ឯក​ឧត្តមវេង​សាខុនបញ្ជាក់ពីស្ថានភាពនៃ​ការនាំ​ចេញកសិ​ផលក្នុងរ​យៈពេ​ល២ខែ​ដើមឆ្នាំ២០​២២

នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប១៨៣៥៤៧៥,៧០តោនទៅកាន់ទិសដៅ៥២ប្រទេសគឺមានការកើនឡើងចំនួន១៥៩ ៣៣១,៣៣ តោន ស្មើនឹង ៩,៥១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ១ ៦៧៦ ១៤៤,៣៧ តោន។កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖
១- ការនាំចេញអង្ករ
 បរិមាណអង្ករនាំចេញមានចំនួន ១០៣ ០៥៨ តោន កើនឡើងចំនួន ២៦ ៨៣៦តោន (៣៥,២១%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល២ខែដើមឆ្នាំ២០២១ ដែលមានចំនួន ៧៦ ២២២តោន
 បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២០ប្រទេស មានបរិមាណសរុបចំនួន ២៦ ៥០៧តោន (កើនឡើងចំនួន៧៥១១តោន ស្មើនឹង ៣៩,៥៤%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន៥៦ ៣៨៥តោន (កើនឡើងចំនួន ១៨ ៧៥៥តោន ស្មើនឹង ៤៩,៨៤%) ទិសដៅអាស៊ានចំនួន ៣ប្រទេស មានបរិមាណសរុបចំនួន ៩ ៣៧០តោន(កើនឡើងចំនួន ៣ ១៤១តោន ស្មើនឹង ៥០,៤៣%) និងទិសដៅដទៃទៀតចំនួន១៦ប្រទេស មានបរិមាណសរុប ១០ ៧៩៦តោន (ថយចុះចំនួន ២ ៥៧១តោន ស្មើនឹង -១៩,២៣%)
 ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៤១ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៧៧ ០៣៩តោន (៧៥,០២%) និងក្រុមហ៊ុន៣១ដទៃទៀតបាននាំចេញត្រឹមតែ ២៦ ០១៩តោន (២៤,៩៨%)។
២- ការនាំចេញស្រូវ
 បរិមាណនាំចេញស្រូវមានចំនួន ៦៥១ ១០១ តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៤១៣ ៧៧៥តោន) ដែលមានការកើនឡើងចំនួន ៩២ ០៦៨ តោន (១៦,៤៧%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានចំនួន ៥៥៩ ០៣៣តោន។
៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ
 បរិមាណនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ១ ៣១៨ ៦៤២,៧០ តោន កើនឡើងចំនួន ៦ ៥៧០,៣៣ តោន ស្មើនឹង ០,៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ១ ៣១២ ០៧២,៣៧ តោន ។