នៅកម្ពុជា៣ខែចុងឆ្នាំ២​០២១វិស័យ​​ការងារ​អ្ន​ក​កាសែតមិនសូ​វ​ជា​ភ្លឺប៉ុន្មា​ន​ទេ

វិទ្យុបារាំងបានចេញផ្សាយថាតាម​ការ​កត់​សម្គាល់ជាទូទៅរបស់​សម្ព័ន្ធអ្នក​សារព័ត៌មាន​កម្ពុជាហៅ​កាត់​ថា​ជា​អង់គ្លេស​ថាCamboJa ក្នុងវិស័យ​ការងារ​អ្ន​កកាសែតមិនសូវ​ជា​ភ្លឺប៉ុន្មាន​ទេនាត្រីមាស​ចុងឆ្នាំ២០២១។ខេមបូចាផ្សាយ​របាយការណ៍កម្រាស់​ជាង​១០ទំព័រ ស្តីពី ស្ថានភាព​វិស័យ​សារព័ត៌មា​ន​នៅស្រុកខ្មែរ ដែល​បាន​គូស​បង្ហាញ​ពី​ការ​នៅតែបន្ត​មាន​ករណី​រំលោភ​បំពាន​សិទ្ធសេរីភាព​សារព័ត៌​មាន​និង​​បញ្ចេញមតិហើយ​ក៏មាន​ដែរ ការ​មិន​យល់គ្នា​រវាង​អាជ្ញាធរនិង​អ្នក​កាសែត​។
ខែតុលា ឆ្នាំ២០២១ តុលាការ​ខេត្តព្រះវិហារ កាត់ទោស​អ្ន​កសារព័ត៌មាន​ ៨ នាក់ ដាក់ឃុំ​ក្រោយ​ចម្រឹង​ដែក​ជុំវិញ​ពាក្យ​ប្តឹង​របស់​ម្ចាស់​ឃ្លាំងឈើ​ធំ​មួយ​ នៅ​ព្រះវិហារ។ ពួកអ្នក​កាសែត​ជាប់​ចោទ​ទាំងនេះ អាច​ប្រឈម​មុខ​នឹង​ជាប់​ពន្ធនាគារ​ ចំនួន​យ៉ាងហោច​២ឆ្នាំ។​នៅ​ខែ​វិច្ឆិកា ឆ្នាំចាស់​ រឿង​ធំ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ខ្លាំង គឺការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​២​នាក់ នៅ​ខេត្ត​កំពត​ ​ ព្រោះតែ​​សំណុំរឿង​ជម្លោះ​ដីធ្លី។ អ្នក​សារព័ត៌មាន​​ទាំង​ពីរ​ ​ផ្សាយ​ផ្ទាល់​ នៅ​មុខ​សាលា​ខេត្ត​កំពត​ នៅពេល​​មាន​ការ​តវ៉ា​រឿង​ដីធ្លី ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​និង​ចោទ​ប្រកាន់​ពី«​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បរិហារបង្កាច់​កេរ្តិ៍»។ នាពេល​កន្លងទៅ​ ករណី​នេះ សូម្បីតែ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ក៏​ហួស​ចិត្ត​ដែរ។ បើ​តាម​លោក ខៀវ កាញ្ញារីទ្ធ ការ​ចាប់​ខ្លួន​អ្ន​កកាសែត​នេះ មិនត្រូវទេ ហើយ​បទចោទ​​ក៏​សមដែរ។ ចំពោះរដ្ឋមន្ត្រី​ព័ត៌មាន, ការ​ចោទ​ប្រកាន់​នោះ គួរត្រឹម​ថារំខាន​ការងារ​អាជ្ញាធរ។​
ខែធ្នូ ២០២១​ នៅភ្នំពេញ​វិញសាលាដំបូង​រាជធានី បាន​ចោទប្រកាន់​អ្នក​កាសែត​២​រូប ពីបទ​ជំរិត​ទារប្រាក់​។ ផ្អែក​តាម​​​ក្រម​ព្រហ្មទណ្ឌ ប្រសិន​​បើ​ សាលា​ជម្រះក្តី រកឃើញ​ថា​ អ្នក​សារព័ត៌មាន​ទាំងពីរនេះ​ ពិត​ជា​មានពិរុទ្ធពិតមែន​ គឺពួកគេ​អាច​ប្រឈម​មុ​ខ​នឹងជាប់ឃុំ​ក្រោយ​ចម្រឹង​ដែក រហូត​ដល់​៥ឆ្នាំ។
ទោះ​ជា​យ៉ាង​នេះ​ក្តី សម្រាប់​ដើមឆ្នាំ២០២២នេះ​ មាន​រឿង​ល្អមួយ​ដែរ ចំពោះ​អ្នក​កាសែត នោះគឺ​តុលាការ​ឧទ្ធរណ៍​ខេត្ត​ត្បូង​ឃ្មុំ បាន​សម្រេច​ទម្លាក់​បទចោទប្រកាន់​​ប្រឆាំង​នឹង​អតីត​អ្នក​កាសែត​ ឌី មេខបូឌា ដេលី គឺ ​លោក Zsombor Peter និង​​លោក អូន ភាព។ លោក អូន ភាព ដែល​សព្វ​ថ្ងៃ​រត់​ភៀសខ្លួន​ទៅ​សហរដ្ឋអាមេរិក។​ សំណុំរឿង​នេះ អូសបន្លាយ​តាំងពី​ឆ្នាំ​២០១៧។ ​​ចំណែក​កាសែត​ ឌី មេខបូឌា ដេលី ត្រូវ​បង្ខំ​ចិត្ត​បិទទ្វារព្រោះតែ​ការ​សើរើ​រឿងពន្ធដារ ពីសំណាក់​រដ្ឋអំណាច។នៅ​ក្នុង​របាយការណ៍ ប្រមាណ១០ទំព័រ​ របស់​សម្ព័ន្ធអ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ជា​អង់គ្លេស​ថា CamboJa បានលើកឡើងពី​ការ​រំលោភបំពាន​សិទ្ធិសេរីភាព​សារ​ព័ត៌មាន ​ក្នុង​ត្រីមាស​ចុង​ឆ្នាំ​មុន​ ហើយ​ ក៏មានដែរ ស្តីពី ការ​តាមដាន​ពីករណីផ្សាយ​ព័ត៌មាន​ក្លែងក្លាយ, ការ​អនុវត្ត​ខុសឆ្គង​នឹង​វិជ្ជាជីវៈ ហើយ​និង​​ការសម្តែងក្តីបារម្ភ​ពីភាព​​មិនយល់គ្នា រវាងអាជ្ញាធរនិង​អ្ន​កកាសែត​ ទៅលើលំហ​​សេរីភាព​សារព័ត៌មាន​។ ចុង​ឆ្នាំ​ទៅមិញ ចំពោះ​អ្នក​កាសែត​ស្រីវិញ ក៏មា​នករណីបៀតបៀន​​បំពារបំពាន​រាងកាយនិងផ្លូវ​ភេទ​ដែរ​។​
ជុំវិញ​កិច្ចការ​អ្នកសារព័ត៌មាន​​ដែរ តែនៅ​ក្រៅស្រុក ខេមបូចា បាន​រំឮកពីរបាយការណ៍​របស់​អន្តរជាតិ ដែល​ឲ្យដឹង​ថា មាន​អ្ន​កកាសែត​៤៥នាក់​ស្លាប់ ​ហើយ​ជាង​៣៦០នាក់ ត្រូវ​បន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ នៅលើពិភពលោក ក្នុងនៅឆ្នាំ​២០២១ ​៕​RFI

រូបសហការី