សម្ដេ​ចក្រឡាហោម​ស​ ​ខេង៖ការ​ប​ម្រើសេវា​សន្ដិសុខនិង​សេវាចាំបាច់នានារបស់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ត្រូវបានពង្រឹងទាំងគុណភាពនិងអាកប្បកិរិយារបស់​ម​ន្ដ្រីធ្វើឱ្យប្រជា​ព​​លរដ្ឋមាន​​ការគាំទ្រ​និងចូលរួម​យ៉ាង​​សកម្ម

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២១ ការបម្រើសេវាសន្តិសុខ និងសេវាតម្រូវការចាំបាច់នានា ត្រូវបានពង្រឹងគុណភាព សមត្ថភាព ទាំងអាកប្បកិរិយារបស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់។
មានប្រសាន៍ក្នុងវិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នាព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «ការបម្រើសេវាសន្តិសុខ និងសេវាតម្រូវការចាំបាច់នានា ក៏ត្រូវបានពង្រឹងគុណភាព សមត្ថភាព ក៏ដូចជាការកែលម្អជាប្រចាំនូវរបៀបរបប និងអាកប្បកិរិយាធ្វើការងាររបស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ និងការជំរុញចលនាអនុវត្តគោលនយោបាយជាតិ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព បានធ្វើឱ្យប្រជាពលរដ្ឋគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពនៅមូលដ្ឋាន»។
លើសពីនេះទៀត សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្ដថា ឆ្នាំ២០២១ ការគ្រប់គ្រងជនបរទេស ត្រូវបានបង្កើនការយកចិត្តទុកដាក់ស្របជាមួយការអនុវត្តវិធានការ សុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បង្កើនការគ្រប់គ្រងការចេញចូល នៅតាមបណ្តាច្រកទ្វារព្រំដែននានា និងការគ្រប់គ្រងវត្តមានស្នាក់នៅរបស់ជនបរទេសនៅក្នុងប្រទេសដោយយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពបំពេញការងាររបស់មន្ត្រី និងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។
សម្ដេចក្រឡាហោម បានបន្ថែមថា ដោយឡែក ការងារអត្តសញ្ញាណកម្ម ក៏ត្រូវបានបន្តយកចិត្តទុកដាក់អភិវឌ្ឍទាំងក្របខ័ណ្ឌគោលនយោបាយច្បាប់ ការផ្គត់ផ្គង់ឧបករណ៍ សម្ភារបច្ចេកទេស ការបណ្ដុះបណ្ដាលកសាងសមត្ថភាពមន្ត្រី និងការលើកកម្ពស់កិច្ចសហការជាមួយ ក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព ការងារគ្រប់គ្រងអត្តសញ្ញាណបុគ្គល សំដៅឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាបម្រើ ដល់កិច្ចអភិវឌ្ឍលើវិស័យនានា ដែលប្រើប្រាស់ទិន្នន័យបុគ្គល។
ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការងារពន្ធនាគារ បានបន្តប្រមូលផ្ដុំយកចិត្តទុកដាក់លើការគ្រប់គ្រង ថែរក្សា ការពារសន្តិសុខ តាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនានា ការអនុវត្តវិធានការសុខាភិបាល ដើម្បីបង្ការការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដល់មន្ត្រីអនុរក្ស និងជនជាប់ឃុំ ការយកចិត្តទុកដាក់ថែទាំសុខភាព ជីវភាពជនជាប់ឃុំ ព្រមទាំងបង្កើនកិច្ចសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីដោះស្រាយភាពចង្អៀតណែនតាមមណ្ឌល អប់រំកែប្រែនិងពន្ធនាគារនានានិងការបន្តខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕
ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា