ឯកឧ​ត្ដម​រដ្ឋម​ន្រ្តីវេងសាខុនបា​នអញ្ជើញដឹកនាំ​កិច្ចប្រជុំស្តីពី​”ការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុង​ដែន​សមត្ថកិ​​ច្ចរ​បស់ក្រសួ​ង​កសិ​កម្មរុក្ខាប្រមា​ញ់និ​ងនេ​សាទ”

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:០០ ព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដមរដ្ឋមន្រ្តីវេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ”។ ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួង។ បន្ទាប់ពី ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួង អានសេចក្តីថ្លែងហេតុ និងឯកឧត្តម គឺម សុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការទប់ស្កាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀនបានរាយការណ៍ជូនដោយសង្ខេបអំពីសកម្មភាពសំខាន់ៗទាក់ទងក្រុមការងារ រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានលើកយកបីចំណុចសំខាន់មកជម្រាបជូនអង្គប្រជុំមាន៖ ទី១- និន្នា ការនៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា។ ទី២- ផលប៉ះ ពាល់ដោយត្រង់ និងដោយប្រយោលនៃការប្រើប្រាស់គ្រឿងញៀន ហានីភ័យ និងវិបត្តិដល់សង្គមគ្រួសារ និងសង្គមជាតិយ៉ាងមហន្តរាយ និងទី៣- វិធានការការពារទាំងវិធានការច្បាប់ រដ្ឋបាល និងបច្ចេកទេស ដែលត្រូវអនុវត្តឲ្យខាងតែបាន ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។យល់ច្បាស់ពីបញ្ហានេះនិងដើម្បីចូលរួមសហការអនុវត្តវិធានការជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស ច្បាប់លើកទី៧ សម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២” តាមរយៈលិខិតលេខ០១ ផក ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមយុទ្ធនាការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចបង្កើតក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងជួញដូរគ្រឿង ញៀន ដែលមានឯកឧត្តមរដ្ឋមន្រ្តីជាប្រធានកិត្តិយស ឯកឧត្តម គឹម សុន រដ្ឋលេខា ធិការជាប្រធាន និងមានឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលអញ្ជើញមកពីគ្រប់ស្ថាប័នពាក់ព័ន្ធ ក្រោមឱវាទក្រសួងជាអនុប្រធាន និងជាសមាជិក។ក្នុងនាមស្ថាប័នជំនាញបច្ចេកទេស ដែលមានតួនាទី និងភារកិច្ចទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំ ដល់គ្រប់អង្គភាពក្រោមឱវាតក្រសួងដែលជា ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ឲ្យបង្កើនការយចិត្តទុកដាក់ខ្ពស់ដោយត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមគ្រប់រូបភាពអំពីហានីភ័យនៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ដល់មន្ត្រី សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ សហគមន៍វារីវប្បកម្ម និសិ្សត ក្រុមហ៊ុនដែលបាននិងកំពុងធ្វើអាជីវកម្មទាក់ទងនឹងវិស័យកសិកម្ម ជាពិសេសវត្ថុធាតុដើមផ្សំ ផលិតជី និងថ្នាំកសិកម្ម វត្ថុធាតុដើមផ្សំ និងផលិតបសុឱសថ ថ្នាំការពារជំងឺសត្វ និងសារធាតុផ្សំ ឬបន្ថែមក្នុងចំណីសត្វ។ល។ អគ្គលេខាធិការក្រសួង ច្រកចេញចូលតែមួយ លេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានកៅស៊ូនិងនាយកដ្ឋានកសិ-ឧស្សាហកម្មត្រូវពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំនូវរាល់សកម្មភាពនាំចេញ នាំចូលនូវរាល់សារធាតុគីមី ថ្នាំកសិកម្ម និងសារធាតុផ្សំ មកប្រើក្នុងក្រុមហ៊ុន។ ត្រូវចាត់វិធានការផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ ខ្ជាប់ខ្ជួន និងត្រូវបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ និងត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពលើផែនការលេខ០១ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ សម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា។ ចំពោះស្ថាប័នអប់រំមាន សកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងកំពង់ចាម ត្រូវរៀបចំបញ្ជ្រាបក្នុងកម្មវិធីសិក្សានូវប្រធានបទដែលទាក់ទងនឹងការបង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនដល់និស្សិតឱ្យបានយល់ដឹងអំពីគ្រោះថ្នាក់ ហានីភ័យ និងត្រូវចៀសឲ្យផុតពីបញ្ហានេះជាដាច់ខាត។សរុបសេចក្តីមក ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមជាប្រធានកិត្តិយសនៃក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់និងជួញដូរគ្រឿងញៀនឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យឯកឧត្តមប្រធានក្រុមការងារត្រូវត្រូវបង្កើនកិច្ចសហការឲ្យបានទូលំទូលាយនិងស៊ីជម្រៅជាមួយអាជ្ញាធរគ្រឿងញៀនដើម្បីឲ្យការអនុវត្តផែនការសកម្មភាពសម្រេចទទួលបានជោគជ័យ។ ចុងក្រោយ លោកបានក្រើនរំលឹក និងពញ្ញាក់ស្មារតីឲ្យគ្រប់ស្ថាប័ន និងតួអង្គពាក់ព័ន្ធត្រូវយកអស់ស្មារតី ទទួលខុសត្រូវខ្ពស់សហការអនុវត្តផែនការលេខ០១ ខាងលើឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវចៀសចេញឲ្យផុតពីសកម្មភាពផលិត ចរាចរ លក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាដាច់ខាត៕សហការី