អាមេរិ​ក​ត្អូញត្អែរ​ស្ថានទូ​ត​នៅរុស្ស៊ី​មិន​មាន​សុ​វត្ថិភាព

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកSullivanបាននិយាយថាស្ថានទូតនៅទីក្រុងម៉ូស្គូកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការរឹតបន្តឹងដែលដាក់ដោយរដ្ឋាភិបាលរុស្ស៊ីលើបុគ្គលិកការទូត។ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី លោក John Sullivan កាលពីថ្ងៃទី២០ ខែកុម្ភៈបានត្អូញត្អែរថា បេសកកម្មការទូតកំពុងជួបប្រទះបញ្ហាថែទាំធ្ងន់ធ្ងរដោយសារកង្វះបុគ្គលិក។ លោក Sullivan បាននិយាយថាស្ថានទូតមានការលំបាកខ្លាំងណាស់ក្នុងការបន្តប្រតិបត្តិការដោយសុវត្ថិភាព។ប្រសិនបើរដ្ឋាភិបាលរុស្ស៊ីនៅតែបន្តមិនផ្តល់ទិដ្ឋាការដល់បុគ្គលិក។លោក Sullivan បាននិយាយថា “កង្វល់ដ៏ធំបំផុតរបស់យើងគឺហេដ្ឋារចនាសម្ព័ន្ធកាន់តែយ៉ាប់យ៉ឺនហើយប្រព័ន្ធសំខាន់ៗត្រូវការថែទាំ ឬការជំនួស។ទោះជាយ៉ាងណាក៏ដោយរដ្ឋាភិបាលរុស្ស៊ីមិនចេញទិដ្ឋាការដល់បុគ្គលិកដែលបានទទួលការបណ្តុះបណ្តាលដើម្បីធ្វើការងារទាំងនេះ” Sullivan បាននិយាយ។ឯកអគ្គរដ្ឋទូតអាមេរិកបានបន្ថែមថា ស្ថានទូតអាមេរិកនៅទីក្រុងម៉ូស្គូកំពុងមានបញ្ហាជាមួយ “ជណ្តើរយន្ត ម៉ាស៊ីនភ្លើង ឧបករណ៍ចាប់សញ្ញា ធុងសាំង និងម៉ាស៊ីនបូមទឹក” ដែលអាចបង្កបញ្ហាសុខភាពនិងសុវត្ថិភាពរបស់មនុស្សនៅក្នុងស្ថានទូត។ឯកអគ្គរដ្ឋទូតSullivanដែលមិនបាននាំគ្រួសាររបស់លោកទៅប្រទេសរុស្ស៊ីបានបន្ថែមថាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ចំនួនបុគ្គលិកនៅក្នុងស្ថានទូតអាមេរិកនៅទីក្រុងម៉ូស្គូបានថយចុះពី១,២០០ ទៅ១៥០ នាក់។លោក Sullivan បន្ថែមថា “មានជាន់នៅក្នុងស្ថានទូតដែលមិនមានមនុស្សរស់នៅ។តុទទេ និងការិយាល័យងងឹតជាច្រើន” ។ទំនាក់ទំនងរុស្ស៊ី-អាមេរិកកាន់តែតានតឹងក្នុងឆ្នាំ២០១៤ ដោយសារបញ្ហាអ៊ុយក្រែន។ចាប់តាំងពីពេលនោះមកប្រទេសទាំង២បានបន្តដាក់សម្ពាធលើស្ថានទូតរបស់គ្នាទៅវិញទៅមកដែលបណ្តាលឱ្យមានការថយចុះយ៉ាងខ្លាំងនៃបុគ្គលិកការទូត៕យោងតាមRT

ស្ថានទូតអាមេរិកនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី កាលពីខែមីនា ឆ្នាំ២០១៨។ រូបថត៖ Reuters។