សម្ដេច​​ហ៊ុនសែ​​ន​៖​អ្នក​​វិភា​គ​​ស្ទើរភ្លើង​ខ្លះគួរ​សិ​ក្សាឱ្យច្បា​ស់បើគណប​ក្សប្រជាជ​ន​បោះបង់​ចោល​៧​មករា​មានន័យថា​​គ​ណ​ប​ក្សប្រជា​​ជ​ន​អត់​បា​​ន​ធ្វើអ្វី​កា​​ល​​ពី​អ​តី​​តកា​ល

សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថាគ្មានពេលណាដែលគណបក្សប្រជាជននិងប្រជាជនកម្ពុជា ដែលបានរស់រានមានជីវិតដោយសារ៧មករាបំភ្លេចថ្ងៃ៧មករានោះទេ។បើទោះបីជាត្រូវធ្វើ​សង្គ្រាមដើម្បីការពារ៧មករាក៏ហ៊ានធ្វើដែរ។ការថ្លែងរបស់សម្តេចហ៊ុនសែនក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់​ចំណុចប្រសព្វស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាបនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។សម្ដេចហ៊ុន សែនមានប្រសាសន៍ថាក្នុងពេល​ដែលឆ្នាំ២០២០និងឆ្នាំ២០២១ គណបក្សប្រជាជនកម្ពុជាមិនបានប្រារព្ធពិធីបុណ្យថ្ងៃរំដោះ៧មករានោះមានគេវិភាគថាគណបក្សប្រជាជនកម្ពុជាហាក់ដូចជាបាននិងកំពុងដកខ្លួនថយចេញពីឥទ្ធិពលរបស់វៀតណាម។សម្ដេចបានបញ្ជាក់ទៅអស់លោកបណ្ឌិត​ទាំង​ឡាយដែលធ្វើការវិភាគរបៀបនេះថា«គ្មានពេលណាដែលគណបក្សប្រជាជននិង​ប្រជាជនកម្ពុជា ដែលបានរស់រានមានជីវិតដោយសារ៧មករាបំភ្លេចថ្ងៃ៧មករានោះទេអ្នកត្រូវចាំត្រង់កន្លែងហ្នឹង!»។ សម្ដេចបញ្ជាក់ថា«បើទោះបីជាត្រូវធ្វើសង្គ្រាមដើម្បី​ការ​ពារ៧មករាក៏ហ៊ានធ្វើដែរ»។ ប៉ុន្តែគណបក្សប្រជាជនមានការចាំបាច់ដើម្បី​បញ្ជូន​សារទៅកាន់ជនរួមជាតិរបស់ខ្លួនថាសម័យកូវីដ១៩ ត្រូវតែមានការប្រុងប្រយ័ត្នសូម្បីតែ​បុណ្យ​ដែលមានចុះក្នុងប្រតិទិននៃការឈប់សម្រាកក៏គណបក្សប្រជាជនមានការ​ប្រយ័ត្ន​ប្រយែងក្នុងការធ្វើ ដើម្បីកុំឱ្យគណបក្សប្រជាជនក្លាយទៅជាចំណុចផ្ទុះនៃកូវីដ១៩។
សម្ដេចលើកឡើងថារឿង៧មករាទោះបីជាវៀតណាម​មក​ជួយ។ ក៏ប៉ុន្តែជាជីវិតរបស់ប្រជាជនកម្ពុជា។ សូមផ្ដាំត្រឡប់ទៅវិញឱ្យយល់ឱ្យភ្លឺភ្នែក។ ៧មករាគឺជាក្បាលរបស់យើងទាំងអស់គ្នាក្បាលមនុស្សខ្មែរទាំងអស់គ្នា ទោះបីអ្នក​ឯង​មិនស្គាល់ជារឿងរបស់អ្នកឯង។ក៏ប៉ុន្តែគ្មានពេលណាដែលគណបក្សប្រជាជន​បោះបង់​ចោល៧មករាទេ។ តែគណបក្សប្រជាជនមានការចាំបាច់ ដើម្បីបញ្ជូនសារនៃការប្រុង​ប្រយ័ត្ន​សម្រាប់ការរៀបចំពិធីនានា។ គ្មានពេលណាមួយដែលគណបក្សប្រ​ជាជនបោះ​បង់ចោលនូវអ្វីដែលជាសមិទ្ធផលចម្បងរបស់ខ្លួនទេ។សម្ដេចថ្លែងទៀតថា “អ្នក​វិភាគ​ស្ទើរភ្លើងខ្លះគួរត្រូវបានសិក្សាឱ្យច្បាស់ហើយបើគណបក្សប្រជាជន​បោះបង់ចោល​៧មករា មានន័យថាគណបក្សប្រជាជនអត់បានធ្វើអ្វីកាលពីអតីតកាល។ អីចឹងគេគិតថាមិនធ្វើបុណ្យ៧មករា គឺគណបក្សប្រជាជនហាក់ដូចជាបានដកថយចេញពីឥទ្ធិពល​របស់​វៀតណាម។ រឿងនេះវៀតណាមពិតជាបានមកជួយកម្ពុជា។ប៉ុន្តែវាជាផលប្រយោជន៍របស់​ប្រជាជនកម្ពុជាទេតើ។ នេះខ្ញុំគ្រាន់តែបកស្រាយត្រឡប់ទៅវិញ”។នៅថ្ងៃនេះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដោយក្តីមោទភាពចំពោះកំណើននៃការដើរកម្សាន្តរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងរយៈពេលចុងក្រោយនេះជាពិសេសពេលដែលកូវីដ-១៩មានកាធូរស្រាលនោះ និងក្រោយពេលដែលប្រជាពលរដ្ឋកម្ពុជាយើងបានចាក់វ៉ាក់សាំងកូវីដ-១៩បានច្រើននោះ។ សម្តេចតេជោបានមានប្រសាន៍ថាមានកត្តាសំខាន់ៗចំនួន៤ដែលបង្កលក្ខណៈសម្រាប់ពលរដ្ឋអាចធ្វើដំណើរកម្សាន្តគ្រប់ទិសទីបាន ដែល កត្តាទាំង៤នោះរួមមាន៖ ទី១ កត្តា សន្តិភាព បើគ្មានសន្តិភាពទេប្រជាពលរដ្ឋគ្មានឱកាសដើរលេងកម្សាន្តគ្រប់ទីកកន្លែងនោះទេ , ទី២ កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជា មានផ្លូវ មានស្ពាន ស្ទើគ្រប់ទីកន្លែង ដែលបានតភ្ជាប់ពីកន្លែងមួយទៅកន្លែងមួយ ជាបន្តបន្ទាប់ បើមិនមានការតភ្ជាប់ផ្លូវ និងស្ពានទេ គឺយើងមិនអាចឱ្យពលរដ្ឋធ្វើដំណើរកម្សាន្តពីតំបន់មួយ ទៅតំបន់មួយទៀតនោះទេ , ទី៣ គឺកត្តាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនកើនឡើង ទាំងមធ្យោបាយដឹកជញ្ជូនរបស់រដ្ឋ និងឯកជន ជាពិសេសមធ្យោបាយដឹកជញ្ជូនឯកជននេះគឺប្រជាពលរដ្ឋមានទាំងរថយន្ត មានទាំងម៉ូតូ ដែលមានការកើនឡើងជាបន្តបន្ទាប់ផងដែរ ,និងទី៤ កត្តាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ មានន័យថា បើប្រជាពលរដ្ឋមិនមានប្រាក់ទេ ពួកគាត់មិនអាចធ្វើដំណើរកម្សាន្តបានឡើយ៕ពុតសាម៉ាត់