ប្រទេសបារាំ​ងអនុម័តលិ​ខិតឆ្លង​ដែនវ៉ា​ក់សាំង

រដ្ឋសភាបារាំងកាលពីថ្ងៃទី១៦ខែមករាបានអនុម័តវិធានការចុងក្រោយរបស់រដ្ឋាភិបាលដើម្បីដោះស្រាយជាមួយCovid-19 រួមទាំងបទប្បញ្ញត្តិលិខិតឆ្លងដែនវ៉ាក់សាំងដ៏ចម្រូងចម្រាស់ផងដែរ។ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​សភា​តំណាង​រាស្រ្ត​បារាំង​ដោយ​សំឡេង​គាំទ្រ​២១៥​សំឡេង​និង​៥៨​ប្រឆាំង។ បទប្បញ្ញត្តិនេះ ធ្លាប់ត្រូវបានគណបក្សប្រឆាំងជំទាស់យ៉ាងខ្លាំងដែលបាននិយាយថាភាគច្រើននៃពួកគេតឹងតែងពេក ដោយតម្រូវឱ្យមនុស្សទាំងអស់ត្រូវមានវិញ្ញាបនបត្រទទួលថ្នាំបង្ការឬលិខិតឆ្លងដែនវ៉ាក់សាំង ដើម្បីចូលទៅកន្លែងសាធារណៈ ដូចជាភោជនីយដ្ឋាន ហាងកាហ្វេ រោងកុនជាដើម។ បច្ចុប្បន្ននេះ អ្នកដែលមិនបានទទួលថ្នាំបង្ការអាចចូលទៅក្នុងទីតាំងទាំងនេះ ប្រសិនបើពួកគេមានលទ្ធផលតេស្ត Covid-19 អវិជ្ជមានថ្មីៗនេះ។ រហូតមកដល់បច្ចុប្បន្ន ប្រជាជនបារាំងជិត៧៨% បានចាក់ថ្នាំបង្ការយ៉ាងពេញលេញ។នេះបើយោងតាមក្រសួងសុខាភិបាល។ប្រធានាធិបតី Emmanuel Macron ដែលកំពុងឈរឈ្មោះសម្រាប់អាណត្តិទី២នៅក្នុងការបោះឆ្នោតក្នុងខែមេសាបានប្រាប់កាសែត LeParisienថាលោកចង់”ខឹងសម្បារ”អ្នកដែលមិនបានចាក់ថ្នាំបង្ការដោយធ្វើឱ្យជីវិតរបស់ពួកគេស្មុគស្មាញដល់ម្ល៉ឹងហើយពួកគេនឹងត្រូវចាក់វ៉ាក់សាំង។អ្នកតវ៉ាប្រឆាំងការចាក់វ៉ាក់សាំងរាប់ពាន់នាក់បានតវ៉ានៅទីក្រុងប៉ារីសនិងទីក្រុងមួយចំនួនទៀតកាលពីថ្ងៃទី ១៥ខែមករា ប្រឆាំងនឹងច្បាប់នេះ។ប៉ុន្តែចំនួនអ្នកចូលរួមបានធ្លាក់ចុះចាប់តាំងពីសប្តាហ៍មុន បន្ទាប់ពីការកត់សម្គាល់របស់លោក Macron ។ប្រទេសបារាំងកំពុងប្រឈមមុខនឹងរលក Covid-19 ទី៥ដោយចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃកើនឡើងដល់ជាង៣០០,០០០នាក់ជាប្រចាំ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនករណីធ្ងន់ធ្ងរដែលតម្រូវឱ្យមានការថែទាំយ៉ាងយកចិត្តទុកដាក់គឺទាបជាងការផ្ទុះឡើងដំបូងក្នុងខែមីនា និងខែមេសា ឆ្នាំ២០២០៕យោងតាមReuters

មនុស្សតម្រង់ជួរដើម្បីធ្វើតេស្តរក Covid-19 នៅខាងក្រៅឱសថស្ថានក្នុងទីក្រុងប៉ារីសនៅថ្ងៃទី៧ខែមករា។ រូបថត៖Reuters។