ឯក​ឧត្តមវេង​សាខុនបាន​អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​ជាផ្លូវការស្នាក់ការ​គណ​បក្សប្រជា​ជនឃុំចំនួ​ន៣​

នៅស្នាក់ការបក្សឃុំក្រឡា នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាមបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្សប្រជាជន ឃុំចំនួន៣ (ឃុំក្រឡា ឃុំហាន់ជ័យ និងឃុំវិហារធំ) នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុប្រធានក្រុមការងារចុះស្រុកកំពង់សៀម ឯកឧត្តម ពុំ សុថា ប្រធានក្រុមការងារចុះឃុំក្រឡា ហាន់ជ័យ វិហារធំ និងឃុំគគរ លោក-លោកស្រីអនុប្រធានក្រុមការងារចុះឃុំទាំង ៤ លោកអភិបាលស្រុកកំពង់សៀម សមាជិកគណបក្សក្រុមប្រឹក្សាស្រុក ឃុំទាំងបី និងសមាជិក សមាជិកាមួយចំនួនទៀត។
លោក ប៊ិន ឡាដា អភិបាលនៃគណអភិបាលស្រុក បានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍក្នុងស្រុក និងដោយឡែកឃុំទាំងបីដែលសម្រេចបានក្នុងរយ:ពេលកន្លងមកជាអាទិ៍៖ ការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ តាមរយ:ការអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងការអភិវឌ្ឍមូលដ្ឋានស្របតាមគន្លងប្រក្រតីភាពថ្មី។ដោយឡែក ឯកឧត្តម ពុំ សុផា ប្រធានក្រុមការងារចុះជួយ៤ឃុំបានរាយការណ៍ជូនអង្គពិធីជ្រាបអំពីសមិទ្ធផលរបស់ក្រុមការងារសម្រេចបានក្នុងរយ:ពេលកន្លងមកមានជាអាទិ៍៖ បានជួយឧបត្ថម្ភចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ (ខ្យល់កន្រ្តាក់ ភ្លើងឆេះផ្ទះ បាក់ច្រាំងទន្លេ) ជួសជុលផ្លូវលំ វិហារ សាលារៀន និងអនុវត្តគោលនយោបាយ ក៣ ដោយសរុបជាទឹកប្រាក់សម្រាប់ការងារសង្គមក្នុងឃុំទាំង ៤ អស់ចំនួន ១១៧ ៥២០ ០០០រៀល។
ដោយយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់អនុវត្តអនុសាសន៍របស់ឯកឧត្តម វេង សាខុន លោកប្រធាន អនុប្រធាន សមាជិកក្រុមការងារទាំង ៣ឃុំ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសប្បុរសជន បានសហការគ្នាកសាងស្នាក់ការគណបក្សទាំង ៣ នេះឡើងដើម្បីទុកប្រើប្រាស់ជាប្រយោជន៍សម្រាប់គណបក្ស និងសង្គម ដោយបានចំណាយថវិកាសរុបអស់ចំនួន ១៣២ ០០០ដុល្លារ (ឃុំក្រឡា ៦៧ ៧០០ដុល្លារ ឃុំហាន់ជ័យ ៤២ ៧០០ ដុល្លារ និងឃុំវិហារធំ ២១ ៦០០ដុល្លារ) តម្លៃនេះរួមទាំងថ្លៃដី ចាក់ដី ធ្វើរបង បន្ទប់ទឹក និងបំពាក់សម្ភាររដ្ឋបាល។មានមតិសំណេះសំណាលជាមួយបងប្អូនដែលបានអញ្ជើញមកចូលរួមអបអរសាទរនាឱកាសនេះ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកកំពង់សៀម លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា មកជូនបងប្អូនស្រុកកំពង់សៀម និងបានជូនពរឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំឃ្លៀងឃ្លាតឡើយ។ ឆ្លៀតយកឱកាសជួបជុំក្នុងស្មារតីប្រុង ប្រយ័ត្នខ្ពស់តាមការណែនាំរបស់ក្រសួងសុខាពិបាល ជាពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ឯកឧត្តមប្រធានក្រុមការងារបានលើកយកប្រធានបទចំនួន ៤មកសំណេះសំណាល និងណែនាំដល់ប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះឃុំ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋផងដែរក្នុងនោះ ៖
១- ត្រូវពង្រឹង និងយកចិត្តទុកដាក់ការងារដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវអនុវត្តន៍ឲ្យ ស្របតាមគន្លងប្រក្រតីភាពថ្មី ដើម្បីធានាឲ្យបាននូវសន្តិសុខស្បៀង ក្នុងស្ថានភាពដែលយើងបាននិងកំពុងប្រឈមនិងវិបត្តិជំងឺឆ្លង កូវីដ-១៩។
២- ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល គឺ៣កុំ ៣ការពារ។
៣- យុទ្ធនាការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់សម្រាប់អាណត្តិទី៥ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ យើងត្រូវយកចិត្តទុកដាក់ពិនិត្យឡើងវិញនូវបញ្ជីឈ្មោះសមាជិក ការចុះឈ្មោះ ស្លាកគណបក្ស រូបថតថ្នាក់ដឹកនាំគណបក្ស និងត្រូវត្រៀមលក្ខណឲ្យបានគ្រប់គ្រាន់សម្រាប់យុទ្ធនាការនេះ។
៤- អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវភូមិឃុំមានសុវត្ថិភាព និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ គឺត្រូវរក្សាចលនាចុះមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ដើម្បីក្តាប់ឲ្យបាននូវបញ្ហា និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ហើយត្រូវសហការដោះស្រាយឲ្យបានទាន់ពេល និងមានប្រសិទ្ធភាព ធ្វើយ៉ាងណាឲ្យមូលដ្ឋានយើងមានការរីកចម្រើនរុងរឿង។
ចំពោះសមិទ្ធផលនាថ្ងៃនេះ គឺអគារស្នាក់ការគណបក្សថ្មីទាំង ៣ ដែលនឹងត្រូវដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះឃុំ និងសប្បុរសជន អាជ្ញាធរមូលមដ្ឋាន ដែលបានសហការគ្នា និងលះបង់គ្រប់យ៉ាង និងធនធានថវិកាផ្ទាល់ខ្លួនរួមគ្នាកសាងស្នាក់ការនេះឡើង។ ជាងនេះទៅទៀត គឺស្មារតីតស៊ូលះបងរបស់សមាជិកក្រុមការងារចុះមូលដ្ឋានដើម្បីចូលរួមដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមឃុំគោលដៅរបស់ខ្លួន ដូចអ្វីដែលឯកឧត្តម ពុំ សុថា បានលើកឡើងខាងដើម សបង្ហាញឲ្យឃើញពីឆន្ទ:ចូលរួមក្នុងស្មារតីទទួលខុសត្រូវខ្ពស់ជាមួយរាជ រដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិចបណ្ឌិតរបស់សម្តេចតេជោ ក្នុងការការពារ និងថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស រឹងមាំ បន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ ធានាសន្តិសុខស្បៀង និងរួមគ្នាស្តារសេដ្ឋកិច្ចជាតិក្នុងអំឡុងពេល-ក្រោយពេលជំងឺឆ្លងកូវីដ-១៩។
ជាចុងក្រោយ ឯកឧត្តមប្រធានក្រុមការងារបានផ្តាំផ្ញើឲ្យអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ សូមជួយថែរក្សាការពារស្នាក់ការនេះឲ្យបានគង់វង្សល្អដើម្បីទុកប្រើប្រាស់ជាពហុប្រយោជន៍តាមការចាំបាច់ទាំងពេលបច្ចុប្បន្ន និងអនាគត។ នាឱកាសនេះ ក៏មានពិធីជូនប័ណ្ណ សរសើរដល់សមាជិក សមាជិកា និងសប្បុរសជនចំនួន ២០នាក់ផងដែរ៕សហការី