ប្រធានាធិបតីរុស្ស៊ីបាន​រាយលក្ខខណ្ឌចំ​នួន៣​​សម្រាប់​សន្តិភាព​នៅអ៊ុ​យក្រែន

លោកPutinបានគូសបញ្ជាក់ពីលក្ខខណ្ឌចំនួន៣សម្រាប់ដំណោះស្រាយដោយសន្តិវិធីនៅអ៊ុយក្រែន រួមទាំងការធានាអព្យាក្រឹតភាពរបស់ទីក្រុងគៀវក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយលោកMacron ។បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ីលោកVladimir Putinនិងប្រធានាធិបតីបារាំងលោក EmmanuelMacronនៅថ្ងៃទី២៨ខែកុម្ភៈវិមានក្រឹមឡាំងបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា លោកPutinបានប្រាប់សមភាគីបារាំងរបស់លោកថារុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយតំណាងអ៊ុយក្រែន។យ៉ាងណាក៏ដោយលោកប្រធានាធិបតីPutinបានសង្កត់ធ្ងន់ថាដំណោះស្រាយដោយសន្តិវិធីគឺអាចធ្វើទៅបានលុះត្រាតែផលប្រយោជន៍សន្តិសុខស្របច្បាប់របស់រុស្ស៊ីត្រូវបានយកមកពិចារណាដោយគ្មានលក្ខខណ្ឌ រួមទាំង“ការទទួលស្គាល់អធិបតេយ្យភាពរបស់រុស្ស៊ីលើគ្រីមៀការបំពេញអាណត្តិរបស់ខ្លួន”របបគ្មានយោធា និងផ្តាច់ការហ្វាស៊ីសនិយមនៃរដ្ឋអ៊ុយក្រែន។ក៏ដូចជាធានាអព្យាក្រឹត្យភាពរបស់គៀវ”។លោកPutinក៏បាននិយាយផងដែរថាកងកម្លាំងរុស្ស៊ីមិនបានគំរាមកំហែងជនស៊ីវិលឬកំណត់គោលដៅជនស៊ីវិលក្នុងអំឡុងពេលប្រតិបត្តិការយោធានៅអ៊ុយក្រែននោះទេ។វិមានក្រឹមឡាំងបាននិយាយថា”ការគំរាមកំហែងបានមកពីអ្នកជាតិនិយមអ៊ុយក្រែន។ ពួកគេប្រើប្រាស់ជនស៊ីវិលជាខែលដោយចេតនាដាក់ប្រព័ន្ធអាវុធវាយលុកក្នុងតំបន់លំនៅដ្ឋាន និងបង្កើនការបាញ់ផ្លោងរបស់ពួកគេទៅលើទីក្រុងនានានៃតំបន់Donbass”។វិមានElysee ក៏បានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការហៅទូរស័ព្ទដោយនិយាយថាប្រធានាធិបតីMacron “បានរំលឹកឡើងវិញនូវការទាមទាររបស់សហគមន៍អន្តរជាតិ”ដើម្បីបញ្ចប់យុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែននិងបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។ខណៈពេលដែលការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងប្រព្រឹត្តទៅប្រធានាធិបតីបារាំងក៏បានលើកឡើងនូវការទាមទារចំនួន៣។ លោកបានអំពាវនាវឱ្យរុស្ស៊ី”បញ្ឈប់ការវាយប្រហារតាមអាកាសនិងការវាយប្រហារទាំងអស់លើជនស៊ីវិល និងជីវភាពរស់នៅរបស់ពួកគេ” “ថែរក្សាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល” និង “បង្កើតផ្លូវសុវត្ថិភាពទៅកាន់ផ្លូវសំខាន់ៗ” រួមទាំងផ្លូវនៅភាគខាងត្បូងនៃទីក្រុងគៀវផងដែរ។យោង​តាម​វិមានElyseeលោកPutin​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​ទាមទារ​ទាំង៣នេះ។ ប្រធានាធិបតីបារាំងក៏បានអំពាវនាវដល់សមភាគីរុស្ស៊ីឱ្យ”គោរពច្បាប់មនុស្សធម៌អន្តរជាតិ”និង “ផ្តល់ជំនួយ”។មេដឹកនាំទាំង២បានយល់ព្រមរក្សាទំនាក់ទំនងនៅប៉ុន្មានថ្ងៃខាងមុខនេះ “ដើម្បីការពារស្ថានភាពកុំឱ្យកាន់តែអាក្រក់ទៅៗ”។មុននេះក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យោធារុស្ស៊ីមិនកំណត់គោលដៅទីក្រុងអ៊ុយក្រែនទេគឺគ្រាន់តែវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធាដោយអាវុធច្បាស់លាស់ដូច្នេះគ្មានការគំរាមកំហែងដល់ជនស៊ីវិលឡើយ។ប្រធានាធិបតីបារាំងលោក Macron កាលពីដើមខែកុម្ភៈបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។ប្រធានាធិបតីបារាំងបានទៅទីក្រុងមូស្គូកាលពីថ្ងៃទី៧ខែកុម្ភៈដើម្បីជួបសមភាគីរុស្ស៊ីដែលក្នុងនោះមេដឹកនាំទាំង២បាននិយាយថាចាំបាច់ត្រូវមានការឆ្លើយតបដ៏មានប្រយោជន៍ដើម្បីដោះស្រាយវិបត្តិ។ ប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់ថាលោកបានទទួលស្គាល់ថាមន្ត្រីបារាំងនិងប្រធានាធិបតីMacron ផ្ទាល់កំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់រួមទាំងវិបត្តិអ៊ុយក្រែនផងដែរ។នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី២២ខែកុម្ភៈ លោក Putin និង Macron បានព្រមព្រៀងគ្នាក្នុងការជំរុញឱ្យមានដំណោះស្រាយការទូតចំពោះវិបត្តិអ៊ុយក្រែននៅពេលដែលរុស្ស៊ីត្រូវបានចោទប្រកាន់ពីបទទាហាននៅជិតព្រំដែននៃប្រទេសជិតខាង។ទោះជាយ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី Macron មិនបានសម្រេចលទ្ធផលរំពឹងទុកនោះទេ នៅពេលដែលលោក Putin កាលពីថ្ងៃទី២៤ខែកុម្ភៈបានបញ្ជាឱ្យប្រតិបត្តិការយោធានៅអ៊ុយក្រែន។យុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី៦ហើយរហូតមកដល់ពេលនេះ កងកម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុង Berdyansk ដែលជាទីក្រុងឆ្នេរសមុទ្រនៅភាគអាគ្នេយ៍អ៊ុយក្រែន ហើយបានប្រកាសបិទផ្លូវ Kherson នៅភាគខាងត្បូងនៃប្រទេស។ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរុស្ស៊ីបានគ្រប់គ្រងទីក្រុង Enerhodar នៅភាគពាយព្យនៃខេត្ត Zaporizhzhya នៅភាគអាគ្នេយ៍អ៊ុយក្រែនក៏ដូចជាតំបន់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhya ផងដែរ។ យ៉ាងណាក៏ដោយអ៊ុយក្រែន​បដិសេធ​ថារុស្ស៊ី​គ្រប់គ្រង​តំបន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhya។កងកម្លាំង​រុស្ស៊ី​ក៏​កំពុង​ឡោមព័ទ្ធ​ទីក្រុង​ធំៗ​ផ្សេងទៀត​របស់​អ៊ុយក្រែង​កាន់តែខ្លាំង។កងទ័ពរុស្ស៊ីបានព្យាយាមបិទការឡោមព័ទ្ធជាមួយទីក្រុង Chernihiv និង Mariupol ហើយបានប្រើគ្រាប់រ៉ុក្កែតដើម្បីវាយប្រហារ Kharkov ដែលជាទីក្រុងធំទី២របស់អ៊ុយក្រែន។ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងគណៈប្រតិភូ​រុស្ស៊ី និង​អ៊ុយក្រែន​នៅ​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈបាន​ចាប់​ផ្តើម​ការ​ចរចា​ក្នុង​ប្រទេស​បេឡារុស្ស។ភាគីទាំង២បានបញ្ចប់ការចរចាលើកដំបូងក្នុងរយៈពេលប្រហែល៥ម៉ោងដើម្បីត្រឡប់ទៅរដ្ឋធានីវិញសម្រាប់ការពិគ្រោះយោបល់របស់ថ្នាក់ដឹកនាំហើយភាគីទាំង២បានបង្ហាញពីឆន្ទៈក្នុងការរក្សាការសន្ទនា៕យោងតាមRT, Reuters, TASS

ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinនិងប្រធានាធិបតីបារាំងលោក EmmanuelMacron។រូបភាពAFP