ចិន​ដាក់ទណ្ឌកម្មលើសាជី​វកម្មការពារជា​តិអាមេ​រិក

ក្រសួងការបរទេសចិនបានរិះគន់សហរដ្ឋអាមេរិកចំពោះការយល់ព្រមលក់អាវុធទៅឱ្យតៃវ៉ាន់ ដោយបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងសាជីវកម្មការពារជាតិពីរជាការឆ្លើយតប។“ដើម្បីការពារអធិបតេយ្យភាពនិងផលប្រយោជន៍សន្តិសុខរបស់ខ្លួនរដ្ឋាភិបាលចិនបានសម្រេចចិត្តចាត់វិធានការតបតទៅនឹងសកម្មភាពរបស់សាជីវកម្មការពារជាតិអាមេរិករួមមានក្រុមហ៊ុន Lockheed Martin និង Raytheon ដែលជាប់ពាក់ព័ន្ធក្នុងការផ្គត់ផ្គង់សព្វាវុធសម្រាប់កោះតៃវ៉ាន់អស់រយៈពេលជាយូរមកហើយ។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃនេះ។ការអត្ថាធិប្បាយនេះបានធ្វើឡើងពីរសប្តាហ៍បន្ទាប់ពីសហរដ្ឋអាមេរិកបានយល់ព្រមលើការលក់ឧបករណ៍ និងសេវាកម្មដែលមានតម្លៃ១០០លានដុល្លារទៅឱ្យកងកម្លាំងស្វ័យការពាររបស់តៃវ៉ាន់ដើម្បីរក្សាថែរក្សា និងកែលម្អប្រព័ន្ធមីស៊ីលការពារដែនអាកាសPatriot ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា កិច្ចព្រមព្រៀងនេះនឹង”ជួយកែលម្អសន្តិសុខរបស់អ្នកទទួលនិងជួយក្នុងការរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា សេដ្ឋកិច្ច និងវឌ្ឍនភាពក្នុងតំបន់”។លោក Wang បាននិយាយថា “កិច្ចសន្យានេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន ក៏ដូចជាទំនាក់ទំនងចិន-អាមេរិក និងសន្តិភាពនិងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់”។ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា សំណើធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធមីស៊ីល Patriot ត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១៩ក្រោមរដ្ឋបាលលោក DonaldTrump។ប្រសិនបើសភាអាមេរិកគ្មានការជំទាស់ទេកិច្ចព្រមព្រៀងនឹងចូលជាធរមានក្នុងរយៈពេលមួយខែ។ប្រទេសចិនតែងតែចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយដែលកំពុងរង់ចាំការបង្រួបបង្រួមគ្នាឡើងវិញ ហើយបានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់។យោធាចិនតែងតែបញ្ជូនយន្តហោះយោធាទៅជិតកោះតៃវ៉ាន់ដែលជាទង្វើមួយដែលអាមេរិកមើលឃើញថាជាការប៉ុនប៉ងដាក់សម្ពាធលើកោះនេះ។សហរដ្ឋអាមេរិកមិនបង្កើតទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់ទេ។ប៉ុន្តែជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតសម្រាប់ការពារកោះនេះ។ មន្ត្រីអាមេរិកកំពុងជំរុញឱ្យធ្វើទំនើបកម្មកងកម្លាំងស្វ័យការពាររបស់តៃវ៉ាន់ ដើម្បីធ្វើឱ្យយោធាចិនកាន់តែពិបាកវាយប្រហារលើកោះនេះដោយធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ។ទីក្រុងប៉េកាំងបានប្រកាសដាក់ទណ្ឌកម្មពីរដងលើក្រុមហ៊ុន Lockheed Martin និង Raytheon ក្នុងរយៈពេល២០១៩-២០២០។ប៉ុន្តែរដ្ឋាភិបាលចិនមិនបានពន្យល់ពីរបៀបដែលខ្លួននឹងដាក់ទណ្ឌកម្មសាជីវកម្មការពារជាតិអាមេរិកនោះទេ។អ្នកជំនាញជាច្រើនជឿថាសេចក្តីថ្លែងការណ៍ដាក់ទណ្ឌកម្មរបស់ទីក្រុងប៉េកាំងគឺគ្រាន់តែចង់បង្ហាញពីការប្រឆាំងទៅនឹងកិច្ចសន្យាយោធារវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតៃប៉ិហើយវាពិបាកក្នុងការប៉ះពាល់យ៉ាងពិតប្រាកដដល់សកម្មភាពរបស់សាជីវកម្មការពារជាតិអាមេរិកដោយអាជីវកម្មមិនលក់អាវុធ និងឧបករណ៍យោធាទៅឱ្យប្រទេសចិន៕យោងតាមReuters

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន