សម្ដេច​ក្រឡាហោ​មសខេ​ង៖ឆ្នាំ២០២១​ក​ងកម្លាំងនគ​របាល​ជាតិនិ​ងរដ្ឋបា​លថ្នាក់ក្រោមជាតិខិតខំពុះពារ រែកពុនការ​ងារជា​ច្រើន​ក្នុងកា​ររក្សាស​ន្ដិសុខ​សណ្ដាប់​ធ្នាប់​សង្គម

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា«ជាក់ស្ដែងក្នុងឆ្នាំ២០២១ កន្លងទៅនេះ កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានខិតខំពុះពារ រែកពុនការងារនានាជាច្រើន ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការចូលរួមអនុវត្តដោយផ្ទាល់នូវវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេស ដោះស្រាយជីវភាពប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
សម្ដេចក្រឡាហោមសខេងបានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នាព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្ដេចក្រឡាហោម បានបន្ដថា អាស្រ័យដោយកិច្ចខិតខំប្រឹងប្រែងទាំងនេះ បានធ្វើឱ្យបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ មានការថយចុះ ៦% ជាពិសេសបទល្មើសឧក្រិដ្ឋដែលជះឥទ្ធិពលប៉ះពាល់ដល់ចិត្តសាស្ត្រសង្គម ថយចុះដល់ទៅ ១៤% ដោយលទ្ធផលនៃការបង្ក្រាបបទល្មើសនានាមានកម្រិតខ្ពស់រហូតដល់ ៩៣%។ ទន្ទឹមនេះ យុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសនានា ក៏ត្រូវបានចាត់ចែងអនុវត្តជាប្រចាំ ទោះបីជាត្រូវរំខានខ្លះៗ ដោយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ដូចជាយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បទល្មើសសេដ្ឋកិច្ច អំពើជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀត។
សម្ដេចក្រឡាហោម បានបន្ថែមថា សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម នៅតាមទីប្រជុំជន និងតំបន់ទេសចរណ៍សំខាន់ៗ ត្រូវបានបន្តខិតខំយកចិត្តទុកដាក់ដោយផ្តោតជាសំខាន់លើការផ្សព្វផ្សាយអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមគោរពអនុវត្តច្បាប់ ដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក បានធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ១៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២០ ខណៈអ្នកស្លាប់ និងអ្នករងរបួស ក៏មានការថយចុះគួរឱ្យកត់សម្គាល់ផងដែរ ប៉ុន្តែបន្ទាប់ពីការបើកឱ្យដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គម បានធ្វើឱ្យគ្រោះថ្នាក់ចរចរណ៍ ហក់ស្ទុះឡើង បណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួស កើនឡើងគួរឱ្យព្រួយបារម្ភ។ សម្ដេចក្រឡាហោម បានមានប្រសាសន៍បញ្ជាក់ថា ការផ្សព្វផ្សាយអប់រំ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន និងការណែនាំអំពីវិធានការបង្ការ ទប់ស្កាត់អគ្គិភ័យ ក៏បានអនុវត្តជាប់ជាប្រចាំ ធ្វើឱ្យហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យមានការថយចុះ២៨% ដែលបានកាត់បន្ថយនូវភ័យមហន្តរាយ បណ្តាលមកពីអគ្គិភ័យជាបន្តបន្ទាប់៕
ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា