ការប​ង្កើតច្រក​ទ្វារអ៊ី​នធឺ​ណិ​តជាតិ​​ធ្វើឡើងដើ​ម្បីបង្កើនកា​​រប្រមូលចំណូ​លជាតិ

បន្ទាប់ពីមានការបកស្រាយពីអង្គការសង្គមស៊ីវិលសម្តែងក្តីបារម្ភជាខ្លាំងចំពោះសិទ្ធិឯកជនភាពជុំវិញការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិរបស់រដ្ឋាភិបាលនោះ។អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅថ្ងៃអង្គារនេះបានចេញមុខមកពន្យល់បកស្រាយជុំវិញការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិរបស់រដ្ឋាភិបាល។ តាមរយៈ​សេចក្តីថ្លែងការណ៍របស់ខ្លួនអ្នកនាំពាក្យក្រសួងការបរទេស បានអះអាងថា ការបង្កើតច្រក​ទ្វារអ៊ី​នធឺណិតជាតិ​នេះធ្វើឡើងដើម្បីបង្កើនកា​រប្រមូលចំណូលជាតិហើយមិនមែនប្រមូលទិន្នន័យអ្នកប្រើប្រាស់ ឬរឹតត្បិតសេរីភាពបញ្ចេញមតិអ្វីនោះទេ។ការ​អះអាង​នេះបានធ្វើឡើងអ្នកនាំពាក្យក្រសួងការបរទេសបានកត់សម្គាល់ឃើញការបន្តបកស្រាយខុស ជាពិសេសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនអំពីគោលបំណងនៃការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនៅកម្ពុជាបើទោះបីជាមានការពន្យល់និងបំភ្លឺម្តងហើយម្តងទៀតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាក៏ដោយ។ នេះគឺប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាទាក់ទិននឹងការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសបានអះអាងថា ច្រកទ្វារអ៊ីនធឺណែតជាតិនេះ មានគោលបំណងសម្របសម្រួលនិងគ្រប់គ្រងការតភ្ជាប់អ៊ីនធឺណិតពង្រឹងសន្តិសុខជាតិនិងការប្រមូលពន្ធ។ ហើយលើសពីនេះគឺសម្រាប់ទប់ស្កាត់បទល្មើសតាមប្រព័ន្ធអ៊ីនធឺណែតជាដើម។រីឯបញ្ហាព្រួយបារម្ភអំពីការប្រមូលទិន្នន័យអ្នកប្រើប្រាស់ឬរឹតបន្តឹងសេរីភាពក្នុងការបញ្ចេញមតិនោះ អ្នកនាំពាក្យក្រសួងការបរទេស លើកឡើងថាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ ត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សម្តែងក្តីបារម្ភជាខ្លាំងចំពោះសិទ្ធិឯកជនភាព។ ក្រុមអង្គការនៅក្នុងស្រុកបានតស៊ូមតិជាមួយរដ្ឋាភិបាល។រីឯក្រុមអ្នកជំនាញនៃការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិវិញ បានបញ្ចេញកង្វល់ខ្លួនតាមរយៈសេចក្តីប្រកាសព័ត៌មាន កាលពីដើមខែកុម្ភៈ។
សម្រាប់ក្រុមអ្នកជំនាញគិតថាច្រកទ្វារអ៊ីនធឺណិតជាតិនឹងផ្តល់អំណាច​កាន់តែពេញដៃដល់រដ្ឋាភិបាល ចូលឃ្លាំមើលគេហទំព័រនានាដែលពលរដ្ឋបានចូលទៅហើយព្រមទាំងអាចផ្តល់សិទ្ធិដល់អាជ្ញាធរអាចបិទការចូលទៅអ៊ីនធឺណិតតាមតែអំពើចិត្តទៀតផង។ម៉្លោះហើយក្រុមអ្នកជំនាញការអន្តរជាតិស្នើឲ្យរដ្ឋាភិបាលផ្អាកការអនុម័តច្រកទ្វារអ៊ីនធឺណិតជាបណ្តោះអាសន្នសិនហើយពិភាក្សាជាមួយក្រុមអ្នកជំនាញ ដើម្បីធានាថា មិនប៉ះពាល់ដល់សិទ្ធិមនុស្ស។ទោះយ៉ាងណាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបន្តរក្សាជំហរដ្ឋាភិបាលដោយអះអាងថា ការបង្កើតច្រកទ្វារអ៊ីនធឺណិតនេះ ធ្វើឡើងដោយតម្លាភាព និងបានពិភាក្សាជាមួយអ្នកជំនាញពាក់ព័ន្ធជាច្រើនលើកច្រើនសារ។លើសពីនេះរដ្ឋាភិបាលក៏តែងតែគោរពនូវសិទ្ធិឯកជនភាព និងសេរីភាពបញ្ចេញមតិដែលស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា។សន្ធិសញ្ញាស្តីពីសិទ្ធិ មនុស្សអន្តរជាតិដែលបានផ្តល់សច្ចាប័នរួច ក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីទូរគមនាគមន៍៕សហការី

រូបភាពសហការី