ឯក​​ឧត្តម​រដ្ឋមន្ត្រីវេ​ង សា​ខុនបា​នទទួលជួប​នា​យិ​កា​ប្រតិ​ប​ត្តិកា​​​រសម្ព័ន្ធស​ត្វព្រៃW​ildlife All​ia​nce

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅវេលាម៉ោង១៥:០០ ថ្ងៃអង្គារ៍ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិការសម្ព័ន្ធសត្វព្រៃ Wildlife Alliance។ ជំនួបនេះមានគោលបំណងរាយការណ៍ជូនឯករដ្ឋមន្រ្តីជ្រាបអំពីសមិទ្ធផលសំខាន់ៗដែលអង្គការសម្រេចបានក្នុងរយ:ពេល២១ឆ្នាំកន្លងមក។ជាបឋមលោកស្រីបានថ្លែងអំណរគុណចំពោះពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមរដ្ឋមន្ត្រី និង វាយតម្លៃខ្ពស់លើកិច្ចសហការយ៉ាងល្អប្រសើរដែលទទួលបានពីឯកឧត្តមរដ្ឋមន្រ្តី និងសហការីចំពោះកិច្ចការជួយគាំទ្រ ជ្រោមជ្រែង និងលើកទឹកចិត្តក្នុងការការពារ ថែរក្សា និងអភិរក្សសត្វព្រៃ នៅកម្ពុជាអស់រយ:ពេលជាង ២០ឆ្នាំកន្លងមកនេះ។ លោកស្រីបានបន្តថា អនុស្សរណនៃការ យោគយល់គ្នាដំបូងនៅឆ្នាំ២០០១ ហើយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ អង្គការបានចុះ MOU លើកទី៨ ហើយជាមួយក្រសួង។ នេះជាតឹកតាងបង្ហាញយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍ក្នុងឆន្ទ:រួមមួយគឺចូលរួមទប់ស្កាត់ និងបង្រ្គាប ការជួញដូរសត្វព្រៃ (ក្រុមសង្រ្គោះសត្វព្រៃបន្ទាន់) និងការថែទាំសត្វព្រៃ (នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ និងថែទាំសត្វព្រៃភ្នំតាម៉ៅ) ដែលត្រូវបានរឹបអូស និងសង្រ្គោះ។ ឆ្លៀតយកឱកាសនេះ លោកស្រីបានរាយការណ៍ជូនជ្រាបដោយសង្ខេបអំពីសមិទ្ធផលដែលសម្រេចបានមានជាអាទិ៍៖ ការសង្គ្រោះសត្វព្រៃរស់បាន ៧២ ៧៨៧ ក្បាល (ខ្លាឃ្មុំប្រភេទតូច ពង្រួល ទោចម្កុដ ស្វាព្រាម សំពោចក្រអូប សំពោចវល្លិ៍ ស្វាត្រោស ស្វាក្តាម ក្ងោក ឈ្លូស សារិកា កែវវង សេកក្រិច កេងកងធំ កេងកងតូច ផ្វាំង) និងរឹបអូសសត្វព្រៃងាប់ សាច់សត្វព្រៃ សំណាកសត្វព្រៃ ចាប់ជនល្មើសឲ្យទទួលការពិន័យ បង្រ្គាបការជួញដូរភ្លុកដំរីអាហ្រ្វិក និងកុយរមាស។ល។ ក្រៅពីនេះ អង្គការបានជួយសង្គ្រោះ ឬស្តារលទ្ធភាព និងដោះលែងសត្វព្រៃនៅព្រៃការពារអចិន្រ្តៃយ៍ និងនៅព្រៃឧទ្យានអង្គរ។ បានផ្តល់ការអប់រំ ផ្សព្វផ្សាយដល់សហគមន៍ព្រៃឈើ សាលារៀន និងប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹងឲ្យបានទូលំទូលាយអំពីព្រៃឈើ និងសត្វព្រៃ។ល។ លោកស្រីបានបញ្ជាក់ថា សកម្មភាពរបស់អង្គការអាចដំណើរការទៅបានគឺដោយសារមានការជួយឧបត្ថម្ភថវិការពី ៖ ទីភ្នាក់ងារ USEWS មូលនិធិ Segre_Foundation, Full Circle Foundation, Wallace Research, Tamaki , Margaret Ellwanger, Ahimsa Foundation, Anderson Rodgers Foundation, BoyIston Foundation, SeaWorld Busch Gardens Conservation Fund, Disney Conservation Fund និងម្ចាស់ជំនួយឯកជនជាច្រើន ទៀតរបស់អង្គការ Wildlife Alliance។ លោកស្រីក៏បានអរគុណចំពោះដៃគូទាំងអស់នោះផងដែរ។
លោកស្រីបន្តថា មានការងារជាច្រើនដែលអង្គការនៅបន្តអនុវត្តស្របតាមខ្លឹមសារ MOU ដើម្បីចូលរួមទប់ស្កាត់ និងបង្រ្គាបការជួញដូរសត្វព្រៃ និងការថែទាំសត្វព្រៃដែលត្រូវបានរឹបអូស មុនលែងចូលក្នុងព្រៃធម្មជាតិវិញ។ សកម្មភាពនេះ លោកស្រីបានបញ្ជាក់ថាបើគ្មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសរដ្ឋបាលព្រៃឈើ មិនអាចទទួលបានជោគជ័យឡើយ។ ហេតុនេះ លោកស្រីបានស្នើសុំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ និងគ្រប់ភាគីពាក់ព័ន្ធជួយបន្តផ្តល់កិច្ចសហការឲ្យកាន់តែល្អប្រសើរថែមទៀត ធ្វើយ៉ាងណាចូលរួមថែរក្សា និងការពារសត្វព្រៃគ្រប់ប្រភេទរបស់កម្ពុជាឲ្យបានស្ថិតថេរគង់វង្សតរៀងទៅ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រី និងសហការី ដែលបាននិងកំពុងយកចិត្តទុកដាក់អនុវត្តខ្លឹមសារMOUហើយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដូចដែលលោកស្រីបានជម្រាបជូនខាងដើម។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនភ្ញៀវថា គោលបំណងរបស់អង្គការពិតជាបាននិងកំពុងជួយថែរក្សា ការពារ សង្រ្គោះ និងអភិរក្សសត្វព្រៃកម្ពុជាតាមរយ:ពហុសកម្មភាព រួមទាំងការផ្សព្វផ្សាយផងដែរ។ តាមរយ:សកម្មភាពនេះ ជាក់ស្តែងនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ និងថែទាំសត្វព្រៃភ្នំតាម៉ៅ មានសត្វព្រៃជាច្រើនប្រភេទដែលចាប់បានពីជន ល្មើសបាននិងកំពុងរស់នៅ តពូជ កើតកូន ចៅយ៉ាងសុខសាន្ត និងរីកធំធាត់ជាបន្តបន្ទាប់។ ក្រៅ ពីនេះ សត្វព្រៃមួយចំនួនធំទៀតបានជួយសង្គ្រោះ និងដោះលែងចូលក្នុងព្រៃអចិន្រ្តីយ៍ផងដែរ។ តាមរយ:សមិទ្ធផលដែលអង្គការសម្រេចបាន ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវឆន្ទ:គាំទ្រយ៉ាងពេញទំហឹង និងរង់ចាំផ្តល់កិច្ចសហការធ្វើយ៉ាងណាឲ្យការអនុវត្តខ្លឹមសារ MOU សម្រេចទទួលបានជោគជ័យ ក្នុងន័យរួមគ្នាថែរក្សា និងការពារសត្វព្រៃកម្ពុជាឲ្យបានគង់វង្ស។ ឯកឧត្តមរដ្ឋមន្ត្រី បានជូនយោបល់លោកស្រីនាយិកា រដ្ឋបាលព្រៃឈើ និងភាគីពាក់ព័ន្ធ ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហការឲ្យកាន់ស៊ីជម្រៅ និងទូលំទូលាយ ធ្វើយ៉ាងណាឲ្យការអនុវត្តច្បាប់ និងបច្ចេកទេសទាក់ទងនឹងកម្មវត្ថុចំបងរបស់អង្គការសម្រេចទទួលបានជោគជ័យ។ យោតាមសំណើរបស់ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរគួរតែមានកម្មវិធីជួបប្រជុំគ្នាដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលសម្រេចបាន ធ្វើយ៉ាងណាឲ្យសកម្មភាពរបស់អង្គការដំណើរការទៅដោយរលូន សម ស្របទៅតាមស្ថានភាពជាក់ស្តែង (បើអាច ៣ ឬ ៦ខែម្តង)៕សហការី