
ស្ថានទូតចិនប្រចាំប្រទេសអ៊ុយក្រែនណែនាំឱ្យពលរដ្ឋស្តុកទុកសម្ភារចាំបាច់
ស្ថានទូតចិនប្រចាំប្រទេសអ៊ុយក្រែនបានព្រមានប្រជាជនកុំឱ្យទៅកាន់តំបន់”មិនស្ថិតស្ថេរ”ហើយត្រូវស្តុកអាហារនិងភេសជ្ជៈយ៉ាងសកម្ម។”ស្ថានការណ៍នៅភាគខាងកើតអ៊ុយក្រែនបានឆ្លងកាត់ការផ្លាស់ប្តូរដ៏អស្ចារ្យ។ស្ថានទូតចិនប្រចាំនៅអ៊ុយក្រែនក្រើនរំលឹកពលរដ្ឋនិងធុរកិច្ចឱ្យយកចិត្តទុកដាក់លើការជូនដំណឹងអំពីសុវត្ថិភាពដែលផ្សាយក្នុងមូលដ្ឋាននិងមិនត្រូវទៅកាន់តំបន់អស្ថិរភាព”។ស្ថានទូតចិនបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី២២ខែកុម្ភៈ។ទីភ្នាក់ងារនេះណែនាំដល់ប្រជាពលរដ្ឋឱ្យស្តុកទុកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដូចជាអាហារនិងទឹក។ពួកគេមិនណែនាំពលរដ្ឋឲ្យចាកចេញពីអ៊ុយក្រែនដូចសារពីប្រទេសជាច្រើនទេ។កាលពីដើមខែនេះប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិកចក្រភពអង់គ្លេសនិងអាល្លឺម៉ង់បានជំរុញឱ្យពលរដ្ឋរបស់ពួកគេចាកចេញពីអ៊ុយក្រែនឱ្យបានឆាប់រហ័សដោយសារតែមានការព្រួយបារម្ភអំពីហានិភ័យនៃការវាយប្រហាររបស់រុស្ស៊ី។ទន្ទឹមនឹងនោះស្ថានទូតចិនប្រចាំនៅអ៊ុយក្រែនបានជំរុញឱ្យពលរដ្ឋរក្សាភាពស្ងប់ស្ងាត់តាមដានស្ថានការណ៍ឱ្យដិតដល់ហើយបានរិះគន់សហរដ្ឋអាមេរិកចំពោះការបំផ្លើសលទ្ធភាពនៃសង្គ្រាម។ប្រធានាធិបតីរុស្ស៊ីលោកVladmirPutinនៅថ្ងៃទី២១ខែកុម្ភៈបានទទួលស្គាល់ឯករាជ្យនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) និងសាធារណរដ្ឋប្រជាមានិត Lugansk (LNR) ដែលប្រកាសដោយខ្លួនឯងនៅអ៊ុយក្រែន។ មេដឹកនាំរុស្ស៊ីក៏បានបញ្ជាឲ្យទាហានចូលតំបន់ដាច់២ក្នុងប្រទេសអ៊ុយក្រែនក្នុងប្រតិបត្តិការរក្សាសន្តិភាព។រុស្ស៊ីមិនបានបង្ហាញព័ត៌មានលម្អិតឬពេលវេលានៃការដាក់ពង្រាយនោះទេដោយគ្រាន់តែនិយាយថាបញ្ជានេះចូលជាធរមានចាប់ពីថ្ងៃដែលខ្លួនចុះហត្ថលេខា។ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថាលោកមិនខ្លាចនរណាម្នាក់ឡើយ បន្ទាប់ពីប្រទេសរុស្ស៊ីបានទទួលស្គាល់តំបន់ដាច់ចេញពីគ្នាទាំង២ហើយបានស្នើសុំឱ្យលោកខាងលិច “គាំទ្រយ៉ាងច្បាស់” ។មេដឹកនាំលោកខាងលិចក៏បានថ្កោលទោសរុស្ស៊ីនិងគំរាមដាក់ទណ្ឌកម្មផងដែរ។Donetsk និង Lugansk ដែលមានទីតាំងនៅតំបន់ Donbass ភាគខាងកើតអ៊ុយក្រែន គឺជាកន្លែងក្តៅនៃការប្រយុទ្ធគ្នាតាំងពីឆ្នាំ២០១៤បន្ទាប់ពីប្រជាជននៅទីនោះបរាជ័យក្នុងការទាមទារបង្កើនស្វ័យភាព និងរៀបចំចលនាតវ៉ាដោយប្រដាប់អាវុធ។ រដ្ឋាភិបាលអ៊ុយក្រែនបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំចំនួន២ដងដើម្បីដណ្តើមយកក្រុង Donbass មកវិញ។ប៉ុន្តែមិនបានជោគជ័យឡើយ។ភាពតានតឹងនៅក្នុងប្រទេសអ៊ុយក្រែនបានកើនឡើងចាប់តាំងពីចុងឆ្នាំមុនបន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចជាច្រើនបានចោទប្រកាន់រុស្ស៊ីថាបានប្រមូលផ្តុំកងទ័ពជាង១០០,០០០នាក់នៅតាមព្រំដែនភាគខាងលិចរបស់ខ្លួនដើម្បីធ្វើផែនការវាយប្រហារលើប្រទេសជិតខាងរបស់ខ្លួន។ រុស្ស៊ីបានអះអាងម្តងហើយម្តងទៀតថារាល់សកម្មភាពយោធានៅតាមព្រំដែនគឺជាបញ្ហាផ្ទៃក្នុង ហើយសម្រាប់តែគោលបំណងនៃការហាត់សមប្រឆាំងនឹងការគំរាមកំហែងនៃការពង្រីកណាតូទៅភាគខាងកើត ហើយបានរិះគន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចំពោះការបំផ្លើសគ្រោះថ្នាក់នៃសង្រ្គាម។បន្ទាប់ពីប្រទេសរុស្ស៊ីកាលពីថ្ងៃទី១៥ខែកុម្ភៈបានប្រកាសពីការដកផ្នែកខ្លះនៃកងកម្លាំងរបស់ខ្លួននៅជិតអ៊ុយក្រែនរដ្ឋាភិបាលក្រុងគៀវនិងមេដឹកនាំលោកខាងលិចជាច្រើនបានសម្តែងការសង្ស័យដោយនិយាយថាពួកគេមិនបានឃើញភស្តុតាងនៃការដកទ័ពរបស់ទីក្រុងម៉ូស្គូទេ។ចារកម្មលោកខាងលិចនៅតែមានការព្រួយបារម្ភថាប្រធានាធិបតីរុស្ស៊ីPutinអាចនឹងបញ្ជាឱ្យមានការវាយប្រហារលើអ៊ុយក្រែននៅពេលណាក៏បាន៕យោងតាម Reuters/Guardian