សម្តេច​អគ្គមហាព​ញាចក្រីហេង សំរិនបានអំពាវនាវដល់ជ​នរួម​ជាតិ​ទំាងអស់​​ទៅ​ចាក់​វ៉ាក់សំាង​ដូសជំរុញ​ទី៤

សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សានៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២នេះ និងសមាជិកសមាជិការដ្ឋសភា ព្រមទាំងសហព័ទ្ធ បានអញ្ជើញមកទទួល​ការ​ចាក់វ៉ាក់សាំងកូវីដ-១៩ (Pfizer) ដូសទី៤ នៅវិមានរដ្ឋសភា ដែលរៀបចំឡើងដោយ​ក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។ក្នុងឱកាសនោះដែរ សម្តេចប្រធានបានអំពាវនាវដល់ជនរួមជាតិទំាងអស់ ទៅ​ចាក់វ៉ាក់សំាងដូសជំរុញឱ្យបានគ្រប់ៗគ្នានិងបន្តអនុវត្តវិធានការសុខាភិបាលឱ្យបាន​ខ្ជាប់​ខ្ជួន​ដើម្បីការពារជំងឺកូវីដ-១៩ ពិសេសទប់ស្កាត់វីរុសបំប្លែងថ្មី អូមីក្រុង កុំឱ្យឆ្លងរីករាល​ដាលក្នុងសង្គមជាតិ។សម្តេចពញាចក្រីបានមានប្រសាសន៍បន្ថែមថា ទោះបីបងប្អូនជន​រួមជាតិបានចាក់វ៉ាក់សំាងដូសជំរុញលើកទី៣ និងលើកទី៤ហើយយ៉ាងណាក្តី សូមបន្ត​អនុវត្តន៍វិធានការសុខាភិបាល “៣ការពារ ៣កុំ” ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ទើបអាចទប់​ស្កាត់កុំឱ្យជំងឺកូវីដ-១៩នេះរីក រាលដាលនៅក្នុងសង្គមជាតិបានសារជាថ្មីបាន។
សម្ដេចប្រធានរដ្ឋសភាបានលើកឡើងថា ការផ្អាកសង្គមនិងសេដ្ឋកិច្ចរបស់​សកល​លោក ក៏ដូចជាប្រទេសកម្ពុជានាពេលកន្លងមក ពិតជាបានបង្កការលំបាកទំាងក្នុង​ការ​រស់នៅ និងជីវភាព។ សម្តេចប្រធានបានគូសបញ្ជាក់ថា ដើម្បីចៀសផុតពីការលំបាក​ទំាងនោះម្តងទៀត សូមជនរួមជាតិចូលរួមចាក់វ៉ាក់សំាង និងអនុវត្តន៍​វិធានការសុខាភិ​បាល​ឱ្យបានហ្មត់ចត់ និងគ្រប់ៗគ្នា មិនត្រូវធ្វេសប្រហែសឡើយ។ មានតែការចូលរួមរបស់បង​ប្អូនជន​ជាតិគ្រប់គ្នាប៉ុណ្ណោះទើបគ្រួសារយើង សង្គមជាតិយើង អាចឈ្នះនឹងជំងឺកូវីដ-១៩បាន។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរចំពោះ​រាជរដ្ឋា​ភិបាល ដែលបានខិតខំប្រឹងប្រែងការពារអាយុជីវិតប្រជាពលរដ្ឋយើងពីជំងឺដ៏​កាចសា​ហាវ​នេះ ជាពិសេសការអនុវត្តគោលនយោបាយវ៉ាក់សំាង បានយ៉ាងជោគជ័យ រហូតអាច​ឈានដល់ការបើកសង្គមនិងសេដ្ឋកិច្ចបានឡើងវិញនៅពេលនេះ។ សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណចំពោះបណ្តាប្រទេសជាមិត្ត អង្គការដៃគូអភិវឌ្ឍន៍ទំាងឡាយដែល​បានផ្តល់ជំនួយជាថវិកា វ៉ាក់សំាង និងឧបករណ៍វេជ្ជសាស្រ្តដល់កម្ពុជា ក្នុងការទប់ស្កាត់ ការ​ពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩បានរហូតមក៕សហការី