សម្ដេចក្រឡា​ហោមស ខេងបានអញ្ជើញទទួលជួប​ប្រ​តិភូក្រុ​មប្រឹក្សាធុ​រកិច្ចអា​មេ​រិក-អា​ស៊ាន​តាមប្រព័​ន្ធវី​ដេអូ

នៅរសៀលថ្ងៃសុក្រ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួបប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ ពីទីស្ដីការក្រសួងមហាផ្ទៃ។ អញ្ជើញចូលរួមកិច្ចប្រជុំដោយផ្ទាល់អមសម្ដេចក្រឡាហោម ស ខេង ពីទីស្ដីការក្រសួងមហាផ្ទៃនោះរួមមាន ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធមួយចំនួនទៀត ។
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលបានជួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង តាមប្រព័ន្ធវីដេអូ នាឱកាសនោះ ដឹកនាំដោយឯកឧត្តម ម៉ៃឃើល មីកាឡាក់ អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក និងជានាយកគ្រប់គ្រងប្រចាំតំបន់ អមដោយលោក ម៉ូសែល អាន មន្រ្តីទទួលកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនមកពីវិស័យថាមពល ឧស្សាហកម្ម បច្ចេកវិទ្យា ព័ត៌មាន ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មហិរញ្ញវត្ថុ និងសុខាភិបាលមួយចំនួនទៀត ។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចពិភាក្សា និងការផ្ដល់ប្ដូរមតិយោបល់ដ៏មានសារៈសំខាន់ដែលនឹងរួមចំណែកបំរើផលប្រយោជន៍ និងជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ ព្រមបញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺកូវីដ-១៩ ។ សម្ដេចបន្តថា ការប្រែក្លាយបញ្ហាឱ្យទៅជាឱកាស គឺពិតជាមានភាពចាំបាច់ណាស់ក្នុងស្ថានភាពបច្ចុប្បន្នដែលត្រូវរស់នៅជាប្រក្រតីតាមបែបគន្លងទៅថ្មី ។
សម្ដេចមានជំនឿយ៉ាងមុតមាំថាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និតនៅលើវិស័យសំខាន់ៗ ដូចជាសន្តិសុខ ពាណិជ្ជកម្ម សុខាភិបាល ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ជាដើមនោះ នឹងបន្តបង្កើតបាននិងពង្រីកបន្ថែមទៀតនូវឱកាសក្នុងកិច្ចសហការទ្វេភាគី និងពហុភាគី ដើម្បីរួមចំណែកដល់ការស្ដារឡើងវិញយ៉ាងឆាប់រហ័សនូវស្ថានភាពសេដ្ឋកិច្ចសង្គមសម្រាប់កម្ពុជា និងសហរដ្ឋអាមេរិក ក៏ដូចជាតំបន់អាស៊ាន និងសកលោកទាំងមូលផងដែរ ។
សម្ដេចក៏បានបង្ហាញភាពរីករាយ ក្នុងការពិភាក្សាការងារផ្សេងៗនាជំនួបនាពេលនេះ ដើម្បីស្វែងរកឱកាស ក៏ដូចជាដំណោះស្រាយទៅនឹងបញ្ហាប្រឈមនានា សំដៅគាំទ្រដល់ការស្ដារឡើងវិញលើស្ថានភាពសេដ្ឋកិច្ច និងសង្គម ទាំងក្នុងបរិបទនៃការរស់នៅជាប្រក្រតីតាមបែបគន្លងថ្មី និងបន្ទាប់ពីការផុតរលត់នៃជំងឺកូវីដ-១៩ ព្រមទាំងការគាំទ្រនានាដល់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២២ខាងមុខ ។
សម្ដេច ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានអំពីបច្ចុប្បន្នភាព និងស្ថានភាពទូទៅពាក់ព័ន្ធនឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលកិច្ចការនេះគឺជាការងារស្នួលមួយផ្នែកស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ហើយក៏ជាកិច្ចការស្នូលដ៏មានសារៈសំខាន់ដែលជួយទ្រទ្រង់ និងជាមូលដ្ឋានគ្រឹះធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គមជាតិ ។
សម្ដេចបានគូសបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ បើធៀបនឹងឆ្នាំ២០២០ ឃើញថាស្ថានភាពសន្តិសុខទូទៅ និងសណ្ដាប់ធ្នាប់សាធារណៈនៅកម្ពុជា មានស្ថានភាពល្អប្រសើរ ក្នុងនោះបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទបានថយចុះ៩ភាគរយ ខណៈការងារគ្រប់គ្រងសណ្ដាប់ធ្នាប់ ក៏ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ដែរ ដោយអត្រាគ្រោះថ្នាក់ចរាចរណ៍បានថយចុះ ២២ភាគរយ និងអត្រាគ្រោះថ្នាក់ដោយអគ្គិភ័យថយចុះ ៤២ភាគរយ ។
ទោះបីយ៉ាងនេះក្ដី សម្ដេចបន្ថែមថា ក្នុងបរិបទនៃជំងឺកូវីដ-១៩ ក៏មានការកត់សម្គាល់នូវការកើនឡើងបទល្មើសមួយចំនួនដែរ ដូចជាការជួញដូរ និងរត់ពន្ធមនុស្សឆ្លងដែន និងបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យា ។ សម្ដេចបន្តថា ផលប៉ះពាល់លើស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋបង្កឡើងដោយជំងឺកូវីដ-១៩ ក៏ជាកត្តាជំរុញឱ្យបទល្មើសជួញដូរ និងរត់ពន្ធមនុស្សឆ្លងដែនមានការកើនឡើង ខណៈបទល្មើសបច្ចេកវិទ្យាក៏មានការកើនឡើង ដូចជាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន អំពើជំរិតទារប្រាក់តាមប្រព័ន្ធអនឡាញ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងក្នុងគោលបំណងប្រព្រឹត្តបទល្មើស ឬបង្កអសន្តិសុខសង្គមជាដើម ។
នៅក្នុងឱកាសនៃជំនួបនោះ តំណាងក្រុមហ៊ុនសហរដ្ឋអាមេរិកចំនួន៨ បានជម្រាបជូនសម្ដេចក្រឡាហោមនូវយោបល់ផ្សេងៗក្នុងន័យបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងវិស័យនានារវាងក្រុមហ៊ុនទាំងនោះជាមួយកិច្ចការ ដែលស្ថិតក្រោមសមត្ថកិច្ចពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃកម្ពុជា ។ ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន Conoco Philips ក្រុមហ៊ុន Amazon ក្រុមហ៊ុន Facebook ក្រុមហ៊ុន Google ក្រុមហ៊ុនPernod Ricard ក្រុមហ៊ុន Bell ក្រមហ៊ុន Visa និងក្រុមហ៊ុន Walmart ។
បន្ទាប់ពីបានពិភាក្សាគ្នាក្នុងកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ក្នុងន័យដើមថា « ខ្ញុំក៏សូមយកឱកាសនេះ ចូលរួមជាមួយសម្ដេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវ និងជំរុញលើកទឹកចិត្ត ដល់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ពិនិត្យលទ្ធភាពបង្កើនសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគកាន់តែច្រើនឡើងថែមទៀតលើវិស័យដែលមានសក្ដានុពលនានានៅព្រះរាជាណាចក្រកម្ពុជារួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យដែលស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃដើម្បីចូលរួមគាំទ្រដល់ការសម្រចបាននូវគោលដៅសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រដល់ការបំពេញតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព៕សហការី