រដ្ឋមន្ត្រី​ការបរទេស​អាមេរិ​ក​បាន​​បញ្ជាក់​​ពី​លក្ខខណ្ឌ​ជា​​មុន​សម្រាប់​ជំនួ​ប​ជាមួ​យ​រុស្ស៊ី

រដ្ឋមន្ត្រីការបរទេសអាមេរិកបានយល់ព្រមជួបសមភាគីរុស្ស៊ីនៅអឺរ៉ុបនៅសប្តាហ៍ក្រោយក្នុងលក្ខខណ្ឌដែលទីក្រុងម៉ូស្គូមិនបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ុយក្រែន។លក្ខខណ្ឌនៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោកAntonyBlinkenនិងសមភាគីរបស់គាត់គឺលោកSergeiLavrovត្រូវបានប្រកាសដោយក្រសួងការបរទេសអាមេរិកកាលពីម្សិលមិញ។អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បាននិយាយថា “កិច្ចប្រជុំនឹងធ្វើឡើងនៅសប្តាហ៍ក្រោយក្នុងលក្ខខណ្ឌដែលរុស្ស៊ីមិនវាយប្រហារអ៊ុយក្រែន” ។ “កិច្ចប្រជុំនេះត្រូវបានផ្តួចផ្តើមឡើងដោយសារតែយើងជឿថាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយវិបត្តិគឺតាមរយៈការទូតនិងការសន្ទនា”។រដ្ឋមន្ត្រីការបរទេសអាមេរិកធ្លាប់បានប្រកាសថាលោកបានផ្ញើលិខិតទៅរដ្ឋមន្ត្រីការបរទេសរុស្ស៊ីដែលស្នើឲ្យមានកិច្ចប្រជុំនៅអឺរ៉ុប។ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសទាំង២ត្រូវបានគេរំពឹងថានឹងក្លាយជាឱកាសសម្រាប់រុស្ស៊ី និងអាមេរិក ដើម្បីដោះស្រាយការខ្វែងគំនិតគ្នានិងស្វែងរកដំណោះស្រាយការទូតចំពោះវិបត្តិអ៊ុយក្រែន។ថ្លែងមតិនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី១៧ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេស Blinken បានចោទប្រកាន់រុស្ស៊ីថាបានបង្កើតលេសដើម្បីរៀបចំធ្វើផ្លូវច្បាប់ចំពោះការឈ្លានពានអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ លោកក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំរុស្ស៊ីឱ្យបោះបង់ជម្រើសនេះ ហើយដោះស្រាយបញ្ហាអ៊ុយក្រែនដោយ “ផ្លូវមួយផ្សេងទៀតខណៈពេលដែលនៅតែមានពេលវេលា” ។រដ្ឋមន្ត្រីការបរទេសអាមេរិកកាលពីខែមុនបានជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីនៅប្រទេសស្វីស ដែលក្នុងនោះលោក Lavrov បានសម្តែងក្តីសង្ឃឹមថា “អារម្មណ៍របស់ភាគីនឹងត្រជាក់ចុះ” ហើយបានសង្កត់ធ្ងន់ថាប្រទេសនេះមិនមែនជាការគំរាមកំហែងដល់អ៊ុយក្រែនទេ។ លោក​បាន​ពណ៌នា​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា​ជា​ការ​បើក​ចំហនិង​មាន​ផលិតភាព ដោយ​បញ្ជាក់​ជា​ថ្មី​ថា រុស្ស៊ី​គ្មាន​ផែនការ​វាយប្រហារ​ប្រទេស​ជិតខាង​ទេ។ទន្ទឹមនឹងនេះ Blinken បាននិយាយថាការពិភាក្សាគឺ “បង្កើតផល” ហើយថាភាគីទាំង២មានការយល់កាន់តែច្បាស់អំពីទស្សនៈរបស់គ្នាទៅវិញទៅមក។ លោក​ក៏​បាន​ស្នើ​ឲ្យ​ភាគី​រុស្ស៊ី​បង្ហាញ​ថា​ខ្លួន​មិន​មាន​គម្រោង​បើក​ប្រតិបត្តិការ​យោធា​ប្រឆាំង​អ៊ុយក្រែន​ទេ។សហរដ្ឋអាមេរិក និងលោកខាងលិចកាលពីចុងឆ្នាំមុនបានចោទប្រកាន់រុស្ស៊ីថាបានប្រមូលផ្តុំកងទ័ពជាង១០០,០០០នាក់នៅតាមព្រំដែនភាគខាងលិចរបស់ខ្លួនដើម្បីរៀបចំផែនការឈ្លានពានអ៊ុយក្រែន។រុស្ស៊ីបានបដិសេធ ដោយអះអាងថារាល់សកម្មភាពយោធានៅលើទឹកដីរបស់ខ្លួនគឺជាបញ្ហាផ្ទៃក្នុងហើយសម្រាប់តែគោលបំណងនៃការហាត់សមប្រឆាំងនឹងការគំរាមកំហែងនៃការពង្រីករបស់ណាតូទៅភាគខាងកើតហើយបានរិះគន់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តចំពោះការបំផ្លើសហានិភ័យនៃសង្គ្រាម។ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ រុស្ស៊ីបានប្រកាសដកកងឯកភាពនៅជិតព្រំដែនអ៊ុយក្រែននិងគ្រីមៀបន្ទាប់ពីបញ្ចប់សមយុទ្ធ ។ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនកងទ័ពនិងចំនួនសម្ភារៈដែលត្រូវដកនោះទេ។ចំណាត់ការនេះត្រូវបានចាត់ទុកថាមានគោលបំណងកាត់បន្ថយភាពតានតឹងនិងបង្ហាញពីសុច្ឆន្ទៈក្នុងការចរចានិងជាការឆ្លើយតបទៅនឹងការចោទប្រកាន់ពីចារកម្មលោកខាងលិចថាពួកគេនឹងវាយប្រហារអ៊ុយក្រែននៅថ្ងៃទី១៦ ខែកុម្ភៈ។ទោះបីជាយ៉ាងណាក៏ដោយអ៊ុយក្រែននិងមេដឹកនាំលោកខាងលិចជាច្រើនបានសង្ស័យលើសេចក្តីថ្លែងការណ៍របស់រុស្ស៊ីដោយទាមទារឱ្យក្រុងម៉ូស្គូធ្វើការដកខ្លួនចេញជាសំខាន់។អគ្គលេខាធិការអង្គការណាតូលោក JensStoltenbergបាននិយាយថា”មិនទាន់ឃើញសញ្ញាណាមួយនៃការកាត់បន្ថយភាពតានតឹងនៅឡើយ។ ផ្ទុយទៅវិញរុស្ស៊ីហាក់ដូចជាកំពុងបន្តបង្កើនកងកម្លាំងរបស់ខ្លួននៅជិតព្រំដែនអ៊ុយក្រែន” ។បដិសេធការសង្ស័យនេះវិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃនេះថាការដកទ័ពនឹងត្រូវការពេលវេលា ហើយថាក្រសួងការពារជាតិមានកាលវិភាគ៕យោងតាមAFP

រដ្ឋមន្ត្រីការបរទេសBlinkenក្នុងអំឡុងពេលកិច្ចប្រជុំនៅក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី16ខែកុម្ភៈ។ រូបថត៖ AFP។