន៍ដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងកិត្តិយសយ៉ាងក្រៃលែង ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យអគ្គស្នងការនគរបាលជាតិកម្ពុជា រៀបចំកម្មវិធីសន្និសីទអាស៊ានណាប៉ូល លើកទី៤០ នាពេលនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ដថា ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ សន្និសីទអាស៊ានណាប៉ូល លើកទី៤០ ត្រូវបានពន្យារពេលរយៈពេល ២ឆ្នាំ ប៉ុន្តែនៅថ្ងៃនេះ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា មានសេចក្តីរីករាយដែលបានរៀបចំកម្មវិធីដោយផ្ទាល់ ស្របពេលនេះប្រទេសកម្ពុជា ក៏បានបើកដំណើរការជីវភាពសង្គមឡើងវិញ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា សន្និសីទអាស៊ានណាប៉ូល លើកទី៤០ ជាវេទិការដ៏មានសារសំខាន់មួយ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង និងការលើកកម្ពស់ភាពជាដៃគូលើកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមក។ ឯកឧត្តម បានបញ្ជាក់ថា “ហេតុនេះ យើងត្រូវបន្តពង្រឹងប្រតិបត្តិការនេះ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង ព្រមទាំងឆ្លើយតបរួមគ្នា”។
លើសពីនេះទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានបញ្ជាក់ទៀតថា ជាការពិតស្ថានភាពកូវីដ-១៩ មកទល់ពេលនេះនៅតែបន្តប្រឈម និងមិនមានភាពប្រាកដប្រជានោះទេ ដោយសារតែការបំប្លែងខ្លួនថ្មីៗ របស់វីរ៉ុសកូរ៉ូណា មានការប្រែប្រួលជាបន្តបន្ទាប់ ក្នុងនោះ ក៏បង្ករការរំខានដល់កងកម្លាំងនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លង គ្រប់ប្រភេទផងដែរ។ ឯកឧត្តម បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការរួមចំណែកស្វែងរកយុទ្ធសាស្ត្រ វិធីសាស្ត្រ និងវិធីដែលមានសក្តានុពល ដើម្បីការពារផលប្រយោជន៍ និងសុខដុមរមនា ធានាស្ថិរភាព សុវត្ថិភាពសង្គម ក្នុងតំបន់ ពិសេសជួយគ្នាក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងបរិបទកូវីដ១៩។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បើកកម្មវិធីថា ការរៀបចំសន្និសីទអាស៊ានណាបូល លើកទី៤០ ឆ្នាំ២០២២នេះ អាចនិយាយបានថា គឺជាការបើកទំព័រថ្មីសម្រាប់កងកម្លាំងនគរបាល នៃប្រទេសជាសមាជិកអាស៊ាន ដោយសារព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងក្នុងខណៈពេលដែលពិភពលោកទាំងមូលនិយាយជារួម និងនិយាយដោយឡែក តំបន់អាស៊ានរបស់យើងកំពុងខិតខំរើសបម្រាស់ និងរំកិលខ្លួនចេញពីការគំរាមកំហែងប្រកបដោយហានិភ័យ នៃជំងឺកូវីដ-១៩ ឆ្ពោះទៅកាន់រកគន្លងប្រក្រតីភាពថ្មី នៃវិបុលភាព និងការរីកចម្រើន។
សម្ដេចក្រឡាហោម បានបន្ថែមថា សន្និសីទលើកនេះ បានរៀបចំឡើងក្នុងអំឡុងពេល នៃការប្រយុទ្ធប្រឆាំងយ៉ាងតឹងតែងលើបទឧក្រិដ្ឋមិនព្រៃណី និងបទឧក្រិដ្ឋព្រៃណី និងវិបត្តិជាបន្ដបន្ទាប់ ដែលបង្កឡើងដោយជំងឺរាតត្បាត ក៏ដូចជា គ្រោះធម្មជាតិ និងបម្រែបម្រួលធាតុអាកាស។ សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្តថា ស្ថានភាពពោពេញដោយវិជ្ជមានបែបនេះ អាស៊ានមានភាពចាំបាច់ ត្រូវតែបន្ដលើកកម្ពស់ស្មារតី សាមគ្គីភាព និងត្រូវធ្វើការជាមួយគ្នា ដើម្បីសម្របសម្រួលឆ្លើយតបជាសកលចំពោះបញ្ហាកំពុងកើតមានឡើងនេះ។
សម្ដេចក្រឡាហោម ក៏បានសម្ដែងការគាំទ្រខ្ពស់លើប្រធានបទ ដែលសន្និសីទអាស៊ានណាបូល លើទី៤០ បានលើកឡើងដែលមានខ្លឹមសារទូលំទូលាយស៊ីជម្រៅ និងបង្ហាញពីការប្ដេជ្ញាចិត្តជាមួយនឹងការលះបង់ ដើម្បីឧត្តមប្រយោជន៍របស់យើងនោះគឺ “លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងសេ្ថរភាពជានិរន្តរ៍”។ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះពិភពលោកទាំងមូល រួមទាំងក្នុងតំបន់អាស៊ានផងដែរ កំពុងតែក្រាញននៀល និងខិតខំស្ទុះងើបបន្ដិចម្ដង់ៗ ចាកចេញពីគ្រោះកំណាចនៃជំងឺកូវីដ-១៩ ដោយបានបើកដំណើរការឡើងវិញជាបណ្ដើរៗនូវសកម្មភាពស្ដារ និងអភិវឌ្ឍលើគ្រប់វិស័យ ដោយឈរលើគោលការណ៍រក្សាបានតុល្យាភាពរវាង សកម្មភាពសង្គមសេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ ជាមួយកិច្ចខិតខំប្រឹងប្រែង ធ្វើដំណើរឱ្យបានឆាប់ឆ្ពោះទៅកាន់គន្លងប្រក្រតីភាពថ្មី នៃជីវភាពប្រចាំថ្ងៃរបស់សង្គម និងប្រជាពលរដ្ឋ។សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បន្ថែមថា ស្ថិតក្នុងបរិការទាំងសញ្ញាវិជ្ជមាន និងអវិជ្ជមាន ដូចបានលើកឡើងខាងលើនេះ កងកម្លាំងនគរបាល នៃប្រទេសសមាជិកអាស៊ាន មានភារៈកិច្ចជាចាំបាច់ ក្នុងការបង្កើតបរិស្ថានសន្ដិសុខ ដែលជាបង្អែកយ៉ាងរឹងមាំ គាំពារដល់កិច្ចដំណើរការលើគ្រប់វិស័យ នៃប្រទេសនីមួយ និងត្រូវពង្រឹង ពង្រីក វិសាលភាពប្រតិបត្តិការ ក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងអន្ដរតំបន់ សំដៅជួយគ្នាទៅវិញទៅមក ដោយដោះស្រាយបញ្ហាប្រឈមនានា បង្កើតបាននៅវប្បធម៌រួមគ្នាប្រយុទ្ធប្រឆាំងរាល់គ្រប់ទម្រង់ នៃបទឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងកៀកស្មារគ្នា ដោយគ្មានការរើសអើង តស៊ូ ទប់ទល់ នៃជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋនាំមកនូវ វិបុលភាព សុវត្ថិភាព ទាំងក្នុងតំបន់ និងលើពិភពលោក៕
ដោយ ៖នាយកដ្ឋានព័ត៌មានវិទ្យា