ឯកឧត្ត​មវេង សាខុនបានដឹ​កនាំកិច្ចប្រជុំ​ចង្អៀត

នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នាវេលាម៉ោង ៨:៣០នាទីព្រឹក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំចង្អៀតមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម នៃការងារកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងឆ្នាំកន្លងមក និងទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីក្រសួងបានបញ្ចប់កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំនៃអគ្គនាយកដ្ឋានទាំង៥ ក្រោមឱវាទក្រសួង ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តនិងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម។ជាពិសេសបានចូលរួមយ៉ាងខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាលនៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដើម្បីរួមចំណែកធានានូវការវិលត្រឡប់ឱ្យបានឆាប់រហ័សទៅរកប្រក្រតីភាពថ្មីនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ។ សម្រាប់វិស័យកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំឈ្មុសឈ្មុលរួមគ្នាធ្វើទំនើបកម្ម វិស័យកសិកម្មកម្ពុជា ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ឲ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដើម្បីប្រែក្លាយវិស័យកសិកម្មពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើធនធានដែលមានស្រាប់ ឈានទៅរកដំណាក់កាលថ្មីដែលផ្តោតលើប្រពលវប្បកម្ម ដោយគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើប និងការអភិវឌ្ឍយន្តូបនីយកម្ម ដើម្បីលើកកម្ពស់ផលិតភាព ពិពិធកម្មដំណាំដែលមានសក្តានុពល និងទីផ្សារ រួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈពាណិជ្ជកម្ម ធានាឲ្យបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ បង្កើនការងារនៅមូលដ្ឋាន បង្កើនប្រាក់ចំណូលក្នុងគ្រួសារ សំដៅធានាឲ្យបាននូវបរិមាណផ្គត់ផ្គង់កសិផលប្រកបដោយគុណភាព និងសុវត្ថិភាព ស្របតាមស្តង់ដារតម្រូវការរបស់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទីផ្សារអន្តរជាតិ ដើម្បីធ្វើការនាំចេញ និងការកាត់បន្ថយការនាំចូល។
នៅក្នុងឆ្នាំ២០២១នេះ ការងារអនុវិស័យកសិកម្ម អនុវិស័យផលិតកម្មសត្វ និងអនុវិស័យកៅស៊ូ មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់។ជាពិសេសការនាំចេញផលិតផលទាំងនោះទៅក្រៅប្រទេសបើប្រៀបធៀបទៅនឹងឆ្នាំមុន រីឯអនុវិស័យជលផលមានការធ្លាក់ចុះបន្តិច។ ជាមួយនឹងវឌ្ឍនភាពដូចបានលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងអំពី បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តជូនដល់ថ្នាក់ដឹកនាំទទួលបន្ទុកតាមអង្គភាពនីមួយៗ និងបានធ្វើការណែនាំឲ្យជួយផ្សព្វផ្សាយ តាមដានជាប្រចាំ ឆ្លើយតបឱ្យបានទាន់ពេលវេលានូវបញ្ហាប្រឈមដែលបានកើតឡើងតាមអនុវិស័យនីមួយៗក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ដោយឡែកក្រុមការងាររាជរដ្ឋាភិបាលដែលចុះអនុវត្តនៅតាមស្រុកនីមួយៗក៏ត្រូវចូលរួមដោះស្រាយជាប្រចាំផងដែរ ដោយមិនមើលរំលងអំពីការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក៏ដូចជាគោលនយោ-បាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ និងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មផងដែរដោយប្រើប្រាស់កម្លាំងយុវជនឱ្យអស់លទ្ធភាពដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាកសិករ។កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕សហការី