កូរ៉េខា​ងជើង​បាញ់​មី​ស៊ី​ល​​ជា​លើក​ទី​៣​ក្នុង​រ​យៈពេល​​១០​ថ្ងៃ​

កូរ៉េខាងជើងបានបាញ់បង្ហោះនូវអ្វីដែលគេសង្ស័យថាជាមីស៊ីលផ្លោងដែលជាការសាកល្បងលើកទី៣របស់ខ្លួនក្នុងរយៈពេល១០ថ្ងៃចំពេលមានការរិះគន់ទីក្រុងព្យុងយ៉ាងដោយទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តរបស់ខ្លួន។អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃនេះថា”កូរ៉េខាងជើងបានបាញ់បង្ហោះក្បាលគ្រាប់មិនស្គាល់អត្តសញ្ញាណទៅទិសខាងកើត” ។ឆ្មាំឆ្នេរសមុទ្រជប៉ុនបានកំណត់ថាវាជាមីស៊ីលផ្លោង ហើយបាននិយាយថាវាបានធ្លាក់មកដែនដី។កូរ៉េខាងត្បូងនិងជប៉ុនមិនបានបញ្ចេញព័ត៌មានលម្អិតអំពីមីស៊ីលដូចជាទីតាំងបាញ់បង្ហោះរយៈចម្ងាយនិងទីតាំងរបស់វានោះទេ។កូរ៉េ​ខាង​ជើង​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​នេះ​ទេ។នេះ​ជា​ការ​សាកល្បង​កាំជ្រួច​លើក​ទី​៣​របស់​កូរ៉េ​ខាងជើង​ក្នុង​រយៈពេល​១០​ថ្ងៃ​បន្ទាប់​ពី​ការ​សាកល្បង​ក្បាល​គ្រាប់​លឿន​ជាង​សំឡេង​ពីរ​លើក​កាលពី​ថ្ងៃ​ទី​៥ មករានិង​ថ្ងៃ​ទី​១១ ខែមករា ។ សកម្មភាពនេះតំណាងឱ្យការទាមទាររបស់មេដឹកនាំកូរ៉េខាងជើងលោកKim Jong-unដែលក្នុងនោះលោកបានជំរុញឱ្យយោធាពង្រឹងសមត្ថភាពយោធារបស់ខ្លួនបន្ថែមទៀត នៅពេលដែលលោកបានចូលរួមសន្និសីទនៃគណបក្សពលករកូរ៉េកាលពីដើមខែនេះ។បន្ទាប់ពីប្រតិបត្តិការនេះមេដឹកនាំកូរ៉េខាងជើងបានអំពាវនាវដល់អ្នកវិទ្យាសាស្ត្រយោធាឱ្យ “បង្កើនល្បឿនបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរនៃការកសាងកម្លាំងយោធាជាយុទ្ធសាស្ត្ររបស់ប្រទេសពង្រឹងទំនើបកម្មយោធា”ហើយក្នុងពេលជាមួយគ្នានោះបានសង្កត់ធ្ងន់លើសារសំខាន់នៃមីស៊ីលដែល”ពង្រឹងការរារាំង” ។ក្រុមអ្នកសង្កេតការណ៍បាននិយាយថាការបាញ់កាំជ្រួចល្បឿនលឿនជាងសំឡេងរយៈពេលខ្លីជាប់ៗគ្នាគឺជានិមិត្តសញ្ញានៃជំហានឆ្ពោះទៅមុខដ៏ធំមួយនៅក្នុងកម្មវិធីសាកល្បងអាវុធរបស់ទីក្រុងព្យុងយ៉ាង។ អស់រយៈពេលជាង២ឆ្នាំមកនេះ លោក Kim Jong-un បានផ្តោតលើការបង្កើតកាំជ្រួចជាបន្តបន្ទាប់ សំដៅវាយលុកតំបន់ការពាររបស់សត្រូវដោយពន្លត់នូវចេតនាណាមួយនៃការវាយប្រហារទុកជាមុនលើកូរ៉េខាងជើង។មកទល់ពេលនេះ ប្រទេសកូរ៉េខាងជើងបានច្រានចោលសំណើរបស់ប្រធានាធិបតីអាមេរិក Joe Bidenសម្រាប់កិច្ចពិភាក្សាដោយធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបនេះបន្តជាប់គាំង។ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក Victoria Nuland បាននិយាយកាលពីថ្ងៃទី១១ខែមករាថា ការសាកល្បងមីស៊ីលលឿនជាងសំឡេងរបស់កូរ៉េខាងជើង “ធ្វើឱ្យទំនាក់ទំនងក្នុងទិសដៅខុស” ។មួយថ្ងៃក្រោយមកសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មកូរ៉េខាងជើងជាលើកដំបូងចាប់តាំងពីលោក Bidenឡើងកាន់អំណាចដោយបានកំណត់គោលដៅលើជនជាតិកូរ៉េខាងជើងចំនួន៦នាក់នៅក្នុងប្រទេសរុស្ស៊ីនិងចិនម្នាក់ជនជាតិរុស្ស៊ីនិងអាជីវកម្មចិនដែលទីក្រុងវ៉ាស៊ីនតោនសង្ស័យថាជាអ្នកទទួលខុសត្រូវលើការទិញឧបករណ៍សម្រាប់កម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង៕យោងតាមYonhap

កាំជ្រួច​ដឹក​ក្បាល​គ្រាប់​លឿន​ជាង​សំឡេង​ក្នុង​រូបថត​ដែល​កូរ៉េ​ខាង​ជើង​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ៥ ខែ​មករា។ រូបថត៖ KCNA។