កូ​រ៉េខាងជើងអា​ចនឹងបន្តបាញ់មី​ស៊ីលផ្លោង

កូរ៉េខាងត្បូងនិងជប៉ុនបាននិយាយថាកូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចនៅព្រឹកនេះដែលសង្ស័យថាជាមីស៊ីលផ្លោងឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតនៃឧបទ្វីប។អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS)បានប្រកាសថាកាំជ្រួចមីស៊ីលនេះត្រូវបានកូរ៉េខាងជើងបាញ់កាលពីព្រឹកព្រលឹមថ្ងៃទី៣០ខែមករា ។ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការសាកល្បងនោះទេ។ឆ្មាំសមុទ្រជប៉ុនបាននិយាយថា វាអាចជាមីស៊ីលផ្លោងដែលត្រូវបានបាញ់ចូលទៅក្នុងសមុទ្រ។កម្លាំង​នេះ​បាន​ព្រមាន​កប៉ាល់​កុំ​ឲ្យ​ចូល​ជិត​តំបន់​ដែល​កាំជ្រួច​ធ្លាក់។ កូរ៉េ​ខាង​ជើង​មិន​ទាន់​បាន​ធ្វើ​ការ​ប្រកាស​អំពី​ការ​ធ្វើ​តេស្ត​នេះ​នៅ​ឡើយ​ទេ។នេះជាការសាកល្បងអាវុធលើកទីប្រាំពីររបស់កូរ៉េខាងជើងក្នុងខែមករាតែមួយ។ ប្រទេសនេះធ្លាប់បានបាញ់មីស៊ីលលឿនជាងសំឡេងមីស៊ីលផ្លោងដែលមានមូលដ្ឋានលើរថភ្លើង មីស៊ីលផ្លោងយុទ្ធសាស្ត្រ។ពេលវេលាចុងក្រោយដែលកូរ៉េខាងជើងបង្កើនការសាកល្បងអាវុធក្នុងរយៈពេលមួយខែគឺនៅឆ្នាំ២០១៩បន្ទាប់ពីការចរចាររវាងមេដឹកនាំKim Jong-unនិងប្រធានាធិបតីអាមេរិកលោកDonald Trump បានឈានដល់ការជាប់គាំង។ក្នុងអំឡុងពេលកិច្ចប្រជុំនៃការិយាល័យនយោបាយនៃគណបក្សពលករកូរ៉េកាលពីថ្ងៃទី១៩ខែមករា មេដឹកនាំKim Jong-unបានប្រកាសពង្រឹងសមត្ថភាពការពាររបស់កូរ៉េខាងជើង និងពិចារណា “ចាប់ផ្តើមឡើងវិញនូវសកម្មភាពដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន” ដើម្បីដោះស្រាយជាមួយស្ថានភាពរបស់សហរដ្ឋអាមេរិកដោយសំអាងថា នៅលទ្ធភាពនៃការបន្តការសាកល្បងនុយក្លេអ៊ែរនិងមីស៊ីលរយៈចម្ងាយឆ្ងាយ។ការបាញ់សាកល្បងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងបានកើតឡើងនៅពេលដែលប្រទេសចិនរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាក្នុងខែកុម្ភៈហើយកូរ៉េខាងត្បូងរៀបចំការបោះឆ្នោតប្រធានាធិបតីក្នុងខែមីនា។ចំណាត់ការរបស់កូរ៉េខាងជើងត្រូវបានគេនិយាយថានឹងបង្ហាញថាខ្លួននឹងមិននៅស្ងៀមមុនការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងឬបង្ហាញរូបភាពនៃភាពទន់ខ្សោយនៅពេលដែលចិនបញ្ជូនជំនួយឆ្លងកាត់ព្រំដែន៕យោងតាមAFP

កាំជ្រួច​ផ្លោង​យុទ្ធសាស្ត្រ​របស់​កូរ៉េ​ខាង​ជើង​បាន​បន្សល់​ទុក​ពី​ការ​បាញ់​សាកល្បង​នៅ​ថ្ងៃ​ទី១៧ ខែ​មករា។ រូបថត៖KCNA។