ភា​ពចលាចល​នៅកាហ្សាក់ស្ថាន​”ឈឺក្បាល​”របស់Putin

ការវិវឌ្ឍន៍ថ្មីនៃភាពតានតឹងក្នុងប្រទេសកាហ្សាក់ស្ថានអាចរំខានដល់ប្រធានាធិបតីរុស្ស៊ីលោកPutinនៅពេលដែលលោកកំពុងផ្តោតលើការដោះស្រាយភាពតានតឹងជាមួយលោកខាងលិចជុំវិញអ៊ុយក្រែន។រលកនៃការតវ៉ាដែលកើតឡើងនៅក្នុងប្រទេសកាហ្សាក់ស្ថានអាចត្រូវបានគេចាត់ទុកថាមិនធ្លាប់មានក្នុងរយៈពេលជាង ៣០ឆ្នាំ។ភាពចលាចលបានរីករាលដាលយ៉ាងឆាប់រហ័សដោយបង្ខំឱ្យរដ្ឋាភិបាលកាហ្សាក់ស្ថានប្រកាសភាពអាសន្ននិងសុំឱ្យក្រុមចម្រុះដឹកនាំដោយរុស្សីជួយក្នុងការធ្វើឱ្យស្ថានការណ៍មានស្ថិរភាព។ខណៈដែលអ្នកមានស្តុកស្តម្ភនៅកាហ្សាក់ស្ថានបានប្រញាប់ប្រញាល់ឡើងយន្តហោះរបស់ពួកគេដើម្បីគេចចេញពីភាពចលាចលក្នុងស្រុកក្រុមអ្នកតវ៉ាបានបន្តដុតអគាររដ្ឋាភិបាលនៅក្នុងទីក្រុងធំៗ។ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​បាតុករ និង​កង​កម្លាំង​សន្តិសុខ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់១៣នាក់​ស្លាប់។ក្រុមអ្នកសង្កេតការណ៍បាននិយាយថាឫសគល់នៃភាពចលាចលនាពេលបច្ចុប្បន្ននេះ គឺជាបំណងប្រាថ្នារបស់ប្រជាជនកាហ្សាក់ស្ថានដើម្បីបញ្ចប់ឥទ្ធិពលរបស់អតីតប្រធានាធិបតី Nursultan Nazarbayevដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីនិងបានកាន់អំណាចរួចហើយនៅក្នុងប្រទេសដែលសម្បូរធនធាននេះអស់រយៈពេល៣ទសវត្សរ៍។ ទោះបីជាលោក Nazarbayev បានផ្ទេរអំណាចទៅឱ្យប្រធានាធិបតី Kassym-Jomart Tokaev ក្នុងឆ្នាំ ២០១៩ក៏ដោយ ក៏លោកនៅតែមានឥទ្ធិពលយ៉ាងខ្លាំងលើនយោបាយក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ។ភាពសោកសៅដ៏ក្ដៅគគុកបានផ្ទុះឡើងនៅពេលដែលជីវិតសេដ្ឋកិច្ចនិងសង្គមត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតហើយការសម្រេចចិត្តថ្មីៗរបស់រដ្ឋាភិបាលកាហ្សាក់ស្ថានក្នុងការដំឡើងថ្លៃប្រេងឥន្ធនៈអាចចាត់ទុកថាជា”ចំបើងចុងក្រោយ” ។ ដើម្បី​បញ្ចៀស​ស្ថានការណ៍លោក​ប្រធានាធិបតី Tokaev បាន​ចុះ​ហត្ថលេខា​លើ​ការ​សម្រេច​ចិត្ត​បណ្តេញ​លោក Nazarbayev ។ប៉ុន្តែ​នោះ​មិន​បាន​ជួយ​កែលម្អ​ស្ថានការណ៍​ឡើយ។កាសែត The Daily Beast បាននិយាយថា ស្ថានភាពអស្ថិរភាពក្នុងប្រទេសកាហ្សាក់ស្ថាននាពេលបច្ចុប្បន្នគឺជា”សុបិន្តអាក្រក់” ថ្មីមួយសម្រាប់ប្រទេសរុស្ស៊ី។ទីក្រុងម៉ូស្គូបានចាត់ទុកកាហ្សាក់ស្ថានជាប្រទេសសេដ្ឋកិច្ចធំជាងគេនៅអាស៊ីកណ្តាលជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដ៏សំខាន់។កាហ្សាក់ស្ថានក៏ជាសមាជិកនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដែលដឹកនាំដោយរុស្ស៊ី។ប្រទេសនេះមានប្រជាជន ១៨ លាននាក់ជាជនជាតិរុស្ស៊ី ២០% ។ លើសពីនេះ រុស្ស៊ី និងកាហ្សាក់ស្ថាន មានព្រំដែនរួមគ្នាជាង៧.៦០០ គីឡូម៉ែត្រ ដែលជាព្រំដែនដីជាប់គ្នាវែងបំផុតមួយក្នុងពិភពលោក។សម្រាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinអស្ថិរភាពនៅព្រំដែនភាគខាងត្បូងរបស់ប្រទេសគឺជាបញ្ហាដ៏លំបាក ជាពិសេសក្នុងបរិបទដែលរុស្ស៊ីកំពុងផ្តោតលើការដោះស្រាយភាពតានតឹងជាមួយលោកខាងលិចជុំវិញអ៊ុយក្រែន។ប្រការ​នេះ​នឹង​ធ្វើ​ឲ្យ​លោកPutinមាន​ជំហរ​ក្នុង​ការ​ជ្រើសរើស​រវាង​ការ​ដោះស្រាយ​បញ្ហា​នៅ​ភាគ​ខាង​លិចបញ្ឈប់​ការ​គំរាម​កំហែង​នៅ​ភាគ​ខាង​ត្បូង។ កងរក្សាសន្តិភាពរុស្ស៊ីបានមកដល់កាហ្សាក់ស្ថានកាលពីថ្ងៃទី៦ខែមករាបន្ទាប់ពី CSTO បានទទួលយកការផ្តល់ជូនដើម្បីជួយដល់រដ្ឋាភិបាលកាហ្សាក់ស្ថានក្នុងការទប់ស្កាត់កុបកម្ម។ ទីក្រុងម៉ូស្គូសង្ឃឹមថាការដាក់ពង្រាយនេះនឹងធ្វើឱ្យស្ថានការណ៍នៅកាហ្សាក់ស្ថានមានស្ថិរភាពយ៉ាងឆាប់រហ័សដោយមិនប៉ះពាល់ដល់ទំហំកងកម្លាំងរបស់រុស្ស៊ីនៅតាមព្រំដែនជាមួយអ៊ុយក្រែនឡើយ។រុស្សីត្រូវបានគេជឿថាកំពុងបង្កើតកម្លាំងឥតឈប់ឈរនៅតាមព្រំដែនជាមួយអ៊ុយក្រែនដើម្បីទទួលបានឥទ្ធិពលនៅក្នុងការចរចាសន្តិសុខជាមួយលោកខាងលិចដោយដាក់សម្ពាធឱ្យអង្គការណាតូកាត់បន្ថយវត្តមានយោធារបស់ខ្លួននៅអឺរ៉ុបខាងកើត។ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​ផែនការ​នេះ​មិន​សម្រេច​ទេ លោក​ Vladimir Putin​នឹង​ស្ថិត​ក្នុង​ភាព​លំបាក។ វាស្ទើរតែមិនអាចទៅរួចទេក្នុងការផ្តោតលើកាហ្សាក់ស្ថាន និងអ៊ុយក្រែនក្នុងពេលតែមួយ។ទីក្រុងម៉ូស្គូប្រហែលជាត្រូវជ្រើសរើសកាត់បន្ថយទំហំនៃកងកម្លាំងរបស់ខ្លួននៅតាមព្រំដែនជាមួយអ៊ុយក្រែនដើម្បីផ្តោតលើស្ថិរភាពស្ថានភាពនៅក្នុងប្រទេសកាហ្សាក់ស្ថាន ដើម្បីពង្រឹងជំហររបស់រុស្ស៊ីនៅអាស៊ីកណ្តាល៕យោងតាមDaily Beast

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin