
សម្តេចហ៊ុនសែន៖ដំណោះស្រាយរឿងមីយ៉ាន់ម៉ាគឺត្រូវមានផ្លូវកណ្តាលមួយមិនអាចរឹងពេកឬក៏ទន់ពេកបានទេ
សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងពិធីសម្ពោធផ្លូវនៅខេត្តក្រចេះនាព្រឹកថ្ងៃពុធនេះបទពិសោធន៍របស់សម្តេចក្នុងការស្វែងរកដំណោះស្រាយគឺត្រូវមានផ្លូវកណ្តាលមួយមិនអាចរឹងពេកឬក៏ទន់ពេកបានទេ។ការលើកឡើងរបស់សម្តេចហ៊ុនសែនដូច្នេះគឺជាការឆ្លើយតបទៅលើការរិះគន់កន្លងមកថាសម្តេចបានធ្វើការទូតបែបប្រថុយប្រថាន(Cowboy diplomacy)។នៅចំពោះមុខឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងមន្ត្រីរាជការនានាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនហាក់បង្ហាញអារម្មណ៍ចង់ព្រលែងចោល ការជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទនយោបាយនៅប្រទេសមីយ៉ាន់ម៉ាដោយសម្តេចលើកឡើងថា នៅសល់តែ១០ខែ១៤ថ្ងៃទៀតទេចប់ភារកិច្ចប្រធានអាស៊ានហើយហើយរុញឲ្យប្រធានអាស៊ានក្រោយធ្វើទៅបើពិបាកពេក។ទោះយ៉ាងណាសម្តេចបញ្ជាក់ថាសម្តេចមិនបោះបង់ចោលការខិតខំទេដោយពេលណាមួយអ្នករិះគន់អាចនឹងយល់ពីដំណោះស្រាយរបស់សម្តេច។សម្តេចហ៊ុន សែន ថាក្នុងការស្វែងរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ានេះ គេមិនអាចយកគោទៅដាក់នៅមុខនឹមរទេះបានទេ ដោយសម្តេចបង្ហាញនូវបទពិសោធន៍របស់សម្តេចថាបើរឹងពេកក៏មិនបានហើយទន់ពេកក៏មិនបាន ត្រូវរកចន្លោះកណ្តាលមួយ។ឆ្លើយតបទៅនឹងការរិះគន់ខ្លះថា ជាការទូតប្រថុយប្រថាន ឬ(Cowboy Diplomacy)សម្តេចថាសម្តេចមានការសន្ទនាជាបន្តបន្ទាប់បើទោះណាសភាពការណ៍មីយ៉ាន់ម៉ាមិនមានការប្រែប្រួលទាំងពេលមុននិងក្រោយដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីក្រុងនៃពីដោរ កាលពីថ្ងៃទី៧ខែមករាកន្លងទៅ។តាមសម្តេចហ៊ុន សែន គេមិនអាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ាដោយផាត់ចោលភាគីកងទ័ពនិងរដ្ឋាភិបាលយោធាបានទេ ដោយរំលឹកប្រដូចទៅនឹងស្ថានភាពប្រទេសកម្ពុជាអំឡុងពេលចរចាស្វែងរកដំណោះស្រាយនយោបាយពីអតីតកាលដែលចាំបាច់ត្រូវតែមានការជជែកជាមួយសម្តេចខណៈដែលក្រោយមកដំណោះស្រាយនយោបាយមួយបានចេញរួច។សូមរំលឹកថាដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧មករាកន្លងទៅគឺធ្វើឡើងបន្ទាប់ពីកម្ពុជាក្លាយជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ។ដំណើរទស្សនកិច្ចនេះបានរងការគាំទ្រផងនិងរិះគន់ផងថាជារបៀបរបបការទូតបែបប្រថុយប្រថានរួមនិងការជំទាស់ពីពលរដ្ឋមីយ៉ាន់ម៉ាផងដែរ។ជាការជំទាស់មិនចង់ឲ្យមានការទទួលស្គាល់របបសិកមីយ៉ាន់ម៉ាដែលកើតឡើងដោយការធ្វើរដ្ឋប្រហារផ្តួលរំលំ លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំស៊ីវិលដែលជាប់ឆ្នោតកាលពីឆ្នាំទៅ៕RFI