អាមេ​រិកប្រកាស​ថាខ្លួនមិ​នមានអរិភាពជា​​មួយកូរ៉េខា​​ងជើង​ទេ​គឺត្រៀមខ្លួ​នជួបដោ​យគ្មានល​​ក្ខខ​ណ្ឌ

បេសកជនពិសេសអាមេរិករូបនេះទទូចថាទីក្រុងវ៉ាស៊ីនតោនមិនមានចេតនាអរិភាពចំពោះកូរ៉េខាងជើងទេ។ទោះបីមានការសង្ស័យពីទីក្រុងព្យុងយ៉ាងក៏ដោយ។លោកSungKimបេសកជនពិសេសអាមេរិកប្រចាំកូរ៉េខាងជើងបាននិយាយអំឡុងកិច្ចប្រជុំជាមួយសមភាគីកូរ៉េខាងត្បូងលោកNoh Kyu-duk នៅក្នុងកិច្ចប្រជុំនេះថាយើងនឹងស្វែងរកមធ្យោបាយការទូតជាមួយកូរ៉េខាងជើងដើម្បីធ្វើឱ្យមានការរីកចម្រើនជាក់ស្តែងដើម្បីពង្រឹងសន្តិសុខរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់យើង។
លោកSung Kimបានប្រាប់អ្នកយកព័ត៌មានថា“យើងគ្មានចេតនាអរិភាពចំពោះកូរ៉េខាងជើងទេហើយយើងសង្ឃឹមថានឹងអាចជួបពួកគេដោយគ្មានលក្ខខណ្ឌ”។ទោះយ៉ាងណាប្រេសិតអាមេរិកបានបន្ថែមថាសម្ព័ន្ធមិត្តមាន“ ការទទួលខុសត្រូវក្នុងការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ” ដោយសំដៅលើទណ្ឌកម្មដែលកូរ៉េខាងជើងកំពុងចង់ដកចេញ។លោកបានមានប្រសាសន៍ថា“ យើងត្រៀមខ្លួនដើម្បីធ្វើការជាមួយកូរ៉េខាងជើងដើម្បីដោះស្រាយបញ្ហាមនុស្សធម៌។សហរដ្ឋអាមេរិកគាំទ្រការផ្តល់ជំនួយមនុស្សធម៌ស្របតាមស្តង់ដារអន្តរជាតិនៃការទទួលបាននិងការឃ្លាំមើលដើម្បីជនងាយរងគ្រោះ។លោកSungKimត្រូវបានគេរំពឹងថានឹងជួបសមភាគីកូរ៉េខាងត្បូងនិងជប៉ុនរបស់លោកនៅទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍នេះ។មន្រ្តីមកពីប្រទេសទាំង៣នឹងពិភាក្សាអំពីកូរ៉េខាងជើង។គួរបញ្ជាក់ផងដែរថានៅសប្តាហ៍នេះប្រេសិតពិសេសអាមេរិកត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងដើម្បីពិភាក្សាពីវិធានការដើម្បីចាប់ផ្តើមការសន្ទនាឡើងវិញជាមួយកូរ៉េខាងជើងរួមទាំងការប្រកាសបញ្ចប់សង្គ្រាមកូរ៉េផងដែរ។ប្រទេសកូរ៉េខាងជើងនិងខាងត្បូងនៅតែស្ថិតក្នុងស្ថានភាពសង្រ្គាមនៅឡើយខណៈប្រទេសទាំង២មិនទាន់បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពបន្ទាប់ពីសង្គ្រាមឆ្នាំ១៩៥០-១៩៥៣ ។ប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae-inកាលពីខែមុនបានស្នើបញ្ចប់សង្គ្រាមជាមួយកូរ៉េខាងជើងជាមធ្យោបាយនាំទីក្រុងព្យុងយ៉ាងវិលត្រឡប់មកតុចរចានិងបន្តការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។យ៉ាងណាក៏ដោយទីក្រុងព្យុងយ៉ាងនៅតែប្រុងប្រយ័ត្ន!ចំពោះសំណើនេះ។ថ្លែងនៅក្នុងពិធីតាំងពិព័រណ៍រំលឹកខួបលើកទី៧៦នៃការបង្កើតគណបក្សពលករកូរ៉េនៅថ្ងៃទី១១ខែតុលាលោក Kim Jong-unបានរិះគន់អាមេរិកនិងកូរ៉េខាងត្បូងចំពោះការធ្វើសមយុទ្ធយោធារួមគ្នា។លោក Kim Jong-unបាននិយាយថាអាមេរិកគឺជាឬសគល់នៃអស្ថិរភាពទាំងអស់។ យោងតាមមេដឹកនាំកូរ៉េខាងជើងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោកJoeBidenបានបញ្ជាក់ម្តងហើយម្តងទៀតថាខ្លួនគ្មានចេតនាអរិភាពចំពោះទីក្រុងព្យុងយ៉ាងទេ។ប៉ុន្តែលោកKimបាននិយាយថាលោកពិតជាចង់ដឹងខ្លាំងណាស់ថាតើមានអ្នកណាឬប្រទេសណាជឿលើវាពិតប្រាកដ។មេដឹកនាំកូរ៉េខាងជើងរូបនេះក៏បានចោទកូរ៉េខាងត្បូងថា“លាក់ពុត”ក្នុងការបន្តពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ប៉ុន្តែថែមទាំងនិយាយអំពី“ សន្តិភាពកិច្ចសហប្រតិបត្តិការនិងវិបុលភាព” ។ លោក Kim Jong-unបាននិយាយថាកូរ៉េខាងជើងនឹងឆ្លើយតបដោយ“សកម្មភាពខ្លាំង” ប្រសិនបើកូរ៉េខាងត្បូងនៅតែបន្ត“ រំលោភសិទ្ធិរបស់ទីក្រុងព្យុងយ៉ាងក្នុងការការពារខ្លួន”។កាលពីខែមុនកូរ៉េខាងជើងបានបាញ់សាកល្បងអាវុធជាបន្តបន្ទាប់រួមមានមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយមីស៊ីលល្បឿនលឿនដំបូងរបស់ខ្លួននិងមីស៊ីលការពារអាកាសថ្មី។នៅថ្ងៃដដែលនោះកូរ៉េខាងជើងបានរិះគន់ប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae-inព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងចេញពីរទេះភ្លើងក្នុងរូងភ្នំមួយ៕យោងតាមAFP, Yonhap


បេសកជនពិសេសអាមេរិកប្រចាំប្រទេសកូរ៉េខាងជើងSung Kim(រូបថត៖Reuters)