សម្តេ​ចក្រឡាហោម​ស ខេង​ណែនាំឱ្យមន្ត្រីជំនាញយកចិត្តទុកដាក់ទប់ស្កាត់លើ​​បទល្មើស​បច្ចេកវិទ្យា​និងប​ន្តការ​រឹតបន្តឹងច្បាប់ចរា​ចរណ៍

សម្តេចក្រឡាហោម បានមានប្រសាសន៍លើកឡើងថា បទល្មើសបច្ចេកវិទ្យាដែលជាបទល្មើសថ្មី ជាក្តីកង្វល់ដែលកំពុងកើតមានឡើងដូចជាការHack លួចឯកសារនៅធនាគារ ការលួចឯកសារនៅស្ថាប័នរដ្ឋ ឬករណីបំភ្លៃនូវសារ ឬបទបញ្ជាណាមួយរបស់ថ្នាក់ដឹកនាំជាដើម។ សម្តេចក្រឡាហោមសខេងណែនាំបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្តចំនួន១៩គ្រឿង ជូនវរសេនាតូចការពារព្រំដែនប្រចាំភូមិភាគទី១ទី២ និងទី៣ នាបរិវេណទីស្តីការអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។សម្តេចក្រឡាហោម បានបញ្ជាក់ថា បទល្មើសបច្ចេកវិទ្យា ជាបទល្មើសមិនប្រពៃណី ដោយសម្តេចក្រឡាហោម បានពន្យល់យ៉ាងច្បាស់ថា វាជាករណីបទល្មើសថ្មីមួយ ខុសពីបទល្មើសប្រពៃណី ដែលធ្លាប់កើតមានពីមុនមកមានដូចជា ករណីចោរលួច ចោរឆក់ ប្លន់ និងគ្រឿងញៀនជាដើម។ ហេតុដូច្នេះត្រូវដឹកនាំមន្ត្រីនគរបាលជំនាញ និងលើកទឹកចិត្ត ដើម្បីខិតខំរកវិធីគ្រប់បែបយ៉ាងទប់ស្កាត់បទល្មើសនេះព្រោះវាក៏ជាគ្រោះថ្នាក់មួយផងដែរ។
ក្រៅពីនេះ សម្តេចក្រឡាហោម ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយទៀតផងដែរ គឺបញ្ហាចរាចរណ៍ សម្តេចក្រឡាហោម បានលើកឡើងថា បើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំកន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឱ្យកោតសរសើរ តែដោយឡែកមួយរយៈចុងក្រោយនេះ បើតាមរបាយការណ៍គឺមានការកើនឡើងជាលំដាប់ បន្ទាប់ពីមានការបើកប្រទេសឡើងវិញ។
ឆ្លៀតក្នុងឱកាសនេះសម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិដែលប្រើប្រាស់ផ្លូវថ្នល់ ជាម្ចាស់យានយន្តគ្រប់ប្រភេទ សូមលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ថែមទៀត ទន្ទឹមនឹងនេះសម្តេចក្រឡាហោម ក៏ស្នើដល់មន្ត្រីនគរបាលជាតិត្រូវយកចិត្តទុកដាក់បន្តការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានកាន់តែល្អប្រសើរ កុំមានការធ្វេសប្រហែសឡើយ៕
ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា