ប្រមុ​ខរាជរដ្ឋាភិ​បាលកម្ពុជាអនុញ្ញាតឱ្យអ្នកជំងឺកូវីដប្រភេទអូមីក្រុង​អា​ចព្យាបាល​តាម​ទីតាំ​ងដែល​ខ្លួនចង់ព្យាបា​​ល

តាមរយៈសារជាសំឡេងផ្ញើជូនជនរួមជាតិនៅយប់ថ្ងៃទី២១ ខែមករាឆ្នាំ២០២២នេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុន សែនបានចេញបញ្ជាអនុវត្តឱ្យ អ្នកជំងឺកូវីដ១៩ ប្រភេទដែលតា អាល់ហ្វានិងជាពិសេសអូមីក្រុងអាចព្យាបាលនៅតាមផ្ទះ សណ្ឋាគារឬទីតាំងដែលខ្លួនត្រូវការ។សម្តេចហ៊ុនសែនបានមានប្រសាសន៍ថាបន្ទាប់ពីការតាមដានមួយរយៈអំពីការវិវត្តន៍នៃមេរោគបំប្លែងថ្មីអូមីក្រុងដែលសម្តេចបានបញ្ជាដាច់ខាតឱ្យអ្នកដែលកើតជំងឺបំប្លែងថ្មីអូមីក្រុងចាំបាច់ត្រូវតែចូលព្យាបាលក្នុងមន្ទីរពេទ្យនោះឥឡូវនេះបានពិនិត្យឃើញថា អូមីក្រុងទោះបីវាចម្លងលឿន។ក៏ប៉ុន្តែវាមិនមែនជាជំងឺប្រភេទ ដ៏គ្រោះថ្នាក់នោះទេបើប្រៀបធៀបជាមួយនឹងដែលតាប្រៀបធៀបជាមួយអាល់ហ្វាដែលបានអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ នៅតាមសណ្ឋាគារ និងនៅតាមទីកន្លែងដែលម្នាក់ៗប៉ងនោះ។ សម្តេចបន្តថា អូមីក្រុងគឺមានសភាពស្រាលជាង យោងទៅលើសភាពការណ៍នេះសម្តេចសូមចេញបទបញ្ជាទៅក្រសួងសុខាភិបាលទៅអាជ្ញាធរពាក់ព័ន្ធដើម្បីអនុវត្តដូចជា ទី១៖សម្រាប់ជនបរទេសទាំងអស់ដែលចូលមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលដែល ពិនិត្យឃើញថារកឃើញកូវីដ១៩វិជ្ជមានបើទោះបីជាអូមីក្រុងឬមិនអូមីក្រុងក៏សូមអនុញ្ញាតឱ្យព្យាបាលតាមសណ្ឋាគារ ស្ថានទូតឬនៅតាមកន្លែងដែលពួកគាត់ជ្រើសរើស ។ ទី២៖ទាក់ទងនឹងពលរដ្ឋខ្មែរដែលពិនិត្យឃើញថា ប្រភេទអូមីក្រុងក៏អនុញ្ញាតឱ្យទៅព្យាបាលនៅតាមផ្ទះ កន្លែងសមរម្យ ដូចជំងឺដែលតានិងអាល់ហ្វាដូចគ្នា ក្នុងករណីដែលផ្ទះមិនអាចព្យាបាលបានចាំមកមន្ទីរពេទ្យរបស់រដ្ឋ ។ ទី៣៖ចំពោះអ្នកជំងឺអូមីក្រុងដែលកំពុងស្ថិតក្នុងមន្ទីរពេទ្យបច្ចុប្បន្ននេះជាបរទេសឬក៏ជាជនជាតិកម្ពុជា បើចង់ចាកចេញពីមន្ទីរពេទ្យ ព្យាបាលនៅ តាមផ្ទះ ឬនៅតាមសណ្ឋាគារក៏សូមអនុញ្ញាតឱ្យចេញចាប់ពីយប់នេះតទៅ ។ សម្ដេចបញ្ជាក់ថា«បទបញ្ជានេះត្រូវអនុវត្តពីពេលដែលខ្ញុំចេញបទបញ្ជានេះទៅ។សូមឱ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសក្នុងវិស័យសុខាភិបាល មន្ទីរពេទ្យ ក្រុមគ្រួសារក៏ដូចជាសាមីខ្លួន ចង់ចាកចេញពីមន្ទីរពេទ្យក៏ចាកចេញទៅចុះ។ ជារួមបទបញ្ជាទាំង៣នេះត្រូវចាប់ផ្តើមអនុវត្តភ្លាមចាប់ពីពេលដែលខ្ញុំចេញបទបញ្ជានេះ សូមឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ធ្វើទំនាក់ទំនងដើម្បីចេញបែបបទបន្ថែមការណែនាំបន្ថែមទៅលើវិស័យពាក់ព័ន្ធជាមួយផ្នែកសុខាភិបាលទៅលើកិច្ចការងារទាំងឡាយ ដើម្បីចៀសវាងការចម្លង»។សម្តេចបញ្ជាក់ថាការព្យាបាលនៅផ្ទះមិនមែនមានន័យថាអនុញ្ញាតឱ្យធ្វើដំណើរ ដើរលេងតាមចិត្តនោះទេគឺគ្រាន់តែផ្ទេរពីមន្ទីរពេទ្យទៅព្យាបាលតាមសណ្ឋាគារឬព្យាបាលនៅតាមផ្ទះឬព្យាបាលនៅកន្លែងក្រៅពីមន្ទីរពេទ្យតែប៉ុណ្ណោះ។ សម្ដេចក៏បានអរគុណជាមួយនិងការយកចិត្តទុកដាក់តាមដានក្នុងរយៈពេលកន្លងទៅ និងការវាយតម្លៃដ៏ល្អរបស់យើងហើយសង្ឃឹមថាមិត្តភក្ដិដែលអញ្ជើញមកពីបរទេសនឹងមិនមានការព្រួយបារម្ភបន្ទាប់ពីបានទទួលព័ត៌មាននេះ។រហូតដល់ថ្ងៃទី២២មករា២០២២​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន៤៤នាក់​(ឆ្លងសហគមន៍១៦​នាំចូល២៨​នាក់)និងមានជាសះស្បើយ​១៥នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​១២១០០០នាក់​​​​​​​​​​​​​​និងចំនួនជាសះស្បើយសរុប​កើន១១៧១៩៥នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​០នាក់​(មិនបានចាក់វ៉ាក់សាំង​០នាក់)​សរុប​ស្លាប់៣០១៥នាក់ ។សូមបន្តអនុវត្តន៍៣កុំ​ ៣ការពារ​និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​៕