ឯកឧ​ត្តមវេង​សាខុនបានបង្ហាញគ​ម្រោ​ង“ការបង្កើត​មជ្ឈមណ្ឌលស្រាវជ្រាវសេ​នេទិចព្រៃ​ឈើស​​ម្រាប់ស្តារប្រភេទឈើ​សំខាន់ៗនៅក​ម្ពុជា”

គម្រោង “ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសេនេទិចព្រៃឈើសម្រាប់ស្តារប្រភេទឈើសំខាន់ៗនៅកម្ពុជា” បានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៦ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ” នៃរដ្ឋបាលព្រៃឈើក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្រោមជំនួយឧបត្ថម្ភថវិកាពីអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoD) និងជំនួយបច្ចេកទសពីវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រព្រៃឈើជាតិ (NIFoS) និងសកលវិទ្យាល័យជាតិសេអ៊ូល (សាធារណៈរដ្ឋកូរ៉េ)។ គោលបំណងរបស់គម្រោងគឺ ទី១- បង្កើតចម្ការបង្កាត់ពូជឈើដើម្បីរក្សាធនធានសេនេទិចព្រៃឈើ និងទី២- ពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ។
ទីតាំងគម្រោង ៖ គម្រោងបានអនុវត្តលើទីតាំងចម្ការបង្កាត់ពូជឈើចំនួន ២កន្លែង ទី១- នៅភូមិត្រពាំងថ្ម ឃុំឃរាម ស្រុកបន្ទាយស្រី និងទី២ ស្ថិតនៅភូមិគោកទឹង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្ត សៀមរាប។ ទីតាំងនីមួយៗមានផ្ទៃដីទំហំ១៥ហិកតា បែងចែក ជាឡូត៍ពិសោធន៍ប្រៀបធៀបដើមពូជ ចំនួន១២ហ.ត និងឡូត៍បង្កាត់ដើមមេពូជឈើ ចំនួន ៣ហ.ត។
លទ្ធផលទទួលបាន ៖ -ឡូត៍ពិសោធន៍បង្កាត់ពូជឈើ (Seed Orchard) ឡូត៍ពិសោធន៍ប្រៀប ធៀបដើមពូជចំនួន ២៤ហ.ត បានបង្កើតឡើង ដោយការប្រមូលគ្រាប់ពូជតាមបណ្តាខេត្តចំនួន ១១ (សៀមរាប ព្រះវិហារ បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កំពត កែប ព្រះសីហនុ តាកែវ កោះ កុង និងកណ្ដាល) ដើម្បីធ្វើការបណ្តុះយកកូនឈើទាំងនោះទៅដាំ រួចធ្វើការប្រៀបធៀបគ្នា ជ្រើស រើសយកដើមដែលអាចទុកជាដើមពូជល្អតាមលក្ខណៈវិនិច្ឆ័យលើការលូតលាស់ ទម្រង់ដើម និងភាពធន់ជំងឺ។ ការពិសោធន៍បានអនុវត្តវិធីសាស្ត្រសាកវប្បកម្ម (Grafting) ក្នុងការផលិតកូនឈើគ្រញូង និងធ្នង់ ហើយចំពោះឈើត្រាចត្រូវបានបណ្តុះកូនដោយគ្រាប់។ ឡូគ៌ពិសោធន៍បង្កាត់ពូជឈើសរុបមានចំនួន ៦ហ.ត ដោយប្រើប្រាស់កូនឈើចំនួន ៤០០ ដើម/ប្រភេទ/ហ.ត ទាំងពីរទីតាំង។ការងារថែទាំ និងតាមដានការលូតលាស់ ៖ កូនឈើដែលបានដាំរួចចំនួន ២៦,២០០ដើម ត្រូវបានថែទាំ យ៉ាងយកចិត្តទុកដាក់ ទៅតាមបច្ចេកទេស និងតាមស្ថានភាពជាក់ស្ដែង ដូចជាការស្រោច ទឹកនៅរដូវប្រាំង សម្អាតស្មៅ ប្រើថ្នាំការពារសត្វបំផ្លាញ និងការក្រីមែកជាដើម។ល។ ការតាមដានកម្រិតលូតលាស់របស់កូនឈើ ប្រព្រឹត្តទៅរៀងរាល់ ៦ខែម្តង (រយៈពេល០៥ឆ្នាំដំបូង) បន្ទាប់មក ០១ឆ្នាំម្ដង ដោយកត់ត្រាទិន្នន័យកម្រិតលូតលាស់ អង្កត់ផ្ចិត កំពស់ កន្សោមស្លឹក សុខភាព និងទម្រង់ដើមរបស់កូនឈើ។ ទិន្នន័យត្រូវបានរក្សាទុកប្រើប្រាស់ជាមូលដ្ឋានក្នុងការជ្រើសរើស ដើមពូជល្អ យកទៅរក្សាទុក។ក្រុមការងារ បានទទួលការបណ្តុះបណ្តាល ជាច្រើនទាំងក្នុងប្រទេស និងនៅសាធារណៈរដ្ឋកូរ៉េ អំពីមូលដ្ឋានគ្រឹះបច្ចេកទេសបង្កាត់ពូជឈើ ការងារគ្រប់គ្រងថែទាំ ចម្ការពូជនៅទីវាល (ការតាម ដានការលូតលាស់ និងការវិភាគទិន្នន័យជាដើម។ ទន្ទឹមនឹងនេះ ការពង្រឹងសមត្ថភាពរបស់មន្ត្រីលើបច្ចេកទេសជាលិកាវប្បកម្មក៏ត្រូវបានគាំទ្រដែរ។ ក្រុមការងារផ្នែកមន្ទីរពិសោធន៍ បាននិងកំពុងធ្វើការពិសោធន៍សាកល្បង ផលិតកូនឈើតាមបែបជាលិកាវប្បកម្ម ជាពិសេសប្រភេទឈើទាំងគ្រញូង ធ្នង់ និងត្រាច) ក្នុងគោលបំណងជំរុញការបណ្ដុះកូនឈើទ្រង់ទ្រាយធំដើម្បីបម្រើដល់ការស្ដារព្រៃឈើឡើងវិញ។
ការអប់រំ និងផ្សព្វផ្សាយ ៖ ក្រុមការងារក៏បានផ្សព្វផ្សាយ ការងារស្រាវជ្រាវនេះដល់អ្នកពាក់ព័ន្ធជាច្រើន រួមមានប្រជាពលរដ្ឋមូលដ្ឋាន មន្ត្រីរាជការ ថ្នាក់ដឹកនាំក្រសួង អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ តាមរយៈសិក្ខាសាលា ទស្សនកិច្ចសិក្សា កិច្ចប្រជុំផ្សព្វផ្សាយនានា រួមទាំងការរៀបចំកម្មសិក្សារបស់ក្រុមនិស្សិត ដែលកំពុងសិក្សាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រៃឈើ ដើម្បីផ្តល់ជាព័ត៌មាន ចំណេះដឹងពាក់ព័ន្ធនឹងការបង្កាត់ពូជឈើ។
ការងារអនុវត្តបន្ត ៖ អនាគត បន្ទាប់ពីធ្វើការដកហូតដើមមេពូជដែលអន់រួច ចម្ការបង្កាត់ពូជឈើនេះនឹងក្លាយជាប្រភពគ្រាប់ពូជមួយ (ចំពោះតែប្រភេទគ្រញូង ធ្នង់ និងត្រាច) ដែលមានព័ត៌មានច្បាស់លាស់អំពីប្រភពធនធានសេនេទិច និងអាចផ្ដល់គ្រាប់ពូជដែលមានគុណភាពខ្ពស់ទៅតាមតម្រូវការដាំស្តារព្រៃឈើនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។ក្រៅពីឈើ៣ប្រភេទខាងលើនេះយើងក៏ត្រូវពង្រីកបន្ថែមក្នុងការបង្កើតចម្ការបង្កាត់ពូជឈើប្រភេទផ្សេងៗទៀត ដើម្បីរក្សាសេនេ ទិចពូជឈើ និងជាប្រភពគ្រាប់ពូជឈើល្អ បម្រើឱ្យការងារដាំស្តារព្រៃឈើនៅកម្ពុជា។ព័ត៌មានបន្ថែមឬចង់បានគ្រាប់ពូជឈើប្រណិតយកទៅដាំតាមសហគមន៍ សូមអញ្ជើញទាក់ទងទៅបណ្ឌិត សុខ ហេង លេខ ០១២ ៦៣ ៩៩ ៦១៕សហការី